ខេត្តព្រះសីហនុ : លោកយាយ ឈុន ឡៃគើន មានអាយុ៩៥ឆ្នាំ ភ្នែកងងឹត ត្រចៀកធ្ងន់ និងពិការជើង ជាជនចាស់ជរាដែលវង្វេងផ្ទះ ត្រូវកូន ឬសាច់ញាតិយកមកបោះបង់ចោល នៅក្រុង-ខេត្តព្រះសីហនុ , ក្នុងនាមប្រជាពលរដ្ឋខ្មែរ បានឃើញទិដ្ឋភាពនេះ ប្រាកដណាស់ថា, អាណិតអាសូរ លោកយាយ ហេតុអ្វីក៏កូន បងប្អូន សាច់ញាតិ ដាច់ចិត្តធ្វើបែបនេះ ទុកអោយគាត់ ឯកកោ ដ៏វេទនាបំផុត កណ្តាលសមុទ្រទឹកភ្នែក ! ប្រសិនបើគ្មានការយកចិត្តទុកដាក់ពី អាជ្ញាធរ សប្បុរសជន តើលោកយាយ ត្រូវប្រឈម នឹងទុក្ខសោក វេទនាដល់កម្រិតណា ? កូននោះព្រះមិនប្រោសទេ នរក ដ៏សែនជ្រៅ។
នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ លោក គួចចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបង្ហោះ facebook របស់លោកថា, (សីលធម៏ គុណធម៏ សប្បុរសធម៏ មនុស្សគ្រប់គ្នា សុទ្ធតែអះអាងថាខ្លួនមាន ។ តែសំរាប់លោកយាយ នៅឯណា?)
លោកបន្តថា, (លោកយាយ ឈុន ឡៃគើន មានអាយុ៩៥ឆ្នាំ ភ្នែកងងឹត ត្រចៀកធ្ងន់ និងពិការជើង ជាជនចាស់ជរាដែលវង្វេងផ្ទះ បច្ចុប្បន្នលោកយាយស្នាក់នៅ មណ្ឌលបុរីកុមារ ខេត្តព្រះសីហនុ បណ្ដោះអាសន្នសិន) ។
សូមបញ្ជាក់ថា, មិនខុសពីពាក្យចាស់បុរាណ ម្ដាយម្នាក់ចិញ្ចឹមកូន ១០នាក់រស់ ប៉ុន្ដែកូន១០នាក់ មិនអាចចិញ្ចឹមថែម្ដាយម្នាក់មិនបាន ។ សង្ឃឹមថាកូនៗ ដែលឃើញព័ត៌មានហើយរូតរះឡើង ធ្វើបុណ្យទាន់ខែភ្លឺ !
សូមជម្រាបថា, មានករណីជីដូនវ័យជាង៩០ឆ្នាំមួយរូប ដើរមិនរួចជិះតែលើរទេះរុញ ដែលអះអាងថាកូនចៅបោះបង់ចោល បច្ចុប្បន្នត្រូវបានសាខាកាកបាទក្រហមខេត្តព្រះសីហនុ រៀបចំដោះស្រាយដោយយកជីដូនរូបនេះទៅស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលថែទាំកុមារកំព្រា ដោយខាងសាខាកាកបាទក្រហមខេត្តរ៉ាប់រងរកអ្នកមើលថែនិងប្រាក់ម្ហូបអាហារ បន្ទាប់ពីអាជ្ញាធរព្យាយាមទូរស័ព្ទតាមលេខដែលមានជាប់នឹងខ្លួនលោកយាយ ស្វះស្វែងរកសាច់ញាតិមិនទទួលជោគជយ័ និងមិនឃើញមានសាច់ញាតិកូនចៅមួយណាមកទទួលយកវិញ។ នេះបើតាមការបញ្ជាក់ពីលោកចៅសង្កាត់លេខ១ក្រុងព្រះសីហនុ ក្រោយជំនួបរកដំណោះស្រាយ ក្រោមវត្តមានលោកស្រី ប្រាក់ ចន្ទ័សុខា ក្នុងនាមសាខាកាកបាទក្រហមខេត្តព្រះសីហនុ ព្រមទាំងវត្តមានថ្នាក់ដឹកនាំមន្ទីរកិច្ចការនារីខេត្តនិងមន្ទីរអង្គភាពពាក់ពន្ធ័នៅសាលាសង្កាត់លេខ១ក្រុងព្រះសីហនុ នាព្រឹកថ្ងៃ៧កុម្ភៈ២០២៣នេះ។
សុំបញ្ជាក់ថា ក្រោយមានសេចក្តីរាយការណ៍ពីពលរដ្ឋថាឃើញជីដូនមួយរូបវយ័ជាង៩០ឆ្នាំនៅម្តុំឃ្លាំងលើសង្កាត់លេខ១ ដែលដំបូង គេសន្និដ្ឋានថាទំនងជាវង្វេងផ្ទះឬវង្វេងសាច់ញាតិ អាជ្ញាធរមូលដ្ឋានក៏ចុះសាកសួរនិងក្រោយមកបាននាំជីដូនរូបនេះមកមើលថែរបណ្តោះអាសន្ននៅសាលាសង្កាត់លេខ១ក្រុងព្រះសីហនុ។ ក្នុងពេលរង់ចាំ មិនឃើញកូនចៅ សាច់ញាតិមកទទួលយក មន្ត្រីសង្កាត់និងក្រុមការងារសង្គ្រោះ ក៍បានរៀបចំកន្លែងឲ្យលោកយាយសម្រាន្តនៅសាលាសង្កាត់លេខ១ជាបណ្តោះអាសន្ន និងដាក់ឲ្យមានអ្នកមើលថែទាំលោកយាយរូបនេះ ចាប់តាំងពីយប់ថ្ងៃទី៥កុម្ភៈបន្តរហូតមកដល់យប់ថ្ងៃ៦កុម្ភៈ២០២៣ ក៏នៅតែមិនឃើញមានកូនចៅមកទទួលយក ទើបអជ្ញាធររដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមខេត្តព្រះសីហនុរៀបចំដោះស្រាយជាបណ្តោះអាសន្នបែបនេះ។
ទោះជាជីដូនរូបនេះអះអាងថា រូបជីដូនត្រូវកូនចៅបោះបង់ចោលឲ្យចេញពីផ្ទះយ៉ាងណាក្តី ប៉ុន្តែអាជ្ញាធរមិនទាន់កំណត់ថាជាដំណឹងពិតឬបែបណានោះទេ ដោយនៅតែរង់ចាំដំណឹងពីកូនចៅឬសាច់ញាតិ បញ្ជាក់បន្ថែម ហើយការរៀបចំយកជីដូនឲ្យទៅស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលថែទាំកុមារកំព្រា ដោយខាងសាខាកាកបាទក្រហមខេត្តរ៉ាប់រងរកអ្នកមើលថែនិងប្រាក់ម្ហូបអាហារនោះ ក៏ដោយសារតែមិនទាន់ឃើញមានសាច់ញាតិកូនចៅមួយណាមកទទួលយកវិញ ។
លោកយាយ ឈុន ឡៃគើន មានអាយុ៩៥ឆ្នាំ ភ្នែកងងឹត ត្រចៀកធ្ងន់ និងពិការជើង ជាជនចាស់ជរាដែលវង្វេងផ្ទះ ត្រូវកូន ឬសាច់ញាតិយកមកបោះបង់ចោល នៅក្រុង-ខេត្តព្រះសីហនុ ត្រូវបានទទួលការទំនុកបំរុង ជួយថែទាំទាំងស្រុង ៕
ដោយ : សិលា