លោក ឌិត ទីណា បង្ហាញពីការគាំទ្រចំពោះគម្រោង «សរសៃសូត្រមាសខ្មែរ»

ចែករំលែក៖

ភ្នំពេញ​៖​ លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ ជាមួយលោក​ TAKAHASHI FUMIAKI ប្រធានសមាគមជប៉ុន-កម្ពុជា លោក KATO KAZUNORI ប្រធានក្រុមហ៊ុន​ IL Brille និងជាអនុប្រធានសមាគម​ជប៉ុន-កម្ពុជា​ ម្ចាស់គម្រោង «សរសៃសូត្រមាសខ្មែរ»  កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

 

ក្នុងជំនួបនេះពិភាក្សាការងារនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងបានបង្ហាញពីការគាំទ្រចំពោះគម្រោង «សរសៃសូត្រមាសខ្មែរ» និងកសិដ្ឋានចិញ្ចឹមត្រី ខេមបូឌា ហ្វ្រេស ហ្វាម ជាពិសេសនឹងជំរុញឱ្យមានការផ្សព្វផ្សាយបន្ថែមទៅដល់កសិករកម្ពុជាឱ្យនៅតែបន្តដាំដុះស្លឹកមន និងចិញ្ចឹមដង្កូវនាងកាន់តែផុសផុលឡើងវិញ ដើម្បីបំពេញតម្រូវការទីផ្សារនាំចេញ។ 

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី ក៏បានគាំទ្រ និងត្រៀមចូលរួមសហការយ៉ាងពេញឆ្លើយតបនឹងការស្នើសុំវិញ្ញាបនបត្រសម្គាល់ផលិតផល ដើម្បីជួយឱ្យការងារនេះសម្រេចបានកាន់តែលឿនតាមដែលអាចធ្វើទៅបាន ហើយនេះក៏ជាការបង្ហាញឱ្យឃើញពីការគាំទ្រដល់ក្រុមហ៊ុនជប៉ុនដែលបានមកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសដើម្បីជួយដល់ប្រជាកសិករខ្មែរដែលប្រកបមុខរបរលើគម្រោងនេះ ឱ្យទទួលបានជីវភាពកាន់តែល្អប្រសើរ។ 

 

សូមជម្រាបផងដែរថា គោលបំណងនៃជំនួបពិភាក្សានេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរយោបល់ ពិភាក្សាអំពីវឌ្ឍនភាព និងស្វែងរកកាលានុវត្តភាពបន្ថែម ក្នុងការជំរុញបរិយាកាសធុរកិច្ចនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ហើយដើម្បីអនុវត្តន៍គម្រោងនេះឱ្យទទួលបានជោគជ័យ ក្រុមហ៊ុនបានយកពូជដើមមន ដែលឆ្លងកាត់ការពិសោធន៍យ៉ាងត្រឹមត្រូវ ទៅផ្តល់ជូនកសិករសម្រាប់ដាំដុះសាកល្បង និងមានការផ្តល់ជាបច្ចេកទេសមួយចំនួនទៅកាន់កសិករ ដែលមានការចុះកិច្ចសន្យាត្រឹមត្រូវជាមួយក្រុមហ៊ុន ដើម្បីធ្វើយ៉ាងណាឱ្យការផលិតសំបុកដង្កូវនាងស្របទៅតាមស្តង់ដារប្រទេសជប៉ុន សម្បូរទៅដោយប្រូតេអុីនដែលជាតម្រូវការក្នុងការយកទៅធ្វើជាវត្ថុធាតុដើម នៃការផលិតគ្រឿសម្អាង និងហ្វូមលាងសម្អាតមុខ តាមស្តង់ដារប្រទេសជប៉ុន។ 

មួយវិញទៀត សម្រាប់កសិដ្ឋានចិញ្ចឹមត្រី ខេមបូឌា ហ្វ្រេស ហ្វាម បច្ចុប្បន្នបាននិងកំពុងចិញ្ចឹមត្រី ទីឡាព្យា ឬណាន់ហ្គុឃឹដៃ លើផ្ទៃដីចំនួន៤,៥ហិកតា ក្នុងខេត្តកណ្តាល ដើម្បីលក់នៅលើទីផ្សារ ដោយយកទៅកែច្នៃជាម្សៅរោយបាយ ប្រហិតត្រី ផ្អកត្រី ត្រីងៀត ត្រីបន្ទះជាដើម សម្រាប់លក់នៅក្នុងស្រុក និងគ្រោងនាំចេញទៅកាន់ទីផ្សារបរទេសនាពេលខាងមុខ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print