យុវជន ៧មករា ៖ ហេតុអ្វីបានជាវិទ្យុវីអូឌីមិនព្រមប្រើពាក្យសុំទោសក្នុងលិខិតទី១ របស់ខ្លួន? កុំបន្តព្យាយាមធ្វើជាជនរងគ្រោះពីការរំលោភ និងក្បត់វិជ្ជាជីវៈរបស់ខ្លួន និងកុំស្រក់ទឹកភ្នែកក្រពើ

ចែករំលែក៖

ភ្នំពេញ : ក្នុងរយៈពេលមិនដល់ ១២ ម៉ោងផង វិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី (VOD) ដែលបានប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងមានកាតព្វកិច្ចធ្វើការកែតម្រូវ និងសុំទោសជាសាធារណៈស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន បានចេញលិខិតដល់ទៅពីរ៖ លិខិតទី១ បានប្រើប្រាស់ពាក្យ «សោកស្តាយនិងសូមអធ្យាស្រ័យប្រសិនបើមានកំហុសឆ្គង» ដែលមានន័យស្មើនឹងការគេចវេសមិនទទួលស្គាល់កំហុសវិជ្ជាជីវៈរបស់ខ្លួនហើយក៏មិនសុំទោសជាសាធារណៈដែរ ខណៈខ្លួនបានប្រព្រឹត្តកំហុសវិជ្ជាជីវៈច្បាស់ក្រឡែតទៅហើយ។

ការគេចវេសមិនទទួលស្គាល់កំហុសនិងសុំទោសជាសាធារណៈដើម្បីសងការខូចខាតកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់រាជរដ្ឋាភិបាលកម្ពុជានិងកិត្តិយសរបស់ឯកឧត្តម ហ៊ុន ម៉ាណែត នេះហើយដែលធ្វើឱ្យវិទ្យុវីអូឌីនេះត្រូវបង់ថ្លៃខាតដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីសម្រេចឱ្យក្រសួងព័ត៌មាន លុបអាជ្ញាបណ្ណរបស់វិទ្យុវីអូឌី។ នៅម៉ោង១២ រំលងអាធ្រាត នៃថ្ងៃទី១៣ ខែកុម្ភៈ វិទ្យុវីអូឌី បានចេញលិខិតទី២ ដោយប្រើ ពាក្យ «សុំទោស» ដើម្បីបំពេញកាតព្វកិច្ចតាមច្បាប់ស្តីពីសារ ព័ត៌មានដែលពាក្យនេះគួរតែប្រើនៅក្នុងលិខិតទី១ ហើយអាច សង្គ្រោះវិទ្យុនេះបាន។ ប៉ុន្តែថ្នាក់ដឹកនាំនៃវិទ្យុវីអូឌីមិនបានប្រើ ឱកាសដែលបានផ្តល់ឱ្យដោយសម្តេចតេជោក្នុងការសុំទោស ជាសាធារណៈនោះទេ បែរជាខិតខំគេចវេសទៅវិញ។ ហេតុអ្វីបានជាវិទ្យុវីអូឌីមិនប្រើពាក្យសុំទោសនៅក្នុងលិខិតទី១?

បន្ទាប់ពីបានជួបពិភាក្សាជាមួយមន្ត្រីក្រសួងព័ត៌មាន វិទ្យុវីអូឌី បានប្រកាសថាខ្លួននឹងដាក់លិខិតជូនសម្តេចនាយករដ្ឋមន្ត្រីនៅ ល្ងាចថ្ងៃទី១២ ខែកុម្ភៈ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើល ខ្លឹមសារលិខិតនោះ វិទ្យុវីអូឌីនៅតែប្រកាន់នូវគោលជំហរខែងរ៉ែង មិនទទួលស្គាល់ថាបានរំលោភបំពានវិជ្ជាជីវៈសារព័ត៌មានឡើយ និងបានត្រឹមប្រើពាក្យសោកស្តាយនិងសូមអធ្យាស្រ័យប៉ុណ្ណោះ។ ប្រភពពីបុគ្គលិកវិទ្យុវីអូឌីបានបង្ហើបឱ្យដឹងថា ថ្នាក់ដឹកនាំរបស់វិទ្យុនេះរួមមានឈ្មោះ ឆន សុគន្ធា និងអ៉ិត សូធឿត មិនមានស្វ័យភាពលើការសម្រេចចិត្តដោយខ្លួនឯងទេ ប៉ុន្តែពួកគេបានធ្វើតាមការណែនាំផ្តល់យោបល់ពីស្ថានទូតបរទេសដែលជាម្ចាស់ជំនួយ និងជនបរទេសមួយចំនួន។

