ក្របខ័ណ្ឌបាល់ទាត់លីកកំពូលអង់គ្លេស Premier League បានប្រកាសកាលពីថ្ងៃសុក្រ ទី១០ កុម្ភៈថា ខ្លួននឹងបរិច្ចាគ១លានផោនជាការឆ្លើយតបទៅនឹងការរញ្ជួយដីដ៏បំផ្លិចបំផ្លាញនៅក្នុងប្រទេសទួរគី និងស៊ីរី។
សេចក្តីថ្លែងការណ៍មួយពីលីកបាល់ទាត់កំពូលរបស់ប្រទេសអង់គ្លេសបានឲ្យដឹងថា “Premier League មានការសោកស្ដាយយ៉ាងខ្លាំងចំពោះគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញនៅទួរគី និងស៊ីរី ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។ League នឹងធ្វើការបរិច្ចាគចំនួន១លានផោនដល់ការអំពាវនាវរបស់គណៈកម្មាធិការសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ (DEC) ដើម្បីផ្តល់ជំនួយមនុស្សធម៌ដោយផ្ទាល់ដល់អ្នកដែលត្រូវការជំនួយ“។
កីឡាករ និងមន្ត្រីនឹងពាក់ខ្សែដៃពណ៌ខ្មៅសម្រាប់ការប្រកួតចុងសប្តាហ៍នេះដើម្បីជាការគោរពដល់អ្នកដែលបាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីនេះ។
ជាមួយគ្នានេះស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប UEFA និងមូលនិធិ UEFA របស់ខ្លួនសម្រាប់កុមារកំពុងបរិច្ចាគប្រាក់ដំបូងចំនួន២០០,០០០អឺរ៉ូ ដើម្បីគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌នៅទួរគី និងស៊ីរីផងដែរ ៕ (រូបភាព ៖ Reuters/CNA)