បាតុកម្មកើតឡើងនៅទូទាំងអាមេរិក ក្រោយពីកម្លាំងប៉ូលិស បង្ហាញវីដេអូ អនុញ្ញាតឱ្យប៉ូលិស Memphis ៥នាក់ វាយប្រហារទៅលើបុរសឈ្មោះ Tyre Nichols កាលពីថ្ងៃទី៧ខែមករា ។ បុរសរូបនោះក៏បានស្លាប់ក្រោយរងការវាយដំពីប៉ូលិស៣ថ្ងៃមក។
សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០២៣ បានផ្សាយថា អាជ្ញាធរអាមេរិកនៅក្នុងទីក្រុង Memphis នៃរដ្ឋ Tennessee បានបញ្ចេញវីដេអូដ៏រន្ធត់មួយដែលបង្ហាញពីសកម្មភាពរបស់អតីតមន្ត្រីប៉ូលិស៥នាក់វាយទាត់ធាក់ទៅលើបុរសស្បែកខ្មៅម្នាក់ឈ្មោះ Tyre Nichols មានអាយុ២៩ឆ្នាំ ឱ្យរងរបួសធ្ងន់រហូតដល់បាត់ជីវិតនៅឯមន្ទីរពេទ្យ។
នៅក្នុងវីដេអូមួយដែលចេញផ្សាយនៅលើគេហទំព័រ Vimeo អតីតមន្ត្រីប៉ូលិសទាំង៥នាក់ខាងលើ បានវាយទាត់ធាក់លោក Tyre Nichols រយៈពេលជាង ៣នាទី បើទោះជាយុវជនរូបនេះស្រែកហៅរកម្ដាយឱ្យជួយយ៉ាងណាក៏ដោយ។ លោក Nichols បានរងរបួសធ្ងន់ធ្ងរ និងបានបាត់បង់ជីវិតកាលពីថ្ងៃទី១០ ខែមករា នៅឯមន្ទីរពេទ្យ ពោលគឺ៣ថ្ងៃក្រោយត្រូវបានឃាត់ខ្លួន និងរងការវាយដុំពីសំណាក់ប៉ូលិសកាលពីថ្ងៃទី៧ ខែមករា។ ការស្លាប់របស់លោក Nichols ក៏បានបង្កឱ្យមានបាតុកម្មតវ៉ាផងដែរ ខណៈដែល ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបង្ហាញការតក់ស្លុតចំពោះវីដេអូនៃការប្រើហិង្សាដោយប៉ូលិស។
អំពើហិង្សានេះកើតឡើងដោយផ្ដើមចេញពីការចោទប្រកាន់ថាលោក Nichols ធ្វេសប្រហែសក្នុងការបើកបរ ប៉ុន្តែថ្នាក់ដឹកនាំមន្ត្រីប៉ូលិសក្នុងទីក្រុង Memphis បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន AP ថា គ្មានរូបភាពវីដេអូនៅកន្លែងកើតហេតុណាមួយបង្ហាញថាបុរសរូបនេះបើកបរមិនប្រុងប្រយ័ត្ននោះទេ។
ការបញ្ចេញវីដេអូខាងលើ នៅថ្ងៃសុក្រសប្ដាហ៍នេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីប៉ូលិស ៥នាក់ដែលត្រូវបានបណ្ដេញចេញពីតួនាទីនោះ ត្រូវបានចោទប្រកាន់ពី បទមនុស្សឃាតកម្រិតទី២ កាលពីថ្ងៃព្រហស្បតិ៍ ពាក់ព័ន្ធនឹងការស្លាប់របស់លោក Tyre Nichols។ បទមនុស្សឃាតកម្រិតទី២នេះ បើតាមច្បាប់នៅក្នុងរដ្ឋ Tennessee គឺអាចប្រឈមមុខនឹងជាប់ពន្ធនាគារពី១៥ឆ្នាំ ដល់ ៦០ឆ្នាំ៕ ដោយធីរីណា
រូបថត :VTC.VN