ខេត្តព្រះសីហនុ៖ ករណីជីដូន អាយុ ជាង៩០ឆ្នាំមួយរូប ដើរមិនរួចជិះតែលើរទេះរុញ ដែលអះអាងថា កូនចៅបោះបង់ ត្រូវបានសាខាកាកបាទក្រហមខេត្តព្រះសីហនុ រៀបចំដោះស្រាយដោយយកជីដូនរូបនេះទៅស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលថែទាំកុមារកំព្រា ដោយខាងសាខាកាកបាទក្រហមខេត្តរ៉ាប់រងរកអ្នកមើលថែនិងប្រាក់ម្ហូបអាហារ បន្ទាប់ពីអាជ្ញាធរព្យាយាមទូរសព្ទ័តាមលេខដែលមានជាប់នឹងខ្លួនលោកយាយ ស្វះស្វែងរកសាច់ញាតិមិនទទួលជោគជយ័ និងមិនឃើញមានសាច់ញាតិកូនចៅមួយណាមកទទួលយកវិញ។
នេះបើតាមការបញ្ជាក់ពីលោកចៅសង្កាត់លេខ១ក្រុងព្រះសីហនុ ក្រោយជំនួបរកដំណោះស្រាយ ក្រោមវត្ត មានលោកស្រី ប្រាក់ ចន្ទ័សុខា ក្នុងនាមសាខាកាកបាទ ក្រហមខេត្តព្រះសីហនុ ព្រមទាំងវត្តមានថ្នាក់ដឹកនាំមន្ទីរកិច្ចការនារីខេត្តនិងមន្ទីរអង្គភាពពាក់ពន្ធ័នៅសាលា សង្កាត់លេខ១ក្រុងព្រះសីហនុ នាព្រឹកថ្ងៃ៧កុម្ភៈ ២០២៣ ។
គួរបញ្ជាក់ថា ក្រោយមានសេចក្តីរាយការណ៍ពីពលរដ្ឋថាឃើញជីដូនមួយរូបវយ័ជាង៩០ឆ្នាំនៅម្តុំឃ្លាំងលើសង្កាត់លេខ១ ដែលដំបូង គេសន្និដ្ឋានថាទំនងជាវង្វេងផ្ទះឬវង្វេងសាច់ញាតិ អាជ្ញាធរមូលដ្ឋានក៏ចុះសាកសួរនិងក្រោយមកបាននាំជីដូនរូបនេះមកមើលថែបណ្តោះ អាសន្ននៅសាលាសង្កាត់លេខ១ក្រុងព្រះសីហនុ។
ក្នុងពេលរង់ចាំ មិនឃើញកូនចៅ សាច់ញាតិមកទទួល យក មន្ត្រីសង្កាត់និងក្រុមការងារសង្គ្រោះ ក៏បានរៀបចំកន្លែងឲ្យលោកយាយសម្រាន្តនៅសាលាសង្កាត់លេខ១ ជាបណ្តោះអាសន្ន និងដាក់ឲ្យមានអ្នកមើលថែទាំ លោក យាយរូបនេះ ចាប់តាំងពីយប់ថ្ងៃទី៥កុម្ភៈបន្តរហូតមក ដល់យប់ថ្ងៃ៦កុម្ភៈ២០២៣ ក៏នៅតែមិនឃើញមានកូនចៅមកទទួលយក ទើបអជ្ញាធររដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមខេត្តព្រះសីហនុរៀបចំដោះស្រាយជាបណ្តោះអាសន្នបែបនេះ។
ទោះជាជីដូនរូបនេះអះអាងថា រូបជីដូនត្រូវកូនចៅបោះ បង់ចោលឲ្យចេញពីផ្ទះយ៉ាងណាក្តី ប៉ុន្តែអាជ្ញាធរមិន ទាន់កំណត់ថាជាដំណឹងពិតឬបែបណានោះទេ ដោយនៅតែរង់ចាំដំណឹងពីកូនចៅឬសាច់ញាតិ បញ្ជាក់បន្ថែម ហើយការរៀបចំយកជីដូនឲ្យទៅស្នាក់នៅ បណ្តោះ អាសន្នក្នុងមណ្ឌលថែទាំកុមារកំព្រា ដោយខាងសាខាកាកបាទក្រហមខេត្តរ៉ាប់រងរកអ្នកមើលថែនិងប្រាក់ម្ហូប អាហារនោះ ក៏ដោយសារតែមិនទាន់ឃើញមានសាច់ញាតិកូនចៅមួយណាមកទទួលយកវិញ៕ ដោយ៖ សូរិយា