សារព័ត៌មានTASS បានដកស្រង់សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov នៅថ្ងៃទី ១១ ខែកុម្ភៈ ដោយនិយាយថា ទីក្រុងមូស្គូបានអនុវត្តការវាយឆ្មក់ដោយកាំជ្រួចមីស៊ីល និងយន្តហោះគ្មានមនុស្សបើកលើគោលដៅនានាក្នុងប្រទេសអ៊ុយក្រែន ក្នុងនោះបានកម្ទេចផ្លូវសម្រាប់ដឹកជញ្ជូនអាវុធពីប្រទេសលោកខាងលិច។
យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានបញ្ជាក់ថា ការវាយឆ្មក់ទ្រង់ទ្រាយធំកាលពីថ្ងៃទី១០ ខែកុម្ភៈ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនយ៉ាងច្រើននៅភាគខាងលិច តំបន់កណ្តាល និងភាគខាងកើត។ ជាពិសេស ទីក្រុង Zaporizhia នៅភាគខាងត្បូងនៃប្រទេសបានទទួលរងការវាយប្រហារដោយមីស៊ីលដ៏ធំបំផុតមិនធ្លាប់មានចាប់តាំងពីសង្គ្រាមផ្ទុះឡើង។
ឧត្តមសេនីយ៍ឯក Igor Konashenkov បានបញ្ចាក់ថា “ការវាយប្រហារបានវាយចំគោលដៅដែលបានកំណត់ទាំងអស់” ។ ជាពិសេស ភាគីរុស្ស៊ីបានប្រកាសបិទផ្លូវដែកនិងផ្លូវសំខាន់ៗ ដែលលោកខាងលិចប្រើប្រាស់ក្នុងការដឹកជញ្ជូនអាវុធចូលអ៊ុយក្រែន។
ទោះបីជាលោក Igor Konashenkov មិនបានបញ្ជាក់ពីផ្លូវដែលបានរៀបរាប់ខាងលើក៏ដោយ ប៉ុន្តែមុននោះនៅលើបណ្តាញសង្គមបានលេចចេញនូវវីដេអូមួយដែលជឿថាជាពេលដែលស្ពានផ្លូវដែកក្នុងតំបន់ Zatoka ចម្ងាយប្រហែល 50 គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Odessa ត្រូវបានខូចខាតដោយការវាយប្រហារពីយន្តហោះគ្មានមនុស្សបើក និងការវាយប្រហារពីសមុទ្រ៕ ដោយធីរីណា
រូបថត : telegraph