ភ្នំពេញ: នារីម្នាក់បើករថយន្តព្រូសមួយគ្រឿងជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យខ្ទាតចេញពីជួរអស់មួយកង់ ខណៈនោះស្រាប់តែមានអ្នកផ្សេងមកជួយខលហៅរថយន្តមកអូស ដោយកុហកថារថយន្តបុកគ្នា ហើយបន្តិចក្រោយមកក៏មានរថយន្តមកអូសរថយន្តបង្កហេតុចេញពីកន្លែងបុករបាំងថ្ម តែត្រូវបានបងប្អូនប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចខណ្ឌមានជ័យដេញតាមចាប់យកមកកន្លែងកើតហេតុវិញ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩និង៥០នាទីយប់ថ្ងៃទី៣១ខែមករា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវលេខ២៧១ ខាងជើងស្ពានអាកាសស្ទឹងមានជ័យ នៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញនារីម្នាក់បើករថយន្តព្រូសមួយគ្រឿងពណ៌កណ្ដុរល្មែះ ពាក់ស្លាកលេខភ្នំពេញ2BE-6593ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានរេមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យខ្ទាតចេញពីជួរអស់មួយកង់។ចំណែករថយន្តខូចខាតផ្នែកខាងមុខខាងឆ្វេងបែកយ៉ាន់និងបែកកង់ទៅមុខលែងរួច។ បើតាមសម្ដីម្ចាស់រថយន្តបង្កបានឱ្យដឹងថា ខណៈនោះរូបគាត់មានការភ័យស្លន់ស្លោ ស្រាប់តែមានអ្នកផ្សេងមកប្រាប់ថាគេស្គាល់រថយន្តអូស ខណៈនោះរូបគាត់បានប្រាប់ថា ជួយខលហៅឱ្យផង ស្រាប់តែអ្នកខលហៅឡានអូសនោះបានកុហកថា រថយន្តបុកគ្នាសូមមកអូសផង ដោយសង្ស័យថាប្រហែលជាអ្នកនោះចង់បានសេវាពីរថយន្តអូសហើយមើលទៅ ទើបកុហកអ្នកបើករថយន្តអូស បែបនេះ។ បើតាមសម្ដីអ្នកបើកបររថយន្តអូសបានឱ្យដឹងថា រូបគាត់ឮដូច្នោះក៏បានបើករថយន្តមកអូស ដោយរង់ចាំតែម្ចាស់រថយន្តប្រាប់ឱ្យយកទៅណា រូបគាត់បើកអូសយកទៅហ្នឹង ដោយរូបគាត់មិនបានដឹងថារថយន្តនោះបើកបុករបាំងថ្មនោះទេ។ ខណៈបើកអូសរថយន្តបង្កមកដល់ចំណុចភ្លើងស្តុបផ្សារសេនជូរី តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ តាមឃាត់រថយន្តអូសនិងរថយន្តបង្ករួមនឹងអ្នកបើកបរយកមកកន្លែងកើតហេតុវិញដើម្បីទុកប្រគល់ជូនជំនាញបន្ត។
ក្រោយមកសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ ដោយ ៖ ភារ៉ា ដង្កោ