ខេត្តពោធិ៍សាត់ : មានករណី សិស្សសាលាជិត 20 នាក់ដួលសន្លប់ជាបន្តបន្ទាប់មិនទាន់ដឹងពីមូលហេតុ នៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ នេះបើយោងតាម រាយការណ៍ របស់អង្គភាព មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
សូមគោរពជូន លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។
អង្គភាព មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ បានបញ្ជាក់ថា, អំពីករណី សិស្សសាលាជិត 20 នាក់ដួលសន្លប់ជាបន្តបន្ទាប់មិនទាន់ដឹងពីមូលហេតុ ។ ដោយបញ្ជាក់ថា, សិស្សស្រីចំនួន 18 នាក់បានដួលសន្លប់ជាបន្តបន្ទាប់ក្នុងនោះអ្នកខ្លះមានអាការ:ទន់ដៃជនជើងថប់ដង្ហើមត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពប្រម៉ោយ។
ករណីនេះកើតឡើងនៅថ្ងៃទី 2 និងទី 3ខែកុម្ភៈ ឆ្នាំ2023 ក្នុងសាលាវិទ្យាល័យ ហ៊ុនសែនប្រម៉ោយ ស្ថិតក្នុងភូមិ ប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែងបញ្ជាក់ឲ្យដឹងថា សិស្សដែលបានដួលសន្លប់ទាំងអស់នោះសុទ្ធតែជាសិស្សស្រីរៀននៅថ្នាក់ទី 8 ទី 9 ទី 11 និងទី 12 ក្នុងនោះមានពីរ ទៅបីនាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរប៉ុន្តែមកដល់រសៀលថ្ងៃនេះមានអាការ:ធូរស្បើយទាំងអស់គ្នាឡើងវិញហើយ។ ទោះយ៉ាងនេះក្តី ក្រុមគ្រូពេទ្យនិងសមត្ថកិច្ចកំពុងយកចិត្តទុកដាក់តាមដានបន្តទៀតរហូតដល់សិស្សទាំងនោះបានធូរស្រាលជាធម្មតាឡើងវិញផងដែរ។ចំពោះករណីសិស្សដួលសន្លប់ជាបន្តបន្ទាប់ខាងលើ ក្រុមគ្រូពេទ្យនិងសមត្ថកិច្ចជំនាញមិនទាន់បានដឹងច្បាស់ពីមូលហេតុនៅឡើយទេ ដោយគ្រាន់តែសន្និដ្ឋានជាបឋមថាភាគច្រើនអាចបណ្ដាលមកពីខ្វះអាហាររូបត្ថម្ភដោយឃើញសិស្សម្នាក់ពីរនាក់ក្នុងថ្នាក់ដួលសន្លប់ធ្វើឱ្យអ្នករៀនជាមួយគ្នាឃើញផ្ដោតអារម្មណ៍ក៏សន្លប់តាមគ្នាតែម្ដង ៕
ដោយ : សិលា