ក្នុងឆ្នាំ២០២២ ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរគ្រប់គ្រងជាងពាក់កណ្តាលនៃទំហំនាំចេញរបស់កម្ពុជា មានទឹកប្រាក់ជាង១០ពាន់លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា​ ក្នុងឆ្នាំ២០២២កន្លងទៅនេះ​​ ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរគ្រប់គ្រងជាងពាក់កណ្តាលលើការនាំចេញសរុបរបស់កម្ពុជាដែលមានទឹកប្រាក់ជាង ១០ពាន់លានដុល្លារ។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម កម្ពុជាបាននាំចេញសម្លៀកបំពាក់ ​ក្នុងតម្លៃជាង ៩ពាន់លានដុល្លារ កើនឡើងជាង១ពាន់លានដុល្លារ ឬ១៣% ដែលមានចំណែកប្រមាណ ៤០%នៃការនាំចេញសរុបកាលពីឆ្នាំ២០២២។ រីឯការនាំចេញស្បែកជើង មានតម្លៃ១.៧៣៧លានដុល្លារ កើនឡើង ២៥%​ ​និងការនាំចេញសម្ភារធ្វើដំណើរ ក្នុងតម្លៃ ១.៧៧៧ លានដុល្លារ​បានកើនឡើង១៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

បើ​តាមការបញ្ជាក់ពី​ប្រធានកិត្តិយសសមាគមផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ លោកឧកញ៉ា លី ឃុនថៃ បានថ្លែង​ថា ​វិស័យកាត់ដេរបានដើរតួនាទីយ៉ាងសំខាន់ចំពោះសេដ្ឋកិច្ចកម្ពុជា និងបង្កើតការងារសម្រាប់ពលរដ្ឋខ្មែរ។ បច្ចុប្បន្ននេះ ​​មានកម្មករ កម្មការិនីប្រមាណ ១លាននាក់ ដែលកំពុងបម្រើការងារក្នុងរោងចក្រសរុបទូទាំងប្រទេស​​ ដែលជួយ​សម្រួលជីវភាពដល់ក្រុមគ្រួសាររបស់គាត់។

តែយ៉ាងណាមិញ សម្រាប់ឆ្នាំ២០២៣នេះ ការនាំចេញផលិតផលក្នុងវិស័យកាត់ដេរ អាចជួបបញ្ហាប្រឈមខ្លះ ដោយសារតែក្នុងដើមឆ្នាំនេះ ការបញ្ជាទិញមិនមានការកើនឡើង។
លោកបន្ថែមថា «បញ្ហាដោយសារឆ្នាំ២០២២ ការនាំចេញទៅអឺរ៉ុប និងអាមេរិក ការលក់ធ្លាក់ថយចុះ​ ដោយអីវ៉ាន់នៅសល់ក្នុងឃ្លាំងច្រើនពេក លក់មិនទាន់ចេញនៅឡើយទេ។ កត្តាសំខាន់ គឺសង្គ្រាមរវាងអ៊ុយក្រែននឹងរុស្ស៊ី ដែលធ្វើឱ្យវត្ថុធាតុដើមទូទាំងពិភពលោកឡើងថ្លៃ»។

ដោយឡែក​រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត បាន​លើកឡើងកាលពីពេលថ្មីៗនេះថា​ ក្នុងឆ្នាំ២០២២ ការនាំចេញ​ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរមានប្រមាណ ៥៧%នៃការនាំចេញសរុបរបស់កម្ពុជា ខណៈ​ដែលវិស័យនេះបានរួមចំណែកប្រមាណ១០​% នៃ GDPកម្ពុជា។ ទីផ្សារសំខាន់របស់កម្ពុជា គឺសហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុប។ ​

លោក​ វង្សី វិស្សុត បានបន្តថា រាជរដ្ឋាភិបាលមានផែនការពង្រឹងគុណភាពផលិតផលកាត់ដេររបស់កម្ពុជាឱ្យកាន់តែល្អប្រសើរជាងមុនដើម្បីទទួលបានតម្លៃបន្ថែម និងលើកទឹកឱ្យវិនិយោគិនជាជនជាតិខ្មែរកាន់តែច្រើនមកចូលរួមវិនិយោគក្នុងវិស័យនេះ ខណៈដែលបច្ចុប្បន្នការវិនិយោគក្នុងវិស័យកាត់ដេរ ប្រមាណ៩៥% គឺជាជនបរទេស។

សូមជម្រាបថា​ គម្រោងវិនិយោគដែលបានចុះបញ្ជីថ្មីៗនៅកម្ពុជា សង្គេតឃើញថា គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរ ក៏មានចំនួនច្រើនជាងបណ្តាវិស័យផ្សេងៗទៀតផងដែរ៕

...

 

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print