សម្ដេចក្រឡាហោម ស ខេង៖ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២២ បានតម្រូវឱ្យយើងធ្វើការត្រួតពិនិត្យឡើងវិញនូវចំណុចវិជ្ជមាន និងអវិជ្ជមាន ដើម្បីដកពិសោធន៍ និងដោះស្រាយបញ្ហាប្រឈម

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នាព្រឹកថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣នេះ​ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារងា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី​ អនុប្រធានអចិន្ដ្រៃយ៍ គ.ស.ច.គ, អគ្គលេខាធិការដ្ឋាន គ.ស.ច.គ, អគ្គស្នងការដ្ឋាននគរបាលជាតិ, អភិបាលរាជធានី-ខេត្ត, ស្នងការដ្ឋានរាជធានី-ខេត្ត, ព្រមជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងអ្នកចូលរួមប្រមាណ ១៩០នាក់ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។

នាឱកាសនោះ លោកស្រី​ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ បានធ្វើឡើងរបាយការណ៍សង្ខេប បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ជូន សម្ដេចក្រឡាហោម ស ខេង ប្រធាន គ.ស.ច.គ និងអង្គពិធីទាំងមូលថា ប្រតិបត្តិការត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ទទួលបានលទ្ធផលលេីការពិនិត្យយានយន្តសរុបចំនួន ១.១២១.១៣៦គ្រឿង ក្នុងនោះ ម៉ូតូចំនួន ៧៤% ហើយរកឃើញយានយន្ដល្មើស និងពិន័យចំនួន ១៤២.៨១៧គ្រឿង (១៤៣.០៥១ ករណី)។ លោកស្រី​ បានបន្ដថា ចំពោះគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ បានកើតឡើងចំនួន ២.៩៧៦លើក បណ្តាលឱ្យស្លាប់ចំនួន ១.៧០៩នាក់ និងរបួសចំនួន ៤.០២៦នាក់ (របួសធ្ងន់ ២.៥៧៩នាក់)។

ជាមួយគ្នានេះដែរ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិ៍ន្ដ្រៃយ៍ គ.ស.ច.គ បានសំណូមពរដល់អាជ្ញាធរដែនដី ត្រូវធ្វើការចុះត្រួតពិនិត្យយានដ្ឋានជួសជុលរថយន្ដខុសច្បាប់ ដើម្បីធ្វើយ៉ាងណាឱ្យយានដ្ឋានទាំងនោះមានច្បាប់ត្រឹមត្រូវ និងមានស្ដង់ដារ។ ក្នុងនោះដែរ លោកទេសរដ្ឋមន្ដ្រី លើកឡើងថា បច្ចុប្បន្ននេះមានរថយន្ដហួសសុពលភាព ត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) មាន ចំនួន ១៧ម៉ឺនគ្រឿង ដូច្នេះ ឯកឧត្តមបានអំពាវនាវដល់ម្ចាស់រថយន្ដ ត្រូវយករថយន្តរបស់ខ្លួន មកធ្វេីការត្រួតពិនិត្យ(ឆៀក )ឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការផាកពិន័យ។

ទន្ទឹមនេះដែរ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍កោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃ កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក មន្ត្រីសាធារណការ និងដឹកជញ្ជូន កងរាជអាវុធហត្ថ មន្ត្រីតុលាការ មន្ត្រីនៃក្រសួងព័ត៌មាន មន្ត្រីនៃស្ថាប័នពាក់ព័ន្ធនានា អ្នកសារព័ត៌មាន វិស័យឯកជន និងប្រជាពលរដ្ឋដែលបានខិតខំយ៉ាងសកម្មក្នុងការបំពេញកិច្ចការ សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងចូលរួមគោរពប្រតិបត្តិច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដែលនាំឱ្យការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២២ ទទួលបានលទ្ធផលជាផ្លែផ្កា សម្រេចបានតាមគោលនយោបាយសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់រាជរដ្ឋាភិបាល និងផែនការសកម្មភាពរបស់ គ.ស.ច.គ។

សម្ដេចក្រឡាហោម បន្ដថា ទោះជាយ៉ាងនេះ ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែមានហានិភ័យខ្ពស់ ជាងគ្រោះថ្នាក់សង្គមនានា ដែលបានសម្លាប់អាយុជីវិតប្រជាពលរដ្ឋរៀងរាល់ថ្ងៃ និងបានបន្សល់ទុកនូវសោកនាដកម្ម ជាច្រើនដល់ប្រជាពលរដ្ឋ ដូចជា៖ ការរងរបួស ពិការភាព និងការខាតបង់ទ្រព្យសម្បត្តិ ហើយក៏ជាឧបសគ្គធ្វើឱ្យរាំងស្ទះដល់ដំណើរការអនុវត្ត គោលនយោបាយកាត់បន្ថយភាពក្រីក្រផងដែរ។

សម្ដេចក្រឡាហោម បន្ថែមថា គ្រោះថ្នាក់ទាំងនេះបានបង្កដោយ អ្នកប្រើប្រាស់ផ្លូវមួយចំនួនដែលមិនគោរពប្រតិបត្តិច្បាប់ ខ្វះសីលធម៌ ខ្វះការយោគយល់ អាធ្យាស្រ័យ ហាក់បីដូចជាមិនស្រឡាញ់ជីវិតខ្លួនឯង ឬជីវិតអ្នកដទៃ។ សម្ដេចក្រឡាហោម បញ្ជាក់ថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២២ បានតម្រូវឱ្យយើង ធ្វើការត្រួតពិនិត្យឡើងវិញនូវចំណុចវិជ្ជមាន និងអវិជ្ជមាន ដើម្បីដកពិសោធន៍ និងដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា សំដៅកែលម្អ និងបង្កើនប្រសិទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៣។

...

ក្នុងន័យនេះ ដើម្បីទទួលជោគជ័យក្នុងការរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ប្រធាន គ.ស.ច.គ ក៏បានស្នើដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវបន្តជំរុញអនុវត្តឱ្យបានសម្រេចនូវទិសដៅដែលបានដាក់ចេញ និងប្ដេជ្ញាចិត្តដោះស្រាយបញ្ហាប្រឈមនានា សំដៅរួមគ្នាទប់ស្កាត់គ្រោះថ្នាក់ចរារចរណ៍នៅ ប្រទេសកម្ពុជា៕
ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print