Update៖ អគ្គិភ័យឆាបឆេះលំនៅឋានខ្មែរ-អ៊ិស្លាមនៅភូមិអង្គរបានទី៣ ឃុំអង្គរបាន ស្រុកកងមាសស្លាប់បីនាក់របួសពីរនាក់

ចែករំលែក៖

ខេត្តកំពង់ចាម៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះលំនៅឋានរបស់បងប្អូនខ្មែរ -អ៊ិស្លាម ដែលរស់នៅភូមិអង្គរបានទី៣ ឃុំអង្គរបាន ស្រុកកងមាស ពិតជាគួរឱ្យរន្ធត់ បានកើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទីទៀបភ្លឺ ឈានចូលព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយត្រូវបានរថយន្តពន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរបាលស្រុកកងមាស បានចេញមកអន្តរាគមន៍បាញ់ទឹកពន្លត់មុនគេ តែគ្រោះអកុសលនេះ បានបណ្ដាលឲ្យស្លាប់កូនម្ចាស់ផ្ទះរហូតទៅដល់៣នាក់ និងរងរបួសចំនួន២នាក់ផងដែរ។

លោក ភោគ សាវុធ អភិបាលស្រុកកងមាស បានប្រាប់ ឲ្យដឹងថា ស្របពេលដែលអគ្គិភ័យកំពុងតែឆាបឆេះលំនៅឋានរបស់បងប្អូនខ្មែរ-អ៊ិស្លាមនៅភូមិឃុំកើតហេតុខាងលើនេះ ត្រូវបានកម្លាំងប៉ុស្តិ៍អង្គរបាន រាយការណ៍បន្ទាន់មកកាន់លោកអធិការនគរបាលស្រុក និងបានចេញរថយន្តពន្លត់អគ្គិភ័យមកបាញ់ទឹកពន្លត់ភ្លើង ដែលកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅនេះដែលមានផ្សែង ហុយឡើងខ្មួលខ្មាញ់ទៅលើអាកាស។

អភិបាលស្រុកកងមាស បានប្រាប់បន្តឱ្យដឹងទៀតថា ក្នុងពេលដែលមានគ្រោះអគ្គិភ័យនេះ ត្រូវបានអាជ្ញាធរពាក់ព័ន្ធបានសុំអន្តរាគមន៍ជាបន្ទាន់ ដោយមានរថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ១ គ្រឿង និងរថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តចំនួន២គ្រឿង បានចេញមកអន្តរាគមន៍បាញ់ទឹកពន្លត់ជាបន្តបន្ទាប់ធ្វើឲ្យអណ្ដាតភ្លើងបានរលត់ទៅវិញជាបណ្ដើរៗ និងមិនបានឆាបឆេះទៅដល់លំនៅដ្ឋានផ្សេងទៀតនោះទេ។

លោកអភិបាលស្រុកបានបញ្ជាក់ថា ផ្ទះដែលរងគ្រោះដោយសារអគ្គិភ័យនេះ គឺជាផ្ទះកាត់ដេរ និងមានផ្ទុកក្រណាត់ជាច្រើនទៀតផង។ នៅពេលដែលអគ្គិភ័យបានឆាតឆេះឡើងយ៉ាងសន្ធោសន្ធៅនោះ បានធ្វើឲ្យកូនម្ចាស់ផ្ទះដែលដេកនៅក្នុងបន្ទប់រត់ចេញមកក្រោមមិនទាន់ ជាហេតុបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតរហូត ដល់ទៅ៣នាក់ឯណោះ ក្នុងចំណោមកូនទាំង៥នាក់។ ចំណែកផ្ទះរបស់ជនរងគ្រោះដែលឆេះឡើងហ្មត់នេះ គឺជាកម្មសិទ្ធិរបស់ឈ្មោះ យ៉ា អ៊ែល ភេទប្រុស អាយុ ៥៦ឆ្នាំ ជាជនជាតិចាម រស់នៅភូមិ-ឃុំខាងលើ ហើយចំពោះកូនម្ចាស់ផ្ទះដែលបានស្លាប់ទាំង៣នាក់នោះ ក្នុងនោះបុរសម្នាក់ រួមមាន ៖

