ស្លាប់ម្នាក់​ របួសធ្ងន់ម្នាក់​បន្ទាប់ពីជិះម៉ូតូឌុបគ្នាចេញពីខួបកំណេីតមិត្តភក្តិត្រូវរថយន្តដឹកដីបើកកៀរនិងកិននៅចំណុចភ្លើងស្តុបណូគា

ចែករំលែក៖

ភ្នំពេញ​ ៖​ យុវជនពីរនាក់បាន​ជិះម៉ូតូឌុបគ្នាចេញពីកម្មវិធីខួបកំណេីតមិត្តភក្តិក្នុងគោលបំណងត្រឡប់ទៅផ្ទះ​វិញ តែអកុសលជិះម៉ូតូបានពាក់កណ្ដាលផ្លូវត្រូវរថយន្តដឹកដីបើកកៀរឱ្យដួលរួចកិនពីលើបណ្ដាលឱ្យស្លាប់ម្នាក់​ របួសធ្ងន់ម្នាក់​ កាលពីវេលាម៉ោង១​និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នៅត្រង់ចំណុចអតីតភ្លើងស្តុប ណូគាតាមបណ្ដោយផ្លូវលេខ២៧១ កែងនឹងផ្លូវលេខ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
​    សមត្ថកិច្ចបានឱ្យដឹងថា​ ជនរងគ្រោះដែលស្លាប់មានឈ្មោះ សេត សាលី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកដឹកជញ្ជូនតាមអនឡាញ ស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ មានទីលំនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាអ្នកឌុប។ ចំណែកឯជនរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះ វីន អាយុ​ប្រហាក់ប្រហែលគ្នា ត្រូវជាមិត្តភក្តិជនរងគ្រោះដែលមានមុខរបរជាអ្នកដឹកនំខេក តាមអនឡាញ (ជាអ្នកជិះពីក្រោយ) ។ អ្នកទាំងពីរជិះម៉ូតូម៉ាកឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1JW.1246 ។ ចំណែកឯរថយន្តដឹកដី ម៉ាកDONGFENG ពណ៌ស ពាក់ស្លាកលេខ ពណ៌លឿងAT22 .3.1846 របស់ក្រុមហ៊ុនទ្រី ស៊ូ  មុី ដឹកជញ្ជូន​ ដោយអ្នកបើកបរបានចុះគេចខ្លួនបាត់ស្រមោល​ទៅ។
​    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ ដំបូងឡើយគេឃើញរថយន្តដឹកដី​ខាងលេី​បើកបរតាមបណ្ដោយផ្លូវលេខ ២០០៤​ ក្នុងទិសដៅពីលិច​ទៅកើត​ ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បត់ស្ដាំដៃទៅកៀរម៉ូតូរបស់ជនរងគ្រោះបណ្ដាលឱ្យដួលរួចកិនចំយុវជនម្នាក់បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ចំណែកយុវជនម្នាក់ទៀតរងរបួសធ្ងន់​ត្រូវបានរថយន្តសាមុយដឹកយកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត​។ រីឯអ្នកបើករថយន្តបង្កហេតុបានបើកទ្វារចុះរត់ឡើងទៅលើរថយន្តដឹកដីមួយគ្រឿងទៀតរបស់បក្ខពួកគេចខ្លួនបាត់ស្រមោល​ទៅ។
​     បេីតាមសម្ដីមិត្តភក្តិរបស់ជនរងគ្រោះបានប្រាប់ឱ្យដឹងថា​ ពួកគាត់នឹងជនរងគ្រោះបានបែកគ្នាចេញពីកម្មវិធី ខួបកំណើតមិត្តភក្តិនៅផ្លូវលេខ២០០៤​ដេីម្បី​ទៅផ្ទះរៀងៗខ្លួន​ តែអកុសលបែរជាមកជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់បែបនេះទៅវិញ។
​     ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋាន​ សហការជាមួយជំនាញចរាចរណ៍ខណ្ឌចុះមកធ្វេីការវាស់វែងយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាតាមច្បាប់​ ។ ចំណែកសពជនរងគ្រោះ​ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យសាច់ញាតិដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print