ទាហានរុស្ស៊ីជាង៦០នាក់ត្រូវបានភាគីអ៊ុយក្រែនដោះលែង។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កិច្ចព្រមព្រៀងដោះដូរឈ្លើយសឹករួមមាន “បុគ្គលដែលមានឥទ្ធិពល”។
យោងតាមសេចក្តីប្រកាសកាលពីថ្ងៃទី ៤ ខែកុម្ភៈ ទាហាន 63 នាក់នៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានវិលត្រឡប់ពីទឹកដីដែលគ្រប់គ្រងដោយទីក្រុងកៀវ “បន្ទាប់ពីដំណើរការចរចាដ៏ស្មុគស្មាញដែលមានការចូលរួមពីប្រទេសអារ៉ាប់រួម (UAE)” ។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ទាហានទាំងអស់នោះ ឥឡូវនេះស្ថិតនៅក្នុងប្រទេសរុស្ស៊ី ហើយកំពុងទទួលបានជំនួយផ្នែកវេជ្ជសាស្ត្រ។ ពួកគេក៏មានឱកាសទាក់ទងគ្រួសារផងដែរ។
ភាគីរុស្ស៊ីបានបញ្ចេញវីដេអូបង្ហាញពីអ្នកទោសឡើងឡានក្រុងក្នុងតំបន់ Belgorod របស់រុស្ស៊ី ជាប់ព្រំដែនអ៊ុយក្រែន។
កាលពីល្ងាចថ្ងៃសៅរ៍ លោក Andrey Yermak ប្រធានបុគ្គលិករបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសនៅលើ Telegram ថាទីក្រុង Kiev បានចរចាដោះលែងមនុស្សចំនួន 116 នាក់។ លោកបាននិយាយថា ៨៧នាក់ក្នុងចំណោមពួកគេជាទាហានអ៊ុយក្រែន ក្នុងនោះមានកងកម្លាំងពិសេសពីរនាក់។ នៅសល់គឺកងកម្លាំងការពារទឹកដី ឆ្មាំជាតិ ប៉ូលិស ឆ្មាំព្រំដែន កងទ័ពជើងទឹក និងជួយសង្គ្រោះ។
យោងតាមមន្ត្រីនោះ ទីក្រុងKiev ក៏បានរកឃើញសាកសពអ្នកស្ម័គ្រចិត្តបរទេសពីរនាក់ និងទាហានអ៊ុយក្រែនម្នាក់ ដែលបម្រើការក្នុងកងទាហានបារាំង។
ចាប់តាំងពីជម្លោះផ្ទុះឡើងក្នុងខែកុម្ភៈឆ្នាំមុន រុស្ស៊ីនិងអ៊ុយក្រែនបានចរចាដោះដូរអ្នកទោសជាច្រើន។ កិច្ចព្រមព្រៀងជាញឹកញាប់ត្រូវបានសម្របសម្រួលដោយភាគីទីបី ជាពិសេសប្រទេសទួរគី និងអារ៉ាប៊ីសាអូ៊ឌីត៕ ដោយធីរីណា
រូបថត : tienphong.vn