លោកអភិបាលស្រុករមាសហែក សំណូមពរដល់បងប្អូនប្រជាពលរដ្ឋរស់នៅភូមិត្រពាំងស្មាច់ ឃុំអណ្ដូងត្របែក ចូលរួមថែរក្សាសមិទ្ធផលផ្លូវមួយខ្សែដែលកំពុងស្ថាបនានេះឱ្យបានប្រសើរ ហើយបរិច្ចាគដីខ្លះនិងសុំការយោគយល់

ចែករំលែក៖

ខេត្តស្វាយរៀង: លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធផលផ្លូវមួយខ្សែនេះឱ្យបានប្រសើរ ហើយបរិច្ចាគដីខ្លះនិងសុំការយោគយល់ក្នុងពេលក្រុមហ៊ុនធ្វើផ្លូវ ដូចជាធ្វើឱ្យមានការប៉ះពាល់របង ដំណាំផ្សេងៗជាដើម ព្រោះជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ក៏ដូចជាបានបំពេញនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍និងការដឹកកសិផលយកទៅលក់នៅលើទីផ្សារ ជាពិសេសផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្សបានធ្វើដំណើរទៅសាលារៀន។

ការសំណូមពរបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២៣ ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលក្រួសក្រហមប្រវែង៥០៨២ម៉ែត្រ ទទឹងបាតក្រោម៧ម៉ែត្រ បាតលើ៥ម៉ែត្រ និងធ្វើវេទិកាផ្សព្វផ្សាយ និយាយការណ៍ពិតនៅភូមិត្រពាំងស្មាច់ ឃុំអណ្ដូងត្របែកដោយមានការចូលរួមពីសំណាក់
លោក ហម ហឿន អភិបាលរងស្រុកលោក គល់ ជោតិ នាយករដ្ឋបាលសាលាស្រុក លោកស្រី ដួង យី មេឃុំអណ្ដូងត្បែង លោក លោកស្រី ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ ប្រជាការពារ ប្រជាពលរដ្ឋ និងក្រុមហ៊ុនអ្នកទទួលការស្ថាបនាផ្លូវនិងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានថ្លែងថា សមិទ្ធផលផ្លូវដីក្រាលក្រួសក្រហមនេះមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ឡើយ គឺជារបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ពិសេសការខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្តដែលមានលោក
ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនិងលោក សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក។

លោកបានបន្តថា ផ្លូវនេះគឺជាសមិទ្ធផលថ្មីបន្ថែមទៀត ដែលជាការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុក សម្រាប់ប្រជាពលរដ្ឋធ្វើចរាចរណ៍ទៅមកដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។ ដូច្នេះ ផ្លូវថ្នល់គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ បើយើងមានផ្លូវ គឺយើងបានធ្វើឱ្យសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ហើយសមិទ្ធផលទាំងនេះ គឺផ្តើមចេញពីការយកចិត្តទុកដាក់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែជំរុញដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំនៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ និងគិតគូរពីជីវភា​ពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងខិតខំកសាងសមិទ្ធផលនានាជូនដល់ប្រជាពលរដ្ឋ។

បន្ថែមពីនេះទៀតលោកអភិបាលស្រុក សូមឱ្យមានការយកចិត្តទុកដាក់លើការថែរក្សាសុខភាព ជាពិសេស បងប្អូនអញ្ជើញទៅចាក់វ៉ាកសាំងកូវីដ-១៩ ដូសមូលដ្ឋាននិងដូសជំរុញឱ្យបានគ្រប់ៗគ្នាតាមការណែនាំរបស់រាជរដ្ឋាភិបាល។

...

លោកក៏បានអំពាវនាវដល់លោកតាលោកយាយបងប្អូនប្រជាពលរដ្ឋចំពោះអត្តសញ្ញាណប័ណ្ណហួសសុពលភាព ក៏ដូចជាគ្រប់អាយុហើយ មិនទាន់ធ្វើអត្តសញ្ញាណប័ណ្ណសូមប្រញាប់ប្រញាលរួសរាន់មកធ្វើទាំងអស់គ្នា ពិសេសសូមចូលរួមគោរពច្បាប់ចរាចរណ៏ផ្លូវគោកនិងចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ដិភាពទាំង៧ចំណុចដែលរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញផងដែរ៕ ដោយ៖សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print