ខេត្តក្រចេះ ៖ លំនៅឋានរបស់ប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅអស់ទាំងស្រុងខាតបង់គិតជាទឹកប្រាក់អស់ប្រមាណជាង២មុឺនដុល្លារអាមេរិក។
ហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនេះបានកើតឡើងនៅវេលាម៉ោង២៣ៈ១០នាទី យប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតក្ក្នុងភូមិរកាកណ្ដាល សង្កាត់រកាកណ្ដាល ក្រុងក្រចេះខេត្តក្រចេះ។
ប្រភពពីនគរបាលក្រុងក្រក្រចេះបានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ហង្ស ថា ភេទប្រុស អាយុ៦២ឆ្នាំ។ ផ្ទះដែលរងការឆាបឆេះនាយប់នោះមានទំហំ៧ម៉ែត្រគុណ៩ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង និងផ្ទះបាយទំហំ៣ម៉ែត្រគុណ៤ម៉ែត្រ ប្រក់ស័ង្កសី ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងតែម្តង។
ទាក់ទិនករណីអគ្គិភ័យខាងលើ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន២គ្រឿង និងរថយន្ដពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលក្រុងក្រចេះចំនួន១គ្រឿង ដោយប្រើទឹកបាញ់ពន្លត់អស់ចំនួន៤ឡានទើបរលត់ទាំងស្រុងមិនមានការរាលដាលដល់ផ្ទះផ្សេងៗទៀតឡើយ។
ប្រភពបន្តថា មូលហេតុអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋខាងលើ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនីហើយឆេះផ្ទះអស់ទាំងស្រុង ចំណែកសម្ភារខូចខាតរួមមានម៉ូតូឌ្រីមស៊េរីឆ្នាំ២០២២ចំនួន០១គ្រឿង ,ម៉ាស៊ីនកិនស្រូវចំនួន០១គ្រឿង ,ជ្រូកចំនួន១០ក្បាល ,លុយចំនួន១.២០០.០០០៛(មួយលានពីរសែនរៀល)សរុបការខូចខាតគិតជាទឹកប្រាក់អស់ប្រហែល ២៧.០០០ដុល្លារ(ពីរម៉ឺនប្រាំពីរពាន់ដុល្លារអាមេរិក)។
ក្រោយកើតហេតុសមត្ថកិច្ចនិងអាជ្ញាធរបានស្រង់តួលេខនៃការខូចខាតហើយធ្វើការឧបត្ថមសម្ភារដោះស្រាយជីវភាពចំពោះមុខបណ្តោះអាសន្ន៍ផងដែរ៕
ដោយ៖ ជីវ័ន្ត