កម្លាំងទ័ពមួកខៀវកម្ពុជាម្នាក់បានស្លាប់ដោយសារជំងឺសួតនៅតំបន់បេសកកម្មប្រទេសម៉ាលី

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានឲ្យដឹងថាកម្លាំងទ័ពមួកខៀវកម្ពុជាម្នាក់ បានពលីជីវិតនៅក្នុងតំបន់បេសកកម្មថែរក្សាសន្តិភាពក្របខ័ណ្ឌអង្គការសហ ប្រជាជាតិនៅក្នុងតំបន់តេសសាលីត ប្រទេសម៉ាលី។

នាយឧត្តមសេនីយ សែម សុវណ្ណនី អគ្គនាយកមជ្ឈ មណ្ឌលជាតិរក្សាសន្តិភាពនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះបានឲ្យដឹងថា លោកវរៈសេនីយ៍ទោ ភឿក ជីវ័ន្ត អាយុ៤២ឆ្នាំ បំរើការជាមេបញ្ជាការរងកងអនុ សេនាធំវិស្វកម្មព្រលានយន្តហោះលេខ ៧២៩ ប្រចាំតំបន់តេសាលីត បានរងពលីជីវិតនៅវេលាម៉ោង ១០ និង១៥នាទីយប់ នៅប្រទេសម៉ាលីថ្ងៃទី៩ ខែ កុម្ភៈ ឆ្នាំ២០២៣ ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានឱ្យដឹងទៀតថា តាមការធ្វើរោគវិនិច្ឆ័យបឋមរបស់ក្រុមពេទ្យ បានឲ្យដឹងថា ការពលីជីវិតនោះ គឺបណ្តាលមកពីបញ្ហាសួត ជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ដែលជាជំងឺប្រចាំកាយរបស់គាត់ ហើយការធ្វើតេស្ត គឺមិនមានរោគសញ្ញាមេរោគកូវីដ-១៩នោះទេ។

នាយឧត្តមសេនីយ៍បន្តថា នៅពេលនេះ ក្រុមពេទ្យអង្គការសហប្រជាជាតិបាននិងកំពុងធ្វើការស៊ើបអង្កេត និងធ្វើកោសល្យវិនីច្ឆ័យរកមូលហេតុនៃការរងពលីនោះពិតប្រាកដ ដើម្បីបញ្ជូនទៅទីបញ្ហាធំ នៅក្រុងញូវយ៉ក សហរដ្ឋអាមេរិច ហើយប្រសិនបើការទទួលមរណៈភាពនោះស្ថិតក្នុងនៅលក្ខខណ្ឌរបស់UN គឺភាគីUNអាចនឹងផ្តល់សំណងជាថវិកាជូនគ្រួសារសពប្រមាណ ៧ម៉ឺនដុល្លាអាមេរិចផងដែរ។

នៅពេលនេះ សពវរៈសេនីយ៍ទោ ភឿក ជីវ័ន្ត បាននិងកំពុងធ្វើពិធីសាសនាផងដែរនៅក្នុងតំបន់បេសកកម្មតេសាលីតប្រទេសម៉ាលី ហើយនៅពេលនេះដែរ ខាងភាគីកម្ពុជាយើង ក៏នៅមិនទាន់ដឹងថាតើសពនឹងបញ្ជូនមក ដល់កម្ពុជា នៅពេលណានោះដែរ។

នាយឧត្តមសេនីយ៍បានឲ្យដឹងដែរថា ដោយឡែកនៅគេហដ្ឋានគ្រួសារសពវរៈសេនីយ៍ទោ ភឿក ជីវ័ន្ត ក៏បាននិងកំពុងធ្វើពិធីបុណ្យសព ដោយមានថ្នាក់ដឹកនាំសាច់ញ្ញាតិចូលរួមរំលែកទុក្ខ និងរងចាំទទួលសពមកពីប្រទេសម៉ាលីផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print