ខេត្តស្វាយរៀង៖ លោកណុប ចំរើន អភិបាលក្រុងស្វាយរៀងបានជំរុញដល់ក្មួយៗកីឡាករបាល់ទាត់ក្រុងស្វាយរៀងអាយុក្រោម១៥ឆ្នាំបន្ទាប់ពីលេងកីឡាហើយត្រូវបន្តខិតខំរៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ មិត្តល្អ និងជាពលរដ្ឋល្អ ជៀសឱ្យឆ្ងាយពីគ្រឿងញៀន ។
ការថ្លែងបែបនេះ របស់លោកអភិបាលក្រុងស្វាយរៀងធ្វើឡើងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣
ក្នុងពិធីជួបសំណេះសំណាលជាមួយប្អូនៗកីឡាករបាល់ទាត់ក្រុងស្វាយរៀង ហ្វឹកហាត់ត្រៀមចូលរួមការប្រកួតពានរង្វាន់បាល់ទាត់ស្វាយរៀងខាប់អាយុក្រោម១៥ឆ្នាំ លើកទី១។
ថ្លែងក្នុងឱកាសនោះដែរលោកអភិបាលក្រុងបានលើកឡើងថា បច្ចុប្បន្នវិស័យកីឡាមានការរីកចម្រើន ដែលបង្ហាញឱ្យឃើញថាស្រុកទេសមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ ជាមួយគ្នានេះលោកអភិបាលក្រុងបានណែនាំឱ្យក្មួយៗគួរយកពេលទំនេរក្រៅពីការសិក្សាហាត់កីឡា ដែលនាំមកនូវសុខភាព និងមិត្តភាព មិនគួរគប្បីយកពេលវេលាទៅប្រើប្រាស់គ្រឿងស្រវឹង សេពគ្រឿងញៀន បង្កើតក្រុមបងតូចបងធំ បង្កអសន្តិសុខដល់សង្គម ដែលនាំឱ្យខូចអនាគតខ្លួនឯង និងគ្រួសារនោះទេ។
លោកបានផ្តាំផ្ញើឱ្យក្មួយៗបន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ជាធនធានមនុស្សដ៏សំខាន់សម្រាប់ជាតិមាតុភូមិរបស់យើង និងសូមឱ្យបន្តអនុវត្តនូវវិធានការសុខាភិបាលដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាជំងឺឆ្លងផ្សេងៗទៀតផងដែរ៕ ដោយ៖សុថាន