សម្តេចតេជោ ហ៊ុន​ សែន​ ថ្លែង​ប្រសាសន៍សំខាន់ៗក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ​ បានថ្លែងប្រសាសន៍សំខាន់ៗក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឆ្នាំ២០២២។

នាឱកាស​នោះ​សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីរីករាយ និងសុំការរអធ្យាស្រ័យសិស្សនិទ្ទេសA ចំពោះការលើកពេលជាបន្តបន្ទាប់ ដោយភាពចាំបាច់ និងករណីកិច្ច ទាំងការប្រឡងបាក់ឌុបឆ្នាំ២០២២ និងការជួបជុំសំណេះសំណាល ផ្តល់រង្វាន់ លើកទឹកចិត្ត។

សម្តេចតេជោ ហ៊ុន​ សែន​ ថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលាចំណេះដឹងទូទៅ ព្រមទាំងអាណាព្យាបាលសិស្ស ដែលបង្ហាត់បង្រៀន លើកទឹកចិត្ត ផ្តល់ឱកាសដល់ពពួកគេរហូតដល់ប្រឡងជាប់បាក់ឌុប និងទទួលបានលទ្ធផលយ៉ាងល្អប្រសើរនាពេលនេះ។

សម្តេចតេជោ បានបញ្ជាក់ថា ឧបសគ្គដំធំសម្រាប់សិស្សានុសិស្សនាពេលនេះ គឺកត្តាគ្រោះថ្នាក់ចរាចរណ៍ ដែលឧបសគ្គយុវជនជំនាន់មុន គឺសង្គ្រាម។ សម្តេច បានអំពាវនាវដល់សិស្សានុសិស្សទាំងអស់គោរពច្បាប់ចរាចរណ៍ និងមានការប្រយ័ត្នខ្ពស់ជាប់ជានិច្ច។

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យក្រសួងអប់រំ យុវជន និងកីឡា មានការសិក្សាស្រាវជ្រាវច្បាស់លាស់ពីគម្លាតវិសមភាពរវាងការប្រឡងជាប់សិស្សស្រីច្រើន ជាងសិស្សប្រុស ក្នុងការប្រឡងដាក់ឌុបនាឆ្នាំនីមួយៗ តែគម្លាតនេះ មានការប្រែប្រួលក្នុងកម្រិតបរិញ្ញាបត្រ, បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

សម្តេចតេជោ ហ៊ុន សែន ថ្លែង​អបអរសាទរចំពោះសមិទ្ធផលកំណែទម្រង់យ៉ាងជោគជ័យក្នុងវិស័យអប់រំកម្ពុជា ក្នុងនោះក៏មានការធ្វើកំណែទម្រងការប្រឡង ដោយជំនួសមកនូវការផ្លាស់ប្ដូរពីការស្នើសុំអន្តរាគមន៍ អ្នកអាណាព្យាបាលបានខិតខំជំរុញឱ្យកូន ចៅ ឬក្មួយៗ ខិតខំសិក្សារៀនសូត្រ ហើយបានប្រឡងជាប់ដោយសមត្ថភាពខ្លួនឯង។

សម្តេចតេជោ ហ៊ុន សែន ថ្លែងការកោតសរសើរដល់អាជ្ញាធរដែនដី ,ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងក្រុមការងារគណបក្សចុះមូលដ្ឋាន និងអង្គការមហាជន ដែលបានជំរុញ លើកទឹកចិត្ត និងផ្តល់រង្វាន់ជាច្រើនដល់សិស្សនិទ្ទេសA នៅតាមមូលដ្ឋានរបស់ខ្លួនកាន់ និងទទួលបន្ទុក។

សម្តេចតេជោ ហ៊ុន សែន ថ្លែងអបអរសាទរដល់ចៅៗសិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់ឌុបឆ្នាំសិក្សា២០២២ ទោះបាននិទ្ទេសអ្វីក៏ដោយ។ សម្តេចក៏បានលើកទឹកចិត្តដល់អ្នកធ្លាក់បាក់ឌុប កុំបាក់ទឹកចិត្ត ដែលយើងអាចត្រួតថ្នាក់ ឬរៀនមហាវិទ្យាល័យយកបរិញ្ញាបត្ររង ឬកម្រិតបច្ចេកទេសជាដើម។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ជោគជ័យណាក៏ដោយ មិនអាចជៀសផុតពីកត្តាសុខសន្តិភាពបានឡើយ។ កីឡា សិល្បៈ វប្បធម៌ អភិវឌ្ឍន៍ និងការបណ្តុះបណ្តាលនានា មិនអាចកើតឡើងក្នុងពេលសង្គ្រាម ក្រោមគ្រាប់បែក គ្រាប់ផ្លោងនោះទេ។

