ភ្នំពេញ : លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងទ័ពជើងគោក នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហោះនូវសារប្រកបដោយ អត្ថន័យ លើកឡើងពីកត្តាជោគជ័យ គឺឈរលើកត្តាសំខាន់ចំនួន ៤។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា,
កត្តាជោគជ័យ គឺឈរលើកត្តាសំខាន់ចំនួន ៤៖
១. ជោគជ័យធំ កើតឡើងពីជោគជ័យតូចៗផ្តុំគ្នា
២. ការខិតខំប្រឹងប្រែងតស៊ូ ជាកត្តាសំខាន់នៃភាពជោគជ័យ៖ គ្មានភាពជោគជ័យណាដែលកើតឡើងដោយគ្មានការតស៊ូនោះទេ
៣. ភាពជោគជ័យអាចប្រើប្រាស់ពេលវេលាយូរអង្វែង ដូចនេះទាមទារនូវការអំណត់អត់ធន់
៤. ការកំណត់គោលដៅច្បាស់លាស់ និងបន្តទៅមុចជារៀងរហូត ហើយពេលខ្លះក្នុងពេលបរាជ័យ ។
កាលពីម្សិលមុិញ លោកបណ្ឌិត ហ៊ុន ម៉ាណែត ហួសចិត្តនឹងសារព័ត៌មាន VOD ដែលសរសេរ គ្មានការពិត បំផ្លើសព័ត៌មាន រហូតដល់លោកបណ្ឌិត បង្ហោះថា, ពិតជាមានរឿងប្លែកៗមែន… បើអ្នកនិយាយតាម facebook តាមអារម្មណ៍មិនមានអាជីពពិតប្រាកដខ្ញុំមិនថាទេ ប៉ុន្តែសម្រាប់សារពត៌មានអាជីពដែលជ្រកក្រោមអង្គភាពសារព័ត៌មានច្បាស់លាស់ ខ្ញុំត្រូវការការបំភ្លឺមួយដែលមានភាពប្រាកដប្រជានិងការទទួលខុសត្រូវ៖
ខ្ញុំសុំអោយវិទ្យុ VOD បង្ហាញឯកសារដែលបញ្ជាក់ថាខ្ញុំបានចុះហត្ថលេខាជំនួសសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់ជំនួយថវិកាទៅអោយប្រទេសតួគីដែលកំពុងរងគ្រោះរញ្ជួយដីផង ព្រោះខ្ញុំមិនបានដឹងរឿងនេះ ហើយខ្ញុំក៍មិនមានសិទ្ធិក្នុងការចុះហត្ថលេខាលើឯកសាររបស់រាជរដ្ឋាភិបាលដែរ។
បើ VOD មិនមានឯកសារ ហើយចុះផ្សាយពត៌មានមិនត្រឹមត្រូវ សូមធ្វើការសុំទោស ព្រមទាំងធ្វើការកែសម្រួលពត៌មាននិងផ្សព្វផ្សាយជាសាធារណៈជាបន្ទាន់ ដើម្បីកុំអោយសាធារណៈមតិមានការយល់ច្រឡំក្នុងរឿងនេះ។
ខ្ញុំមិនចង់បានអ្វីក្រៅតែពីការពារភាពត្រឹមត្រូវនិងច្បាស់លាស់ទេ៕
ដោយ : សុខ ខេមរា