ភ្នំពេញ : គួរត្រូវបានចែករំលែក ចំណេះដឹង , ការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនវត្ថុគឺជានីតិវិធីដ៏សំខាន់ និងចាំបាច់បំផុត ក្នុងការទិញលក់អចលនទ្រព្យ។ ដូច្នេះ ទាំងអ្នកលក់ និងអ្នកទិញ ត្រូវយល់ដឹងទាក់ទងនឹងនីតិវិធី និងរបៀបនៃការផ្ទេរកម្មសិទ្ធិនេះ ដើម្បីជៀសវាងបញ្ហាប្រឈមក្នុងពេលទិញលក់អចលនវត្ថុ។
តើនីតិវិធីការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនវត្ថុដែលត្រឹមត្រូវស្របច្បាប់ ត្រូវធ្វើឡើងយ៉ាងដូចម្ដេច និងមានដំណាក់កាលអ្វីខ្លះ? តើការផ្ទេរកម្មសិទ្ធិប្លង់រឹង (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) និង ប្លង់ទន់ (លិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជី) ដូចគ្នា និងខុសគ្នាដូចម្ដេច?
ការផ្ទេរសិទ្ធិកាន់កាប់អចលនវត្ថុ សំដៅលើកិច្ចសន្យា ឬលិខិតគតិយុត្តនានា ដែលបញ្ជាក់ពីការផ្ទេរសិទ្ធិនៃអចលនវត្ថុពីម្ចាស់ដីដើម ទៅម្ចាស់អចលនទ្រព្យថ្មី ដោយមានការទទួលស្គាល់តាមផ្លូវច្បាប់។ ការផ្ទេរសិទ្ធិនេះធ្វើឡើងក្រោមទម្រង់ជា៖
– កិច្ចសន្យាទិញ-លក់អចលនវត្ថុ
– ការធ្វើអំណោយ ឬប្រទានកម្ម (កិច្ចសន្យា ដែលភាគីម្ខាងផ្តល់នូវទ្រព្យសម្បត្តិ ដោយមិនយកថ្លៃ ដល់ភាគីម្ខាងទៀតយល់ព្រមទទួល)
– សន្តតិកម្ម (ការផ្ទេរនូវសិទ្ធិ ឬករណីកិច្ច ពីជនណាម្នាក់ ទៅឱ្យជនម្នាក់ ឬច្រើននាក់តាមច្បាប់)
– ការបែងចែកមរតកតាមការព្រមព្រៀង ជាដើម។
នីតិវិធីការផ្ទេរកម្មសិទ្ធិអចលនវត្ថុមាន ៥ ដំណាក់កាលធំៗរួមមាន៖
១) បំពេញឯកសារនៅការិយាល័យភូមិបាល
ភាគីទាំងសងខាង ឬអ្នកទទួលបានសិទ្ធិ ត្រូវមកការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ (ដែលជាទូទៅគេហៅថា ការិយាល័យភូមិបាល) ដែលអចលនទ្រព្យនោះស្ថិតនៅ ដើម្បីបំពេញឯកសារនានា នៅមុខមន្ត្រីភូមិបាល ដោយមានសាក្សីមកជាមួយផង។
ភាគីទាំងសងខាង ត្រូវភ្ជាប់មកជាមួយនូវឯកសារចាំបាច់មួយចំនួនដូចជា៖
– កិច្ចសន្យាទិញ-លក់ (លិខិតលក់ផ្តាច់ សម្រាប់ការផ្ទេរកម្មសិទ្ធិក្នុងករណីទិញ-លក់)
– លិខិតធ្វើអំណោយផ្តាច់ (ក្នុងករណីដីនោះ ត្រូវបានធ្វើអំណោយដល់នរណាម្នាក់)
– អត្តសញ្ញាណប័ណ្ណ (មានបញ្ជាក់ពីសាលាក្រុង ស្រុក/ ខណ្ឌ)
– សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ (ប្រសិនបើជាទ្រព្យប្តីប្រពន្ធ)
– ឯកសារបញ្ជាក់អត្តសញ្ញាណ (នៅលីវ រៀបការ និង លែងលះ….)
