ភ្នំពេញ៖ អគ្គិភ័យនៅខណ្ឌទួលគោកកាលពីម្សិលមិញបណ្ដាលឱ្យជនរងគ្រោះប្រុសស្រីបីនាក់បានស្លាប់។ នេះបើតាមការបញ្ជាក់ពីមន្ត្រីបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ប្រភពខាងលើបានឱ្យដឹងនៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ជនរងគ្រោះម្នាក់ទៀតដែលរងរបួសធ្ងន់ធ្ងរក្នុងហេតុការណ៍គ្រោះអគ្គិភ័យនៅខណ្ឌទួលគោកម្សិលមិញបានស្លាប់ហើយនៅព្រឹកថ្ងៃទី១ខែកុម្ភៈនេះ បើទោះបីជាក្រុមគ្រូពេទ្យខិតខំជួយសង្រ្គោះយ៉ាងណាក៏ដោយ។
មន្ត្រីបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះបញ្ជាក់ថា ដូច្នេះហេតុការណ៍គ្រោះអគ្គិភ័យនៅសង្កាត់ផ្សារដេរប៉ូទី២ ខណ្ឌទួលគោកកាលពីថ្ងៃទី៣១ ខែមករា ធ្វើឱ្យមនុស្សស្លាប់ចំនួន០៣នាក់។
ជនរងគ្រោះដែលស្លាប់ក្នុងគ្រោះអគ្គិភ័យនេះទី១.ឈ្មោះ កែម កូលីន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់កាហ្វេ មានស្រុកកំណើតនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ស្លាប់នៅនឹងកន្លែងកើតហេតុ, ទី២.ឈ្មោះ ធឹម ផល ភេទស្រី អាយុ២៨ឆ្នាំ មុខរបរជាអ្នករត់តុ មានស្រុកកំណើតនៅភូមិក្រាំងឫស្សី ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងទី៣.ឈ្មោះ សេង សំអាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាអ្នករត់តុ មានស្រុកកំណើតនៅភូមិកោះកាពិ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង បានរងរបួសរលាកភ្លើងធ្ងន់ធ្ងរ និងស្លាប់ពេលបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបាន១យប់។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ មានហេតុការណ៍អគ្គិភ័យមួយបានឆាបឆេះទីតាំងហាងកំពុងជួសជុលមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវលេខ១៣៨ កែងនឹងផ្លូវលេខ ២៣៣ ក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ទីតាំងដែលឆាបឆេះគឺជាហាងដែលកំពុងជួសជុលធ្វើជាប្រភេទ ផាប់ នាពេលរាត្រី ដោយសង់នៅជាប់នឹងហាងមួយយីហោ
« កន្លែងថ្មី » ដែលជាហាងមានម្ចាស់រួមតែមួយ ៕ ដោយ៖សូរិយា