កំពត៖ សពកុមារាពីរនាក់ត្រូវបានរកឃើញក្នុងព្រែកកំចាយ ដោយក្រុមអ្នកស៊ីឈ្មួលមុជទឹកបានចំណាយ ពេលមួយព្រឹកទើបតែរកឃើញ កាលពីវេលាថ្ងៃត្រង់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ក្រោយបាត់ពីផ្ទះអស់មួយយប់។ ហេតុការណ៍បានកើតឡើងនៅភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ។
មន្ត្រីនគរបាលប៉ុស្តិ៍កំពង់គ្រែងបានប្រាប់ឲ្យដឹងថា កុមារារងគ្រោះខាងលើ រួមមាន ១.ឈ្មោះ ឆក សម្បត្តិ អាយុ ៨ឆ្នាំនិង២. ឈ្មោះថន សុខគា អាយុ ៧ឆ្នាំ។ ទាំងពីរនាក់ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
ក្រុមគ្រួសារកុមាររងគ្រោះបានរៀបរាប់ថា កាលពីម៉ោងប្រហែល៥ល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ កុមារទាំងពីរនាក់បាននាំគ្នាជិះកង់ដើរលេងក្នុងភូមិ រហូតដល់យប់ក្រុមគ្រួសារតាមរកមិនឃើញ។ លុះព្រឹកថ្ងៃទី៣០ ខែមករា ក៏បន្តដើររកស្រាប់តែឃើញកង់ដែលកុមារទាំងពីរនាក់បានជិះដាក់ផ្អែកនៅនឹងដើមស្វាយ និងស្បែកជើងពីរគូនៅក្បែរព្រែកកំចាយក្នុងដីអ្នកភូមិមួយកន្លែង។
ប្រភពដដែល បានបន្តថា ព្រោះតែសង្ស័យជាករណីចុះលេង ហើយលង់ទឹក សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានបានខ្នះខ្នែងប្រមូលថវិកា រួចជួលអ្នកមុជទឹករាវរករហូតដល់ម៉ោង ១២ថ្ងៃត្រង់ក៏បានរកឃើញសពកុមារាទាំង២នាក់ ត្រង់ចំណុចសង្ស័យក្នុងព្រែកកំចាយនេះតែម្តង។
ផ្អែកតាមលទ្ធផលនៃការធ្វើកោសលវិច័យរបស់សមត្ថកិច្ចជំនាញគឺកុមារទាំងពីរនាក់បានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន៕