ខេត្តកំពង់ធំ៖ ក្រុមគ្រួសារប្រជាពលរដ្ឋចំនួន៣៥គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានទទួលអំណោយស្បៀងអាហារ គ្រឿងឧបភោគបរិភោគ របស់លោកឧត្តមសេនីយឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅវត្តពោធិរោង នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈឆ្នាំ២០២៣។
នៅក្នុងឱកាសសំណេះសំណាលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកទាំងទ្វេតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ។ ជាមួយនោះដែរសម្ដេចតេជោ លោកបានផ្តាំផ្ញើ សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ខិតខំថែរក្សាសុខភាព និងជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើននិងជោគជ័យគ្រប់ភារកិច្ច ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ក្រុមគ្រួសារបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដែលយើងកំពុងមានសព្វថ្ងៃនេះ ឱ្យនៅគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិយើងបន្តការអភិវឌ្ឍឱ្យមានការរីកចម្រើនបន្ថែមទៀត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នៃយើង ហើយយើងទាំងអស់គ្នានិងក្រុមគ្រួសារត្រៀមខ្លួន ទៅបោះឆ្នោតជូនគណបក្ស ដែលខ្លួនស្រឡាញ់ពេញចិត្ត ពិសេសគណបក្សដែលរក្សាបាននូវសុខសន្តិភាពនិងការអភិវឌ្ឍន៍ប្រទេសជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ជូនថា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ដែលបានឧបត្ថម្ភជូនក្រុមគ្រួសារបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅពេលនេះគឺជាអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដោយក្នុងមួយគ្រួសារទទួលបាននូវ អង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួនមួយកេស ទឹកត្រីចំនួនមួយយួរ និងត្រីខកំប៉ុងចំនួនមួយយួរផងដែរ។
លោកសូត្រ អ៊ុល ប្រធានក្រុមប្រឹក្សាឃុំតំណាងឲ្យក្រុមគ្រួសារប្រជាពលរដ្ឋនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលតែងតែយកចិត្តទុកដាក់គ្រប់បែបយ៉ាងជួយដោះស្រាយនូវរាល់ការលំបាករបស់ប្រជាពលរដ្ឋនិងសូមគោរពជូនពរលោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ៖សហការី