ពួកគេបានផ្តល់យោបល់មិនត្រូវពាក្យសុំទោសទេព្រោះនឹងធ្វើឱ្យប៉ះពាល់ដល់កឹរ្តិ៍ឈ្មោះវិទ្យុ និងបង្ហាញពីភាពគ្មានវិជ្ជាជីវៈរបស់វិទ្យុបិតប្រាកដមែន។ ហេតុ ដូច្នេះហើយបានជាក្នុងលិខិតទី១ របស់ខ្លួន ពាក្យថា សុំទោស មិនមាននៅក្នុងលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន ឡើយ។ នេះគឺជាមេរៀនមួយសម្រាប់បងប្អូនជនជាតិខ្មែរដែល ស៊ីប្រាក់ខែបរទេស បម្រើរបៀបវារពនយោបាយបរទេស។ អ្វីៗត្រូវដើរតាមបន្ទាត់នយោបាយដែលគេកំណត់តាមលុយជំនួយដែលគេផ្តល់ឱ្យ គ្មានឥស្សរភាព និងស្វ័យភាពឡើយ។

យោងតាមអង្គហេតុនិងអង្គច្បាប់ដែលកើតឡើង វិទ្យុវីអូឌីនិងអ្នកសារព័ត៌មានរបស់ខ្លួនបានប្រព្រឹត្តកំហុសវិជ្ជាជីវៈដ៏ធ្ងន់ធ្ងរបំផុត ហើយទាំងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម ហ៊ុន ម៉ាណែត ផ្តល់ឱកាសឱ្យក្នុងការអនុវត្តតាមក្រមសីលធម៌ និងច្បាប់ជាធរមានតែពួកគេនៅតែបំពាន ដោយមិនបានទាំងបង្ហាញភស្តុតាងដែលបានចោទប្រកាន់ហើយ ក៏មិនបានការកែតម្រូវលើអត្ថបទដែលខ្លួនបានផ្សព្វផ្សាយដោយបំភ្លៃ និងមិនធ្វើការសុំទោសថែមទៀត។

បើពិនិត្យលើអត្ថបទដែលវិទ្យុនេះបានផ្សាយដោយមួលបង្កាច់ថាឯកឧត្តម ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសសម្តេចតេជោ នាយករដ្ឋមន្ត្រីផ្តល់ជំនួយដល់ប្រទេសតួកគី គឺវិទ្យុវីអូឌីបានរំលោភយ៉ាងធ្ងន់ធ្ងរលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន៖ វិទ្យុ VOD ពិតជាមានកំហុសវិជ្ជាជីវៈ ដែលមិនបានផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ថា តើមានលិខិតដែលឯកឧត្តម ហ៊ុន ម៉ាណែត ចុះហត្ថលេខា ពិតប្រាកដឬទេមុននឹងផ្សាយ? អ្នកសារព័ត៌មានត្រូវស្វែងរកនិងរាយការណ៍ព័ត៌មានពិតដោយ៖ (១)ការសរសេរ ការនិយាយ និងការផ្សព្វផ្សាយទាំងឡាយរបស់អ្នកសារព័ត៌មានត្រូវឈរលើការពិត និងភាពត្រឹមត្រូវ។ (២) ប្រើវិធីដោយ សុច្ចរិតដើម្បីរកដំណឹង រូបថត និងឯកសារផ្សេងៗដើម្បីចុះផ្សាយ។ (៣) ត្រូវផ្ទៀងផ្ទាត់ព័ត៌មានឡើងវិញ មុននឹងធ្វើការផ្សព្វផ្សាយ ដើម្បីបញ្ជាក់ពីការពិត និងភាពច្បាស់លាស់នៃហេតុការណ៍។ (៤) ត្រូវផ្សាយតែ ព័ត៌មានណាពិត ឥតលម្អៀង និងច្បាស់លាស់ដើម្បីកុំឱ្យសាធារណជនយល់ច្រឡំ។ (៥) អ្នកសារព័ត៌មាន ត្រូវទទួលខុសត្រូវចំពោះរាល់ការផ្សព្វផ្សាយដែលខុសពីការពិត ហើយត្រូវចុះផ្សាយកែតម្រូវដោយអនុលោម តាមច្បាប់ស្តីពីរបបសារព័ត៌មាន។ (៦) ត្រូវរាយការណ៍តែហេតុការណ៍ណាដែលខ្លួនបានឃើញ និងបានដឹងពីប្រភពច្បាស់លាស់ ហើយផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ។