សម្តេចតេជោ​ ថ្លែង​ថា យុវជនជំនាន់មុន បានបាត់បង់ឱកាសទាំងស្រុងលើការសិក្សារៀនសូត្រ ក្នុងសម័យវាលពិឃាតប៉ុកពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «សម័យនោះកុំនិយាយដល់ការរៀនសូត្រ សូម្បីតែរក្សាជីវិតខ្លួនឯងក៏មិនបានផង..[]»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចទៅដល់ណា សាលាទៅដល់កន្លែងនឹងផងដែរ ក្នុងនោះមានខេត្តជាប់ព្រំដែនកម្ពុជា-ថៃ រួមទាំងផ្ទះស្នាក់នៅរបស់គ្រូផងដែរ ដែលពេលនោះសម្តេចចំណាយថវិកាខ្ទង់ ៤០០លានដុល្លារអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការប្រឡងបាក់ឌុបឆ្នាំនីមួយៗ រួមទាំងក្របខណ្ឌវិស័យអប់រំ សិក្សាធិការទាំងមូល បានក្លាយទៅជាចលនាជាតិមួយដ៏ធំ ដែលមានការចូលរួមពីគ្រប់សមាសភាព ដោយមិនរង់ចាំតែក្រសួងអប់រំ យុវជន និងកីឡានោះឡើយ។

សម្តេចតេជោ ថ្លែង​ថា ចៅៗសិស្សនិទ្ទេស A មានពេលវេលាវែងឆ្ងាយណាស់ សម្រាប់វឌ្ឍនភាពខ្លួនឯង គ្រួសារ និងសង្គមជាតិ ជាពិសេសនៅក្នុងប្រទេស ដែលមានសុខសន្តិភាពពេញបរិបូរណ៍ដូចជានៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ជំរុញដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពិនិត្យសាងសង់អន្តេវាសិកដ្ឋានមួយកន្លែងទៀត ដែលអាចដាក់គ្រែបាន ២០០-៣០០គ្រែ សម្រាប់ផ្តល់ជូនសិស្សក្រីក្រមកពីបណ្តាខេត្ត ជាពិសេសសិស្ស និស្សិតជានារី និងសិស្សបរទេសផងដែរ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពីមុនកម្ពុជាមានអតុល្យភាពខ្លាំងរវាងកំណើនសិស្ស និងសាលារៀន ព្រមទាំងគ្រូបង្រៀន តែនាពេលបច្ចុប្បន្ននេះ អតុល្យភាពនោះបានកាត់បំព្រួញឱ្យមកកម្រិតតិចតួច ក្នុងនោះសាលាជាច្រើនបានចូលទៅដល់មូលដ្ឋានប្រជាពលរដ្ឋ និងកំណើនគ្រូបង្រៀនក៏មានការកើតឡើងជារៀងរាល់ឆ្នាំផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើការសាកសួរសុខទុក្ខ តាមរយៈសិស្សនិទ្ទេស A ដែលមានវត្តមាននាពេលនេះ ដល់ឪពុកម្តាយ អាណាព្យាបាលសិស្សដោយក្តីនឹករលឹក និងសូមអបអរសាទរ ដែលមានកូនៗជាប់បាក់ឌុប ទទួលបាននិទ្ទេស A។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ថវិកាជាតិជារៀងរាល់ឆ្នាំ បានផ្តល់ឱកាសទៅលើវិស័យអទិភាពនានាជាច្រើន ក្នុងនោះមានវិស័យអប់រំសិក្សាធិការ និងសុខាភិបាលជាច្រើន។

សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា សៀមរាប គឺជាខេត្តជាប់ចំណាត់ថ្នាក់លេខ២ ដែលសិស្សនិទ្ទេសAច្រើនជាងគេ ដែលមានរហូតដល់ចំនួន១១១នាក់ បន្ទាប់រាជធានីភ្នំពេញ ខណៈដែលខេត្តសៀមរាប មានចំនួនប្រជាពលរដ្ឋសរុបតិចជាងខេត្តផ្សេងៗផងទេ។

