ភ្នំពេញ÷ការលើកកម្ពស់ការសិក្សាពេញមួយជីវិតនៅលើ សុវត្ថិភាពនិងសុខភាពការងារអាចជួយកម្មករនិយោជិត និងនិយោជកឱ្យស្វែងយល់ និងសម្របខ្លួនទៅនឹងហានិ ភ័យដែលកំពុងកើតមាន ក៏ដូចជាហានិភ័យទាក់ទងនឹងការងារជាប់លាប់ ដូច្នេះការកែលម្អសុវត្ថិភាព និងសុខ ភាពការងារពេញមួយជីវិតការងារ គឺជាការងារចាំបាច់។
នេះជាការលើកឡើងរបស់លោកចាប ឫទ្ធីរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលា ត្រីភាគីការរៀបចំផែនការមេលើកទី៣ ស្ដីពីសុវត្ថិភាពនិងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ រៀបចំធ្វើឡើងនៅសណ្ឋាគារសាន់វ៉េ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ។
លោករដ្ឋលេខាធិការ បញ្ជាក់ថា យោងតាមអង្គការអន្តរជាតិខាងការងារ (ILO) បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ មានកម្មករចំនួន ប្រមាណជា ៣ លាននាក់បានស្លាប់ដោយសារគ្រោះថ្នាក់ការងារ និងជំងឺទាក់ទងនឹងការងារ។ ហើយកម្មករនិយោជិតប្រហែល ៣៧៤ លាននាក់បន្ថែមទៀតទទួលរងពីគ្រោះថ្នាក់ការងារតែមិនមាន គ្រោះថ្នាក់ដល់ជីវិត។ ក្រៅពីការចំណាយខាងសេដ្ឋកិច្ច គឺមានការចំណាយដែលមិនអាចគណនាជាតួលេខ ដែលគេមិនបានទទួលស្គាល់ក្នុងការវាយតម្លៃទាំងនេះ ដែលបញ្ហាទាំងនេះ គឺបណ្តាលមកពីលក្ខខណ្ឌសុវត្ថិ ភាព និងសុខភាពការងារ។
បញ្ហានេះគឺជាសោកនាដកម្ម និងជាការគួរឱ្យសោកស្តាយ ព្រោះថាការស្រាវជ្រាវ និងការអនុវត្តជាច្រើនសតវត្សកន្លងមកនេះ បានបង្ហាញឱ្យឃើញថា ទុក្ខលំបាកនេះ ភាគច្រើន គឺអាចបង្ការបាន បើសិនជាយើងមានវិធានការច្បាស់លាស់។
លោក ចាប ឫទ្ធី ឱ្យដឹងថាដោយមានការគាំទ្រពីគម្រោង ILO/Japan OSH ការវាយតម្លៃពាក់កណ្តាលអាណត្តិ នៃការអនុវត្តផែនការមេលើកទី២ ស្តីពី OSH (២០១៨- ២០២២) ត្រូវបានអនុវត្តនៅខែសីហា ឆ្នាំ ២០១៩ នៅខេត្តមណ្ឌលគិរី។ ទន្ទឹមនឹងនេះ ចាប់ពីខែសីហា ឆ្នាំ ២០២២ គម្រោងបានជ្រើសរើសក្រុមទីប្រឹក្សា(ទីប្រឹក្សាអន្តរជាតិ និងទីប្រឹក្សាជាតិ) ដើម្បីចាប់ផ្តើមពិភាក្សាជា មួយនាយកដ្ឋានពេទ្យការងារ (DoSH) លើការអភិវឌ្ឍន៍ថ្មីនៃផែនការមេលើកទី ៣ ស្តីពី OSH សម្រាប់កម្ពុជា។ ចាប់តាំងពីពេលនោះមកមានការប្រជុំជាច្រើនលើកច្រើនសារ ដោយមានការគាំទ្របច្ចេកទេសពីទីប្រឹក្សារបស់ ILO នាយកដ្ឋានពេទ្យការងារ និងដៃគូត្រីភាគីពាក់ព័ន្ធទាំងអស់នៅក្នុងក្រុមប្រឹក្សាប្រឹក្សាគម្រោង (PAB) បូករួមទាំងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានចូលរួមផ្តល់យោបល់ក្នុងការបង្កើតផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារនេះ ។
ដើម្បីឈានឆ្ពោះទៅមុខក្នុងការបង្កើតផែនការមេលើកទី៣ ដោយមានការពិគ្រោះយោបល់ជាមួយគម្រោង និងទីប្រឹក្សារបស់ ILO នាយកដ្ឋានពេទ្យការងារ បានរៀបចំសិក្ខាសាលានេះឡើង ដែលមានរយៈពេលពីរថ្ងៃ គឺក្នុងគោលបំណងពិភាក្សាស៊ីជម្រៅជាមួយភាគីពាក់ព័ន្ធ (ជាមួយរដ្ឋាភិបាល និយោជក និយោជិត និងផ្នែកសេដ្ខកិច្ចម៉ាយក្រូ ខ្នាតតូច និងមធ្យម) ដើម្បីបង្កើតឱ្យបាន សកម្មភាពលម្អិត សម្រាប់គោលបំណងជាក់លាក់ និងយុទ្ធសាស្ត្រនីមួយៗនៃផែនការមេលើកទី ៣។
ភាគីពាក់ព័ន្ធនឹងរៀបចំសិក្ខាសាលាត្រីភាគីមួយទៀត ដែលនិងធ្វើឡើងនៅពេលខាងមុខ ដើម្បីធ្វើឱ្យមានសុគតភាព និងបញ្ជាក់ការបញ្ចប់ផែនការសកម្មភាពនេះ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣។ ហើយជាបន្តបន្ទាប់ ផែនការមេនេះ និងត្រូវបានពិគ្រោះយោបល់ជាមួយ គណៈកម្មការជាតិស្តីពីសុវត្ថិភាព និងសុខភាពការងារ និងធ្វើការបោះពុម្ព និងផ្សព្វផ្សាយអនុវត្ត៕