១- ឈ្មោះ ឯល ណូរ៉ុលចាន់ណាស់ ភេទស្រី អាយុ ១៧ ឆ្នាំ, ២- ឈ្មោះ ឯល ម៉ាត់ហ្វីទល ភេទប្រុស អាយុ១០ឆ្នាំ និង៣- ឈ្មោះ ឯល ហ្វារីទាស់ ភេទស្រី អាយុ១៥ឆ្នាំ។ ក្រៅពីនេះបានរងរបួសមនុស្សចំនួន២នាក់ ក្នុងនោះស្រីម្នាក់ រួមមាន ៖ ១- ឈ្មោះ យ៉ា អ៊ែល ភេទប្រុស អាយុ៥៦ឆ្នាំ និង២- ឈ្មោះ ឯល រ៉ទីយ៉ាស់ ភេទស្រី អាយុ៤១ឆ្នាំ កំពុងបញ្ជូនទៅសង្គ្រាះនៅមន្ទីរពេទ្យ ចំណែកកូនៗចំនួន២នាក់ទៀតនៅពុំទាន់ស្គាល់ឈ្មោះនៅឡើយទេ។

ចំពោះការខូចខាត គឺផ្ទះសង់អំពីឈើដំបូលប្រក់ក្បឿង រៀបបន្ទប់សង្ក័សីក្រោមទំហំ (៦មែត្រ×៨ម៉ែត្រ) ឆេះអស់ទាំងស្រុង និងខូចខាតទ្រព្យសម្បត្តិទាំងស្រុងផងដែរ។ ចំណែកមូលហេតុវិញ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវនៅឡើយ។

អគ្គិភ័យនេះបានរលត់ទៅវិញ នៅវេលាម៉ោង៦និង ៣០នាទីព្រឹក ហើយក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៤ គ្រឿង និងប្រើប្រាស់អស់ទឹក៦រថយន្តផងដែរ។

អភិបាលស្រុកកងមាស បានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីមានហេតុការណ៍គ្រោះអគ្គិភ័យនេះកើតឡើងនៅព្រឹកថ្ងៃទី០៧ កុម្ភៈ គឺឃើញមានវត្តមានស្នងការនគរបាលខេត្ត បានចុះទៅពិនិត្យដោយផ្ទាល់ រួមនឹងសហការី។ ក្នុងនាមអាជ្ញាធរស្រុក ពិតជាមានការសោក ស្ដាយចំពោះអគ្គិភ័យនេះ ដែលបានធ្វើឲ្យបាត់បង់អាយុ ជីវិតកូនម្ចាស់ផ្ទះរហូតដល់ទៅ៣នាក់។

ជាមួយគ្នានោះផងដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បាននាំយកអំណោយសាខាកាកបាទក្រហមខេត្ត ជូនដល់គ្រួសារជនរងគ្រោះ ក្នុងនោះរួមមាន ៖ អង្ករទម្ងន់ ១០០គីឡូក្រាម,មីចំនួន២កេស, ត្រីខ២យូរ,ទឹកបរិសុទ្ធ ចំនួន២កេស, ទឹកក្រូចចំនួន២កេស,ទឹកត្រីចំនួន២យួរ, ទឹកស៊ីអ៊ីវចំនួន២យួរ,តង់មួយ, អាវយឺត ១០និងថវិកាចំនួន២លានរៀល។

ដោយឡែកលោកហុងជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ប្រធានក្រុមការងាររាជរដ្ឋាភិបាល បានចុះជួយស្រុកកងមាស ដោយបានឧបត្ថម្ភបន្ថែមមាន ៖ អង្ករចំនួន៥០គីឡូក្រាម,មីចំនួន២កេស រួមនឹងរបស់របរមួយចំនួនទៀត អមដោយថវិកាចំនួន ១លានរៀលផងដែរ។

...

ក្នុងពេលប្រគល់អំណោយនោះ លោកអភិបាលខេត្ត បានមានប្រសាសន៍ដោយលើកឡើងថា សូមសោក ស្ដាយ និងចូលរួមរំលែកនៅមរណទុក្ខដែលបាត់បង់កូនម្ចាស់ផ្ទះរហូតដល់ទៅ៣នាក់នេះផងដែរ៕ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print