ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូscoopy ជ្រុលទៅបុកជាមួយរថយន្ត ព្រូស មួយគ្រឿងចំពីចំហៀងបណ្ដាលឱ្យអ្នកបើកម៉ូតូនោះរងរបួសដាច់ដៃម្ខាងចេញពីខ្លួន ចំណែករថយន្តព្យាយាមបើករត់ តែត្រូវបានបងប្អូនប្រជាពលរដ្ឋដេញឃាត់ជាប់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៣ នៅត្រង់ស្តុបណតប្រ៊ីត តាមបណ្ដោយផ្លូវ ២០០៤ កែងនឹងផ្លូវណតប្រ៊ីត ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដា scoopy មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GM-8222ធ្វើដំណើរតាមបណ្ដោយផ្លូវណតប្រ៊ីត ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចភ្លើងស្តុបបំបែកជាបួន កន្លែងកើតហេតុខាងលើ បានជ្រុលបុកជាមួយរថយន្ត តូយ៉ូតាព្រូស ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2AV-7590ដែលកំពុងធ្វើដំណើរតាមបណ្ដោយផ្លូវ ២០០៤ ក្នុងទិសដៅពីកើតទៅលិច ចំពីចំហៀងរថយន្តផ្នែកខាងឆ្វេងពេញទំហឹងបណ្ដាលឱ្យអ្នកបើកម៉ូតូនោះដាច់ដៃម្ខាងចេញពីខ្លួនរងរបួសធ្ងន់ធ្ងរ ។ ចំណែករថយន្តមិនបានឈប់នៅកន្លែងកើតហេតុនោះទេ បានព្យាយាមបើករត់រហូតមកដល់ចំណុចខាងលិចវត្តអង្កតាមិញ ទើបប្រជាពលរដ្ឋនាំគ្នាតាមឃាត់ជាប់។
ក្រោយកើតហេតុប្រជាពលរដ្ឋបានទំនាក់ទំនងទៅរថយន្តសាមុយមន្ទីរពេទ្យរដ្ឋ មកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូនិងរថយន្តសមត្ថកិច្ចជំនាញបានធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕ ដោយ៖សុខាសែនជ័យ