ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ បានទទួលជួបសម្ដែងការគួរសមជាមួយលោកស្រី Jyotsna Puri អនុប្រធានរងមូលនិធិអភិវឌ្ឍកសិកម្មអន្ដរជាតិ IFAD។
ចាប់តាំងពីឆ្នាំ២០១៤មក មូលនិធិ IFAD បានផ្ដល់ហិរញ្ញប្បទាននិងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE ដែលមានរយៈពេល៧ឆ្នាំ។
លោក ឌិត ទីណា បានសម្ដែងការវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងមូលនិធិ IFAD និងក្រសួងកសិកម្ម តាមរយៈកម្មវិធី ASPIRE។ កម្មវិធី ASPIRE ដែលបានរួមចំណែកលើកកម្ពស់ជីវភាពប្រជាកសិករខ្មែរ តាមរយៈការផ្ដល់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចាំបាច់នានានៅក្នុងវិស័យកសិកម្ម ព្រមទាំងការបណ្ដុះបណ្ដាលចំណេះដឹងផ្នែកកសិកម្មទំនើបដល់កសិករខ្មែរចំនួនរាប់ម៉ឺនគ្រួសារ។
គួរជម្រាបជូនថា បន្ទាប់ពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់នឹងការប្រែប្រួលអាកាសធាតុបិទបញ្ចប់នៅចុងឆ្នាំ២០២២ មូលនិធិអភិវឌ្ឍន៍កសិកម្មអន្ដរជាតិ IFAD បានសម្រេចបន្តគាំទ្រនូវការអនុវត្តកម្មវិធីផ្ដល់សេវាកម្មកសិកម្ម ដើម្បីជំរុញសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មកសិកម្មប្រកបដោយបរិយាបន្ន (ASPIRE-AT) ក្នុងគោលបំណងបង្កើនប្រាក់ចំណូលគ្រួសារកសិករ និងពលករនៅជនបទ តាមរយៈកំណើនវិស័យកសិកម្មប្រកបដោយនិរន្ដរភាព និងបរិយាបន្ន ដោយផ្អែកលើការនាំចេញនិងទីផ្សារក្នុងស្រុក។
បើតាមការរំពឹងទុក កម្មវិធី ASPIRE-AT នឹងផ្ដល់ផលដល់គ្រួសារកសិករខ្នាតតូចចំនួន ១២៥ ០០០ ដែលមានភាពក្រីក្រ ឬក្បែរក្រីក្រ និងងាយធ្លាក់ក្នុងភាពក្រីក្រដោយសារការប្រែប្រួលអាកាសធាតុ ទីផ្សារកសិកម្ម ឬផលវិបាកផ្សេងៗ ព្រមទាំងអ្នកដែលមានលទ្ធភាពទាញយកកាលានុវត្តភាពពីវិស័យកសិកម្ម។ ប្រជាជនដែលទទួលផលពីកម្មវិធី ASPIRE-AT មានស្ដ្រីប្រមាណ ៥០% យុវជន ២០% និងជនជាតិដើមភាគតិចចំនួន ១,៥%៕ដោយ៖សហការី