បង្ក្រាបបទល្មើសនេសាទឃាត់ខ្លួនមនុស្ស៣នាក់កំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង នៅស្រុកឆ្លូង ខេត្តក្រចេះ

ចែករំលែក៖

ខេត្តក្រចេះ៖ នៅល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ កម្លាំងរដ្ឋបាលជលផលមេគង្គ និងកម្លាំងផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានចុះបង្ក្រាបបទល្មើសនេសាទនៅតាមដងព្រែកឆ្លូង ស្ថិតក្នុងភូមិប្រមា ឃុំកំពង់ដំរីស្រុកឆ្លូងខេត្តក្រចេះដោយឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់។

ប្រតិបត្តិការបង្រ្គាបទល្មើសនេសាទ កម្លាំងចម្រុះបានដកហូតឧបករណ៍នេសាទ ឆក់ចំនួន១៣គ្រឿង អាគុយ12 v40A ចំនួន១៣គ្រឿង, កន្រ្តងដងត្រី ចំនួន៣គ្រឿង, ទ្រុងដាក់ត្រី ចំនួន៦គ្រឿង និងកន្រ្ទកដាក់ត្រី ចំនួន៥គ្រឿង។

ជនសង្ស័យទាំង៣នាក់ដែលត្រូវបានឃាត់ខ្លួន ទី១៖ឈ្មោះ ជៃ ឡី អាយុ៤២ឆ្នាំ រស់នៅភូមិស្រែសាមចាស់ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ, ទី២៖ឈ្មោះ យ៉េង ផល្លា អាយុ២៨ឆ្នាំ និងទី៣៖ឈ្មោះ បឿន ណាត់ អាយុ២៨ឆ្នាំ អ្នកទាំងពីររស់នៅ ភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។

គួរបញ្ជាក់ថា ក្រុមអ្នកឆក់ធ្វើសកម្មភាពទាំងហ្វូង ប៉ុន្តែនៅពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ពួកគេបោះឧបករណ៍ឆក់ចោលរត់យករួចខ្លួនតែម្ដង ហើយកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យបានតែចំនួន៣នាក់ប៉ុណ្ណោះ។ ជនសង្ស័យទាំង៣នាក់ និងវត្ថុតាងត្រូវនាំយកមកខណ្ឌរដ្ឋបាលជលផលក្រចេះ ដើម្បីចាត់ការតាមនីតិវិធី។

...

លោកមុ៉ក ពន្លក នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះបានផ្ដាំផ្ញើដល់ប្រជានេសាទកុំប្រព្រឹត្តនេសាទខុសច្បាប់ពីព្រោះក្រៅពីធ្វើឲ្យហិនហោចធនធានមច្ឆជាតិក៏នៅប្រឈមនឹងបញ្ហាទោសទណ្ឌដែលត្រូវជាប់ពន្ធនាគាររយៈពេលចាប់ពី៣ឆ្នាំដល់៥ឆ្នាំ។ លោកបានបន្ថែមថា អាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋានថ្នាក់ប៉ុស្តិ៍មេឃុំមេភូមិក៏ ដូចជាថ្នាក់ស្រុក ជាពិសេសប្រជាពលរដ្ឋផ្ទាល់ក៏ត្រូវចូលរួមចំណែកក្នុងការទប់ស្កាត់បទល្មើសក៏ដូចជាណែនាំប្រជាពលរដ្ឋក្នុងសហគមន៍កុំឲ្យប្រព្រឹត្តបទ ល្មើសនេសាទ៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print