ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅក្នុងប្រទេសបារាំងបានបញ្ជាក់ថា បណ្តាប្រទេសលោកខាងលិចបានផ្តល់រថក្រោះទំនើបៗ ដល់អ៊ុយក្រែន សរុប ជាង៣០០គ្រឿង ។ សារព័ត៌មាន CNN បានដកស្រង់សម្តីឯកអគ្គរដ្ឋទូតអ៊ុយក្រែនលោក Vadym Omelchenko ដែលបានបញ្ជាក់ថា «គិតត្រឹមថ្ងៃនេះ ប្រទេសជាច្រើនបានសម្រេចផ្តល់រថក្រោះ សរុប៣២១គ្រឿងដល់អ៊ុយក្រែន។
សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០២៣ បានផ្សាយថា លោក វ៉ាឌីម អូមែលសិនកូ (Vadym Omelchenko) ជាឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសបារាំងបានធ្វើការអះអាងបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ BFM នៅថ្ងៃសុក្រសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោក អូមែលសិនកូ បានគូសបញ្ជាក់ដូច្នេះថា « រថក្រោះធុនធ្ងន់ ៣២១គ្រឿងសម្រាប់អ៊ុយក្រែន ដោយមានកាលបរិច្ឆេទនៃការប្រគល់ខុសគ្នា ហើយយើងពិតជាត្រូវការជំនួយទាំងនេះឱ្យបានឆាប់តាមតែអាចធ្វើទៅបាន»។
លោក អូមែលសិនកូ មិនបានបញ្ជាក់លម្អិតថា តើប្រទេសនីមួយៗបានសន្យាផ្ដល់រថក្រោះប៉ុន្មានគ្រឿងនោះទេ ខណៈដែលបណ្ដាប្រទេសលោកខាងលិចជាច្រើន ដឹកនាំដោយសហរដ្ឋអាមេរិកនិងអាល្លឺម៉ង់ បានប្រកាសផ្ដល់រថក្រោះធុនធ្ងន់ឱ្យអ៊ុយក្រែនជាបន្តបន្ទាប់៕ ដោយធីរីណា
រូបថត : CAO