ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ នៅវេលាម៉ោង ៧.០០នាទីព្រឹក ថ្ងៃចន្ទ ៩កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងប្រជុំជួរគោរពទង់ជាតិ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដោយមានការចូលរួម ពីលោក លោកស្រី អធិការរង លោកនាយផ្នែក នាយប៉ុស្ដិ៍ និងមន្ត្រីក្រោមឱវាទទាំងអស់។
បន្ទាប់ពីគោរពទង់ជាតិរួច លោកអធិការបានផ្សព្វផ្សាយនូវផែនការរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីយកទៅអនុវត្តឲ្យទទួលបានជោគជ័យ។
លើសពីនេះលោកអធិការបានណែនាំ ដល់កម្លាំងគ្រប់ផ្នែកជំនាញទាំងអស់ត្រូវពង្រឹង និងយកចិត្ដទុកដាក់លើការងារជំនាញរបស់ខ្លួននីមួយៗ ត្រៀមចេញអន្តរាគមន៍ ចេញល្បាតពួនស្ទាក់ក្នុងភូមិសាស្ត្រស្មុកស្មាញ ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ទប់ស្កាត់កុំឲ្យមានបទល្មើសកើតឡើង និងជួយសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះនៅក្នុងមូលដ្ឋាន ។
ជាកិច្ចបញ្ចប់លោកអធិការបានណែនាំបន្ថែមដល់កម្លាំងទាំងអស់ត្រូវគោរពវិន័យរបស់កងកម្លាំង ត្រូវកាត់សក់ខ្លីជានិច្ច និងរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួនជៀសវាងកើតជម្ងឺផ្សេងៗ ជាពិសេសថែរក្សាសុខភាពអោយបានល្អ ប្រកាន់ខ្ជាប់ ៣កុំ ៣ការពារ ដើម្បីការពារកូវីដ១៩ ទាំងអស់គ្នា ៕ ដោយ ៖ ភារ៉ា ដង្កោ