សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការបញ្ជូនមន្រ្តីពន្ធនាគារ ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ(UN)

ចែករំលែក៖

ភ្នំពេញ៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការបញ្ជូនមន្រ្តីពន្ធនាគារ ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ(UN) នៅទីស្ដីការក្រសួងមហាផ្ទៃ។

អញ្ជើញមានប្រសាសន៍បើកកិច្ចប្រជុំនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថាកិច្ចប្រជុំនាថ្ងៃនេះ មានគោលដៅស្ដាប់ការធ្វើបទឧទ្ទេសនាម និងបទបង្ហាញរបស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម អំពីបេសកម្មរបស់កងទ័ពមួកខៀវកម្ពុជាក្រោមឆ័ត្រអង្គការសហប្រជាតិ។

សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចំណារឯកភាព ទៅនឹងសំណើររបស់អង្គការសហប្រជាជាតិ ដែលបានស្នើសុំបញ្ជូនមន្រ្តីជំនាញពន្ធនាគារកម្ពុជា៤០រូប ទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

ក្នុងកិច្ចប្រជុំនោះដែរ សម្ដេចឧបនាយករដ្ឋមន្រ្តី បានរម្លឹកថាក្នុងកិច្ចប្រជុំដែលរៀបចំឡើងនៅប្រទេសសិង្ហបុរីកាលពីប្រមាណ១០ឆ្នាំមុន មន្រ្តីជាន់ខ្ពស់អង្គការសហប្រជាតិបានផ្ដួចផ្ដើមគំនិតឱ្យមានការបញ្ជូនកម្លាំងនគរបាលចូលរួមបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាតិ បន្ថែមលើការបញ្ជូនកងទ័ព។

លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម និងសហការីបានធ្វើបទឧទ្ទេសនាមអំពីប្រវត្តិបេសកកម្មUN ការចូលរួមបេសកកម្មរបស់នគរបាលUN ដំណើរការនៃការចូលរួម តម្រូវការហ្វឹកហ្វឺន និងមុខតំណែងសម្រាប់មន្រ្តីនគរបាលជំនាញ៤០រូប។

សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការកោតសរសើរ លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដែលបានដឹកនាំការងារបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅបំពេញបេសកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ ទទួលបានលទ្ធផលជាបន្តបន្ទាប់ និងនាំមកនូវកិត្តិយសជូនជាតិលើឆាកអន្តរជាតិ។

អញ្ជើញមានប្រសាសន៍បន្ថែមក្នុងកិច្ចប្រជុំនោះ សម្ដេចក្រឡាហោម ស ខេង បានណែនាំលោករដ្ឋលេខាធិការ ទទួលបន្ទុកពន្ធនាគារ និងអគ្គនាយកពន្ធនាគារ បង្កើតយន្តការមួយ ផ្ទៃក្នុងក្រសួងមហាផ្ទៃមួយ ដើម្បីធ្វើការងារនេះ និងត្រូវមានយន្តការសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម។

...

បច្ចុប្បន្នអង្គការសហប្រជាតិមានកងកម្លាំងនគរបាលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពប្រមាណជាង ៩ ០០០នាក់ មកពីជាង៩០ប្រទេស ជុំវិញពិភពលោក។ កម្លាំងនគរបាលអង្គការសហប្រជាតិ ភាគច្រើនបំពេញបេសកម្មផ្ដល់ការគាំទ្រដល់ការបំពេញភារកិច្ចរបស់កម្លាំងនគរបាល នៃប្រទេសសាម៉ី៕ ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print