លោក ឃួង ស្រេង ប្រកាសតួនាទី និងភារកិច្ច ប្រធាន អនុប្រធាន មន្ដ្រី សាលារាជធានីភ្នំពេញ២៤រូប

ចែករំលែក៖

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ដែលបានបំពេញការងារបានជោគជ័យក្នុងតួនាទី និងភារកិច្ចរបស់ខ្លួន ពិសេសការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ រហូតទទួលបានជោគជ័យ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញ
ជាអធិបតី ក្នុងការប្រកាសភារកិច្ចនិងតែងតាំងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញចំនួន២៤រូប នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍ទៀតថា៖ភាពជោគជ័យ របស់រដ្ឋបាលរាជធានីភ្នំពេញនាពេលកន្លងមកនេះ គឺពិតជាបានមកពីការលះបង់របស់មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញរបស់យើងនិងមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ។ លោកពិតជាអរគុណចំពោះមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ដែលបានបំពេញការងារជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ពិសេសនៅក្នុងកិច្ចការពារ ទប់ស្កាត់ជំងឺ covid-19 រហូតទទួលបានជោគជ័យ និងបានបើកដំណើរការសេដ្ឋកិច្ចប្រទេសអោយប្រក្រតីឡើងវិញ។
លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ភាពជោគជ័យ ទៅលើការប្រយុទ្ធប្រឆាំងជំងឺ covid -19 គឺពិតជាផ្ដើមចេញមកពី មន្ត្រីនិងប្រជាពលរដ្ឋយើងជឿជាក់យ៉ាងមុតមាំ ទៅលើការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី ដោយមន្ត្រី និងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលបានដើរជួរមុខគេ ក្នុងការចាក់វ៉ាក់សាំងការពារជំងឺ covid -19 ។ ចំណុចនេះហើយ បានបង្កើតឲ្យមានភាពជឿជាក់ពីសំណាក់ប្រជាពលរដ្ឋ រហូតប្រជាពលរដ្ឋសម្រុកទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩បានគ្រប់គ្នានិងគ្រប់ដុស ដែលបានធ្វើអោយវិធានការទប់ស្កាត់នូវការរាតត្បាតជម្ងឺដ៏សាហាវនេះ ទទួលបានជោគជ័យ និងធ្វើអោយប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ាន និងលេខ២ ក្នុងពិភពលោក ។
គួរបញ្ជាក់ថា ក្នុងការប្រកាសផ្ទេរ ភារកិច្ចនិងតែងតាំងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញចំនួន២៤រូបខាងលើនេះ គឺត្រូវផ្ទេរភារកិច្ច មន្ត្រី១រូប ជាមួយនិង
ការតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការចំនួន២៣ រូបថែមទៀត ដែលក្នុងនោះត្រូវបានតែងតាំង ជានាយិការង ជានាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ ,ជានាយកទីចាត់ការ ប្រធាន អនុប្រធានការិយាល័យផងដែរ៕ ដោយ៖សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print