ប៉េកាំង៖ នារសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសចូលរួមអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ ចាំង យូសៀ (Zhang You Xia) អនុប្រធានទី១ នៃគណៈកម្មាធិការយោធាមជ្ឈិមបក្សកម្មុយនីស្តចិន ដោយមានការចូលរួមផងដែរពីសំណាក់ នាយឧត្តមសេនីយ៍ លី ឈីវមីង (Li Qiao Ming) មេ បញ្ជាការកងទ័ពជើងគោកនៃកងទ័ពរំដោះប្រជាជនចិន និងឧត្តមសេនីយ៍ទោ លី ពីន (Li Bin) ប្រធានការិយាល័យកិច្ចសហប្រតិបត្តិការយោធាអន្តរជាតិ នៃគណៈកម្មាធិការយោធាមជ្ឈិមបក្ស។
ក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ ចាំង យូសៀ បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយចំពោះឱកាសដ៏មានអត្ថន័យ ដែលបានជួបសំណេះសំណាលជាមួយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ស្របពេលនៃដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់នៃរាជ រដ្ឋាភិបាលកម្ពុជា មកកាន់សាធារណរដ្ឋប្រជាមានិតចិននាឱកាសលើកនេះ។ នាយឧត្តមសេនីយ៍ បានកត់ សម្គាល់ប្រកបដោយការវាយតម្លៃខ្ពស់ អំពីការរីកចម្រើននៃទំនាក់ទំនងផ្នែកយោធាកម្ពុជា-ចិន ក្នុងរយៈកាលកន្លងមកនេះ និងបានបង្ហាញនូវការគាំទ្រលើគោល គំនិត និងទិសដៅសហប្រតិបត្តិការនានារវាងកងទ័ពនៃប្រទេសទាំងពីរ និយាយជារួម និងនិយាយដោយឡែក ក្នុងកម្រិតកងទ័ពជើងគោក សំដៅធ្វើយ៉ាងណាថែរក្សាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ។
ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូន នាយឧត្តមសេនីយ៍ ចាំង យូសៀ នូវការផ្តាំ ផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកងយោធ ពលខេមរភូមិន្ទ និងបានថ្លែងអំណរគុណចំពោះការផ្តល់កិត្តិយសទទួលបដិសណ្ឋារកិច្ចស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងស្និទ្ធស្នាលនេះ។ លោកឧត្តមសេនីយ៍ ឯក ក៏បានថ្លែងអំណរគុណចំពោះកងទ័ពរំដោះប្រជា ជនចិន ដែលតែងបានជួយឧបត្ថម្ភគាំទ្រដល់កងយោធ ពលខេមរភូមិន្ទ និងបានជម្រាបជូនអំពីវឌ្ឍនភាពឈាន ឡើងនៃទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ជាពិសេសការសម្រេចបាននូវការចុះហត្ថលេខាលើ MOU កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ ដែលគឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេស និងប្រជាជនយើងទាំងពីរឱ្យកាន់តែរឹងមាំ និងយូរអង្វែង ក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ក៏ដូចជាការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។
ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរបានបង្ហាញនូវមតិយល់ស្របដូចគ្នាក្នុងគោលបំណងចង់ឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិកបន្តរក្សាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដូចដែលប្រទេស និងប្រជាជននៅក្នុងតំបន់នេះធ្លាប់ទទួលផលកន្លងមក ហើយការដោះស្រាយបញ្ហាប្រឈមនានា គឺចាំបាច់ត្រូវឈរលើមូលដ្ឋាននៃសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើវិធានច្បាប់៕ ដោយ៖ សូរិយា