ខេត្តស្ទឹងត្រែង: ចៅអធិការវត្តមានការមានការសោកស្តាយនិងរន្ធត់ចិត្តយ៉ាងខ្លាំងខណ:នៅសុខៗស្រាប់តែមានអគ្គិភ័យមកលេបត្របាក់អស់កុដិមួយខ្នងគ្មានសល់ដោយសារទុស្សេខ្សែភ្លើង
នេះបើតាមការបញ្ជាក់ពីចៅអធិការវត្ត។ ហេតុការណ៍នេះបានកើតឡើងនៅវេលា ម៉ោង៧ៈ៥០នាទីយប់ថ្ងៃអាទិត្យ ១៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅភូមិឡាកាយ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ព្រះចៅអធិការវត្តសិលារតនារាម ព្រះនាមឈូ វាសនា មានថេរដីកាឱ្យដឹងនៅថ្ងៃទី០៨ ខែកុម្ភៈនេះថា វត្តទើបតែកសាងនិងសាងសង់បានមួយឆ្នាំជាង
បានកុដិ១ និងសាលាឆាន់១ តែអកុសលត្រូវភ្លើងឆេះអស់គ្មានសល់ ក្នុងឧបត្តិហេតុទុស្សេខ្សែភ្លើងនៅយប់ថ្ងៃពេញបូណ៌មីចំថ្ងៃប្រារព្ធពិធីមាឃបូជា។ ខណៈពុទ្ធបរិស័ទចាស់ក្មេង ញោមប្រុស ញោមស្រីមកលេងកម្សាន្តនៅក្នុងបរិវេណវត្ត។ ព្រះចៅអធិការវត្តបានមានថេរដីកាទៀតថា: ក្នុងកម្មវិធីធ្វើបុណ្យមាឃបូជា ស្រាប់តែឃើញមានភ្លើងឆាបឆេះកុដិដែលមានទំហំទទឹង៥ម៉ែត្រគុណនឹងបណ្តោយ៦ម៉ែត្រ ធ្វើអំពីឈើដំបូលប្រក់សង្ក័សី ឆេះយ៉ាងសន្ធោសន្ធៅតែមួយប៉ប្រិចភ្នែក ហើយម្យ៉ាងទៀតវត្ដនៅឆ្ងាយដាច់ស្រយាលពីទីប្រជុំជនផងគ្មានរថយន្តពន្លត់អគ្គិភ័យមកជួយសង្គ្រោះបានឡើយ។
ព្រះអង្គបញ្ចាក់ថា: ចៃដន្យមានគំនរស្បូវ ដែលព្រះអង្គគរទុកក្បែរកុដិត្រៀមទុកធ្វើក្យូសសម្រាប់ពុទ្ធបរិស័ទមកអង្គុយលេងផងដែរ ទើបធ្វើឱ្យភ្លើងឆាបឆេះយ៉ាងលឿន រកយកអ្វីក៏ពុំបានឡើយ ដូចជាសម្ភារប្រើប្រាស់ផ្សេងៗ សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃ មានស្បង់ចីវរ រួមនឹងសៀវភៅ
គម្ពីធម៌ផងដែរ។ ព្រះអង្គបានអំពាវនាវដល់ពុទ្ធបរិស័ទជិតឆ្ងាយដែលមានចិត្តសប្បុរសធម៌មេត្តាជួយជាបច្ច័យតាមសទ្ធា ដើម្បីកសាងកុដិឡើងវិញ តាមលេខទូរស័ព្ទព្រះចៅអធិការវត្តផ្ទាល់.(0978932879) ដើម្បីជាប្រយោជន៍ដល់ពុទ្ធបរិស័ទ សម្រាប់ប្រារព្ធពិធីបុណ្យផ្សេង ដែលជាសាសនារបស់រដ្ឋ។ ក្រោយពីកុដិលោកត្រូវអគ្គិភ័យឆាបឆេះអស់គ្មានសល់ ព្រះអង្គគ្មានកន្លែងសឹងនោះទេ បច្ចុប្បន្នព្រះអង្គបានមកសឹងនៅក្នុងសាលាឆាន់បណ្តោះអាសន្ន ទាំងសម្ភារៈសម្រាប់ផ្គត់ផ្គង់ដល់ព្រះសង្ឃក៏គ្មានសល់អ្វីដែរ៕ដោយ:មាស សុផាត