សម្តេចតេជោ ហ៊ុន សែន គត់សម្គាល់ឃើញថា ឆ្នាំនេះគ្រប់ខេត្តទាំងអស់មានសិស្សប្រឡងជាប់និទ្ទេស A។ ប៉ុន្ដែសម្ដេចនៅតែជំរុញឱ្យមានការសិក្សាស្រាវជ្រាវចំពោះគម្លាតនៃការប្រឡងជាប់រវាងសិស្សស្រី ឬសិស្សប្រុសនេះ ដើម្បីរកវិធីជំរុញការសិក្សាដល់សិស្សឱ្យចំគោលដៅ និងជោគជ័យ។

សម្តេចតេជោ ហ៊ុន សែន ជំរុញដល់គ្រឹះស្ថានសិក្ខាទាំងអស់ទាំងរដ្ឋ និងឯកជន បង្កើនការការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយប្រឹងប្រែងយ៉ាងណា កុំឱ្យមានករណីឆ្លងកូវីដ-១៩ ក្នុងគ្រឹះស្ថានសិក្សារបស់ខ្លួន តាមរយៈវិធានការសុខាភិបាល និងវិធានការចាំបាច់នានា។ សម្តេចបញ្ជាក់ថា «កូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងឡើយ»។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ សម្ដេចនឹងប្រកាសអំពីគោលនយោបាយកំណែទម្រង់ថវិកា ដែលគោលនយោបាយនេះ គឺជាគោលនយោបាយថវិកាផ្សាភ្ជាប់ជាមួយនឹងមនុស្ស។ ដូច្នេះមនុស្សទាំងអស់ត្រូវបែរឆ្ពោះទៅរឿងនេះ ពិសេសវិស័យអប់រំដែលរដ្ឋាភិបាលចាត់ទុកជាវិស័យអាទិភាព។

សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា គិតត្រឹមថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ស៊ីហ្គេម ២០២៣ នៅសល់តែ ៩២ថ្ងៃទៀតទេ។ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ការប្រកួត កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមជាទី១២ (12th ASEAN Para Games)។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅឆ្នាំ២០២៣នេះ ស៊ីហ្គេមលើកទី៣២ក៏ធ្វើ, អង្គរសង្ក្រាន្តក៏ធ្វើ និងព្រឹត្តិការណ៍សង្ក្រាន្តនានាតាមបណ្តាខេត្តក៏ធ្វើ ដើម្បីមុខមាត់ប្រទេសជាតិ និងបង្កការសប្បាយរីករាយដល់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យមានការថែរក្សា ការពារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ«ដូនតា» ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរួមមាន៖ ស្មូន ចម្លាក់ តម្បាញ….។ល។

សម្តេចតេជោ ហ៊ុន សែន រំពឹងថា នៅឆ្នាំ២០២៣នេះ កម្ពុជាអាចទទួលភ្ញៀវទេសចរវិលវិញ ក្នុងរង្វង់ជាង ៤លាននាក់ ខណៈដែលឆ្នាំ២០២២កន្លងទៅមានរង្វង់ជាង ២លាននាក់។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់បងប្អូនខ្មែររស់នៅក្រៅប្រទេស សូមវិលត្រលប់មកលេង និងទស្សនាកម្ពុជា ដើម្បីមើលការអភិវឌ្ឍប្រទេសជាតិ ជាពិសេសក្នុងពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ការប្រកួត កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) និងព្រឹត្តិការណ៍អង្គរសង្ក្រាន្តអមអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាពេលខាងមុខឆាប់ៗនេះ។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មិនមានការចាប់ខ្លួន ឬធ្វើទុក្ខទោសណាមួយលើពលរដ្ឋខ្មែររស់នៅក្រៅប្រទេសឡើយ ទោះអ្នកនោះធ្លាប់ជេរប្រមាថសម្តេច, គណបក្សប្រជាជន និងរាជរដ្ឋាភិបាលក៏ដោយ លើកលែងតែជនមួយចំនួនដែលមានដីកាចាប់ខ្លួនដោយតុលាការប៉ុណ្ណោះ។

សម្តេចតេជោ បានប្រកាសដាច់ណាត់ថា មិនអនុញ្ញាតឱ្យជនណាម្នាក់មកកកូរកកាយធ្វើឱ្យក្រឡាប់ចាក់ប្រទេសឡើយ។

...

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសសូមកុំចាញ់បោកគេបន្តទៅទៀត។ សម្តេចតេជោ អំពាវនាវដល់ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសណាក៏ដោយ សូមមកមើលស្ថានភាពជាក់ស្តែងនៅកម្ពុជា។ «កម្ពុជាពិតខុសពីកម្ពុជាលើមាត់របស់ក្រុមប្រឆាំង»៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print