– និងឯកសារផ្សេងៗទៀត ទៅតាមតម្រូវការជាក់ស្តែងនៃអចលនទ្រព្យនោះ។
២) ប្រថាប់ត្រាដោយអាជ្ញាធរឃុំ-សង្កាត់
បន្ទាប់ពីបំពេញឯកសារនៅការិយាល័យភូមិបាលរួចរាល់ហើយ ម្ចាស់ដី ត្រូវយកឯកសារនោះ ទៅឱ្យអាជ្ញាធរឃុំ-សង្កាត់ ដែលអចលនទ្រព្យនោះស្ថិតនៅ ដើម្បីត្រួតពិនិត្យនូវភាពស្របច្បាប់ និងប្រថាប់ត្រាលើឯកសារទាំងអស់នោះ។
៣) កសាងសាលកបត្រក្បាលដី និងពិនិត្យទីតាំង
បន្ទាប់ពីប្រថាប់ត្រារួចហើយ ម្ចាស់ដី ត្រូវបន្តយកឯកសារនោះទៅការិយាល័យភូមិបាលវិញ ដើម្បីមន្ត្រីអនុវត្តនីតិវិធីបន្ត។ មន្ត្រីភូមិបាល នឹងធ្វើការងារផ្ទេរសិទ្ធិអចលនទ្រព្យនោះ ដោយចុះទៅពិនិត្យទីតាំង កសាងសាលកបត្រក្បាលដី សម្រង់ពត៌មានក្បាលដី កសាងកំណត់ហេតុចុះវាស់វែង និងកសាងឯកសាររណបផ្សេងៗទៀតដែលពាក់ព័ន្ធ។
៤) សុំការអនុម័តមន្ទីរសុរិយោដី និងបង់ពន្ធ
ចំពោះដីដែលចុះបញ្ជីរួច (ប្លង់រឹង) ម្ចាស់ដីត្រូវយកឯកសារទាំងអស់នោះ ទៅច្រកចេញចូលតែមួយនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី (ឬហៅថាមន្ទីរសុរិយោដី) ដែលអចលនទ្រព្យនោះស្ថិតនៅ។ មន្ត្រីសុរិយោដីនៅទីនោះ នឹងធ្វើការត្រួតពិនិត្យឯកសារទាំងនោះ។ ក្នុងករណីដែលឯកសារគ្រប់គ្រាន់តាមច្បាប់ហើយនោះ មន្ត្រីនឹងហៅម្ចាស់មកបង់សេវាសុរិយោដី និងយកឯកសារទៅបង់ពន្ធនៅសាខាពន្ធដារដែលអចលនទ្រព្យនោះស្ថិតនៅ។ (អានបន្ថែម)
តែចំពោះដីដែលមិនទាន់ចុះបញ្ជី (ប្លង់ទន់) ក្រោយពីមន្ត្រីចុះវាស់វែង និងធ្វើកំណត់ហេតុរួចរាល់ហើយ (ដំណាក់កាលទី ៣) ការិយាល័យភូមិបាល នឹងរៀបចំឯកសារ ដើម្បីឱ្យអ្នកស្នើសុំយកឯកសារទៅបង់ពន្ធប្រថាប់ត្រា៤%។
យោងតាមសេចក្តីណែនាំលេខ ៨៧២៦ របស់អគ្គនាយកដ្ឋានពន្ធដារ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ការផ្ទេរសិទ្ធិអចលនទ្រព្យ ត្រូវជាប់ពន្ធ ៤% ទាំងប្លង់រឹង និងប្លង់ទន់។ ដីដែលពុំទាន់បានចុះបញ្ជី អ្នកទទួលសិទ្ធិមានកាតព្វកិច្ចត្រូវបង់ពន្ធប្រថាប់ត្រា៤% ដូចដីដែលបានចុះបញ្ជីដែរ។
យ៉ាងណាមិញ នេះបើតាមសេចក្តីសម្រេចលេខ០៤ សសរ ចុះថ្ងៃទី ១០ ខែ មករា ឆ្នាំ២០១៦។ មានការផ្ទេរសិទ្ធិខ្លះគឺមិនជាប់ពន្ធនោះទេដូចជាការផ្ទេរអចលនទ្រព្យជាសំណង់ ឬ/និងដី៖
-រវាងឪពុក-ម្តាយបង្កើត និងកូនបង្កើត
-រវាងប្តី និងប្រពន្ធ
-រវាងយាយ-តាបង្កើតនិងចៅបង្កើត
៥) ចារឹកឈ្មោះលើប្លង់ដី
ជំហានចុងក្រោយ បន្ទាប់ពីបង់ពន្ធរួចហើយ សម្រាប់ដីដែលបានចុះបញ្ជីរួច (ប្លង់រឹង) ម្ចាស់ដី ត្រូវកាន់ឯកសារទាំងអស់មកមន្ទីរសុរិយោដីម្តងទៀត ដើម្បីមន្ត្រីធ្វើបច្ចុប្បន្នភាពអំពីម្ចាស់ដី នៅក្នុងប្រព័ន្ធកុំព្យូទ័រ និងធ្វើលេខាចារឹកលើប្លង់ដីនោះ។ ម្ចាស់ដីថ្មី នឹងទទួលបានប្លង់កម្មសិទ្ធិនោះ នៅពេលនីតិវិធីទាំងអស់នេះបានបញ្ចប់។
ចំណែកដីដែលមិនទាន់ចុះបញ្ជី (ប្លង់ទន់) ក្រោយពី បានបង់ពន្ធរួចរាល់ហើយ អ្នកស្នើសុំត្រូវយកបង្កាន់ដៃបង់ពន្ធរួចរាល់នោះ ទៅការិយាល័យភូមិបាលវិញ ដើម្បីមន្ត្រីពិនិត្យ និងសម្រេច ដើម្បីបញ្ចប់ការផ្ទេរសិទ្ធិកាន់កាប់ អចលនទ្រព្យ ជូនម្ចាស់ថ្មី ត្រឹមថ្នាក់ស្រុក-ខណ្ឌ។ ពេលនោះ លោក-អ្នកនឹងទទួលសំណុំ ឯកសារនៃការផ្ទេរសិទ្ធិអចលនទ្រព្យដែលបានផ្ទេរសិទ្ធិត្រឹមត្រូវឱ្យទៅឈ្មោះម្ចាស់ថ្មី ៕
ដោយ : សហការី