លោក ឌិត ទីណា៖​ ណែនាំដល់កសិករផលិតម្រេច គួរពិនិត្យគុណភាពម្រេច នៅមន្ទីរពិសោធន៍ឱ្យត្រឹមត្រូវ មុនធ្វើការនាំចេញ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះទស្សនកិច្ច ក្រុមហ៊ុនផលិតម្រេចសរីរាង្គ SELA Pepper ស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ នៅថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣នេះ។

ជាក់ស្ដែង​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ នៅយប់ថ្ងៃ​សុក្រ​ទី​២៧​ ខែមករា​នេះ​ បានឱ្យដឹងថា​ តាមរយៈកម្មវិធីទស្សនកិច្ចនេះ លោករដ្ឋមន្ត្រី​ បានស្វែងយល់ពីខ្សែច្រវាក់នៃផលិតកម្មតាំងពីការសម្អាតរហូត ដល់ការវេចខ្ចប់ ព្រមទាំងស្តង់ដាអនាម័យ និងភូតគាមអនាម័យនៃម្រេចសរីរាង្គ។ 

សូមជម្រាបថា​ ម្រេចសរីរាង្គខ្មែរមានការពេញនិយមមានតម្រូវការខ្ពស់ និងទាមទារការផ្សព្វផ្សាយបន្ថែមឱ្យកាន់តែទូលំទូលាយដើម្បីនាំចេញ។

ក្នុងការជួបសំណេះសំណាលជាមួយសមាគមអ្នកដាំម្រេចសរីរាង្គ លោករដ្ឋមន្ត្រី​ ក៏បានលើកទឹកចិត្តកសិករឱ្យធ្វើការដាំម្រេចតាមលក្ខណៈបច្ចេកទេស ដើម្បីទទួលបានគុណភាពស្តង់ដាល្អដែលឆ្លើយតបនឹងតម្រូវការទីផ្សារ និងមានតម្លៃខ្ពស់។ លើសពីនេះទៀត ត្រូវធ្វើការពិនិត្យគុណភាពម្រេចនៅមន្ទីរពិសោធន៍ឱ្យបានត្រឹមត្រូវមុននឹងធ្វើការនាំចេញ។ 

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានស្នើឱ្យអគ្គនាយកដ្ឋានកសិកម្មសហការជាមួយមន្ទីរកសិកម្មខេត្តត្បូងឃ្មុំឱ្យយកចិត្តទុកដាក់ពន្យល់ ណែនាំ ដើម្បីឱ្យពួកគាត់អាចទទួលវិញ្ញាបនបត្រការអនុវត្តកសិកម្មល្អ GAP នាពេលខាងមុខនេះ។ 

គួរបញ្ជាក់ថា ក្រុមហ៊ុន Sela Pepper ទទួលបានវិញ្ញាបនបត្រស្តង់ដាសរីរាង្គពី Control Union CU 871246, USDA Organic, និង JAS Control Union Certifications។ ក្រុមហ៊ុនមានគោលដៅ នាំចេញម្រេច ទៅកាន់ប្រទេសគោលដៅជាច្រើនដូចជាតៃវ៉ាន់ សហរដ្ឋអាមេរិក អាឡឺម៉ង់ ប៉ូឡូញ និងប្រទេសមួយចំនួនទៀត នៅអាស៊ីផងដែរ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print