ភ្នំពេញ ៖ គេសង្កេតឃេីញថា ករណីប្លន់រថយន្តត្រូវបានស្ងប់ស្ងាត់មួយរយៈទៅហើយ ស្រាប់តែនៅពេលនេះកើតមានករណីប្លន់រថយន្តទៅលើបុរសម្នាក់ដែលជាអ្នករត់តាក់ស៊ី តែសំណាងល្អប្លន់មិនបានសម្រេចគ្រាន់តែម្ចាស់រថយន្តរងរបួសបន្តិចបន្តួចប៉ុណោះ ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវទួលពង្រ ហួសភ្លើងស្តុបថ្មីប្រមាណ២០០ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះជាម្ចាស់រថយន្តបានរងរបួសមុខនិងមាត់ដោយបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ចោមចៅទី១ ដេីម្បីឱ្យនគរបាលជួយស្រាវជ្រាវចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យមានគ្នាបីនាក់បានហៅរថយន្តព្រូស ពណ៌ទឹកសមុទ្រ ពាក់ផ្លាកលេខភ្នំពេញ2BA-0575ជិះពីក្រុងតាខ្មៅខេត្តកណ្ដាល គោលបំណងមកផ្សារទួលពង្រខណៈមកដល់ចំណុចកើតខាងលើ ជនសង្ស័យបានឱ្យជនរងគ្រោះឈប់រថយន្តដោយធ្វើជាឈឺនោម ស្រាប់តែជនសង្ស័យទាំងនោះធ្វើសកម្មភាពយកខ្សែហ្វ្រ័ងកង់មករឹតកម្ចាស់រថយន្ត តែសំណាងល្អរឹតចំមាត់ទេីបមានការប្រតាយប្រតប់គ្នាធ្វើឱ្យរថយន្តរេចង្កូតទៅបុកខឿនចិញ្ចើមផ្លូវពេញទំហឹងបាក់ខឿនចិញ្ចើមផ្លូវជាច្រើនផ្ទាំង ហើយរថយន្តខូចខាតផ្នែកខាងមុខទៅលែងរួច ។
ក្រោយកេីតហេតុភ្លាមៗ ជនសង្ស័យខាងលេីបានរត់គេចខ្លូនបាត់ស្រមោល។ ចំណែកម្ចាស់រថយន្តរងគ្រោះ ត្រូវបានសមត្ថកិច្ចជូនទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ចោមចៅទី១ដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវតាមកាមេរ៉ាសុវត្តិភាព រួចឈានដល់ចាប់ខ្លួនជនសង្ស័យទាំងនោះយកមកផ្ដន្ទាទោសតាមច្បាប់ឱ្យខាងតែបាន៕
ដោយ ៖ ភារ៉ា ដង្កោ