នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ ក្រោមម្លប់សន្តិភាពដែលកើតចេញពីនយោបាយឈ្នះ ឈ្នះ វិស័យព្រះពុទ្ធសាសនាត្រូវបានយកចិត្តទុកដាក់ និងលើកកម្ពស់

ចែករំលែក៖

ខេត្តព្រៃវែង ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងថា ក្រោមម្លប់សន្តិភាពដែលកើតចេញពីនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន វិស័យព្រះពុទ្ធសាសនាត្រូវបានយកចិត្តទុកដាក់ និងលើកកម្ពស់ជានិច្ច ពីព្រោះព្រះ​ពុទ្ធសាសនា គឺជា​ឃ្លាំងផ្តល់​នូវ​ពុទ្ធិ ថែរក្សា​គម្ពីរ​អក្សរសាស្រ្ត វប្បធម៌ អរិយ​ធម៌ ប្រពៃណី និង​ថែរក្សាព្រលឹងជាតិ។

ការលើកឡើងរបស់ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង បែបនេះ ខណៈអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានានៅវត្តត្រគៀត ស្ថិតក្នុងភូមិត្រគៀត ឃុំរកា ស្រុកពារាំង​ ខេត្ត​ព្រៃវែង។

នាយឧត្តមសេនីយ វង្ស ពិសេន បានលើកឡើងថា នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត បានកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដល់ឬសគល់ ក្នុងនោះទីអារាមព្រះពុទ្ធ​សសាសនាត្រូវបានវាយកម្ទេច ព្រះវិហារធ្វើជាឃ្លាំង និងជាទីកន្លែងចិញ្ចឹមសត្វ សិទ្ធិសេរីភាពជំនឿសាសនា ទំនៀមទំលាប់ប្រពៃណី ត្រូវបានលុបបំបាត់ទាំងស្រុង។

នាយឧត្តមសេនីយ៍ បានបន្តថា ផ្តើមចេញពីការតស៊ូរំដោះជាតិ ដឹកនាំដោយគណបក្សប្រជាជន បានសង្រ្គោះជាតិ និងអាយុជីវិតប្រជាជនឲ្យរួចផុតពីសេចក្តីស្លាប់ នាថ្ងៃទី៧មករា ឆ្នាំ១៩៧៩ ហើយនេះចាត់ទុកជាជ្រោះមរណៈទីមួយ។ ដោយឡែក ក្នុងបរិបទ​​ដែលកម្ពុជាស្ថិតក្នុងជ្រោះមរណៈ នៃ​​ការឆ្លង​​​រាត​ត្បាតដោយ​​ជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានដា​ក់​ចេញ​យុទ្ធសាស្ត្រនិងវិធានការមុតស្រួច ដើម្បីសង្គ្រោះជីវិ​ត​ពលរដ្ឋឱ្យរួចផុតពីជ្រោះមរណៈនៃជំងឺកូវីដ-១៩ ជាលើកទីពីរ។

«កម្ពុជាភ័ព្វសំណាង ដែលមានមេដឹកនាំដ៏ឈ្លាសវៃ គឺ​សម្តេចតេជោ ហ៊ុន សែន ដែលជាវីរ​បុរស​ស្នេហាជាតិ ជាបិតាស្ថាបនិកសន្តិភាព ជាអ្នក​ធានា​ការពារ​អធិប​តេយ្យ​ជាតិ បូរណ​ភាពទឹកដី​យ៉ាង​រឹង​មាំ ពង្រឹងខឿនការពារសុខភាពរបស់ប្រជាជន និងលើកកម្ពស់កម្រិតជីវ​ភាព​ប្រជា​ពល​រដ្ឋ ឱ្យ​រស់នៅក្នុង​សង្គម​​​ដែល​មាន​ភាព​សុខដុមរមនា និង​ការអភិវឌ្ឍ»។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះ​ព្រះទ័យ​ផ្តួចផ្តើម និងការខិតខំរបស់ព្រះចៅអធិការ​គ្រប់​ជំនាន់ ព្រមទាំងព្រះសង្ឃគ្រប់ព្រះអង្គ រួមជាមួយសប្បុរសជន ពុទ្ធបរិស័ទ​ បានសាមគ្គីគ្នាបរិ​ច្ច្ចាគធនធាន កសាងសមិទ្ធ​ផលក្នុងទីអារាម សម្រាប់​ប្រើប្រាស់ដល់វិស័យ​ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

បន្ថែមលើសនេះ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានលើកឡើងពីតម្លៃសន្តិភាព ដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍរីកចម្រើន ទាំងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ។ ហើយថ្មីៗនេះ សន្តិភាព បានផ្តល់ឱកាសឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលៗ កម្រិតពិភពលោក ទទួលបានជោគជ័យ ដែលជាការលើកកម្ពស់មុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ។

«មនុញ្ញផលនៃសន្តិភាព ដែលកម្ពុជាទទួលបាននាបច្ចុប្បន្ននេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ តែជាផែនទីចង្អុលផ្លូវដ៏ច្បាស់លាស់ លើមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់អាទិភាពខ្ពស់បំផុត គឺសន្តិភាព»។

ជាមួយនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តរួមគ្នាថែរក្សាពួនជ្រុំរាល់សមិទ្ធផលដ៏ថ្លៃថ្លារបស់សង្គមជាតិឱ្យបានរឹងមាំ និងប្តេជ្ញាដាច់ខាតការពារសន្តិភាព ឯកភាពជាតិឱ្យបានស្ថិតស្ថេរគង់វង្សជានិច្ច មិនឱ្យជនណា ឬអានុភាពណាមកបំផ្លាញបានឡើយ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print