ចំពោះការផ្សាយព័ត៌មានបំភ្លៃនេះត្រូវបានស្នើសុំពីសំណាក់ឯកឧត្តម ហ៊ុន ម៉ាណែត ឱ្យវិទ្យុវីអូឌីកែតម្រូវ និងការផ្តល់ពេលរបស់សម្តេចតេជោ ហ៊ុន សែន ឱ្យវិទ្យុនេះកែតម្រូវនិងសុំទោសជាសាធារណៈដើម្បីស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល និងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា គឺជាសិទ្ធិស្របច្បាប់របស់បុគ្គលដែលរងផលប៉ះពាល់ពីអត្ថបទដែលបានផ្សព្វផ្សាយ។

យោងតាមមាត្រា ១០ នៃច្បាប់ស្តីពីរបបសារព័ត៌មានចែងថា៖ «(ក) ជនណាមួយដែលយល់ថា អត្ថបទណាមួយ ទោះបីជាសរសេរបញ្ជិតបញ្ជៀងក៏ដោយ រូបគំនូរ ឬរូបថតនៃសារព័ត៌មានណាមួយដែលខុសពីការពិត ធ្វើឱ្យខូចខាតដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្លួន មានសិទ្ធិទាមទារឱ្យសារព័ត៌មាន នោះធ្វើការកែតម្រូវ និងមានសិទ្ធិឆ្លើយតប និងធ្វើពាក្យបណ្តឹងពីបទបរិហារកេរ្តិ៍ ពីបទមួលបង្កាច់ ឬពីបទជេរប្រមាថ ចំពោះការប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្លួន។ (ខ) ចំពោះករណីពាក់ព័ន្ធនឹងបុគ្គលសាធារណៈ គ្រប់ការពោលអះអាង ឬការទម្លាក់កំហុសដែលអ្នកសារព័ត៌មានយកមកចុះផ្សាយដោយផ្ទាល់ ឬយកមកចុះផ្សាយបន្តខុសពីការពិត ក្នុងបំណងបំផ្លាញបុគ្គលសាធារណៈនោះ គឺជាការ មួលបង្កាច់ដែលច្បាប់ហាមឃាត់»។

នេះគឺជាការធ្វេសប្រហែសក្នុងវិជ្ជាជីវៈសារព័ត៌មានរបស់អ្នកកាសែតរបស់វិទ្យុ VOD ដែលមិនយកចិត្តទុកដាក់លើការបញ្ជាក់ប្រភពផ្សេងៗ មុននឹងចុះផ្សាយដោយផ្ទាល់ ឬយកប្រភពព័ត៌មាននេះទៅផ្សព្វផ្សាយបន្ត។ មិនតែប៉ុណ្ណោះដោយឈរលើប្រភពព័ត៌មានមិនច្បាស់លាស់នេះ អ្នកកាសែតបានពន្លាតរឿងរ៉ាវផ្សេងៗក្រោមឥទ្ធិពលនៃនិន្នាការនយោបាយដែលស្វែងរកតែចំណុចអវិជ្ជមានរបស់មន្ត្រីរាជរដ្ឋាភិបាលដើម្បីវាយប្រហារនិងរិះគន់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលផង និងរបស់ស្ថាប័នជាតិផង។

នេះគឺជាការទទួលខុសត្រូវទាំងស្រុងរបស់ស្ថាប័នវិទ្យុនេះ និងអ្នកសារព័ត៌មានផ្ទាល់ ដែលពួកគេត្រូវធ្វើការកែតម្រូវអនុលោមតាមច្បាប់។ ប៉ុន្តែទោះបីជាសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ហ៊ុន ម៉ាណែត បានផ្តល់ឱកាសពេញលេញក្នុងការកែតម្រូវ និងសុំទោស វិទ្យុវីអូឌី មិនបានបំពេញកាតព្វកិច្ច ស្របតាមច្បាប់ស្តីពីសារព័ត៌មានឱ្យបានត្រឹមត្រូវឡើយ ថែមទាំងព្យាយាមក្នុងការទម្លាក់កំហុសទៅអ្នកដទៃ និង គេចវេសមិនប្រើពាក្យសុំទោស តែប្រើពាក្យសោកស្តាយ និងអធ្យាស្រ័យ តាមការផ្តល់ប្រឹក្សារបស់ស្ថានទូតបរទេសដែលគឹចមិនព្រមសុំទោស។

ក្នុងកិច្ចខិតខំប្រឹងប្រែងប្រស់ខ្មោចឱ្យរស់ ឡើងវិញ ទើបថ្នាក់ដឹកនាំនៃវិទ្យុវីអូឌីដែលទទួលលុយជំនួយពីបរទេសដើម្បីផលិតព័ត៌មាននិងធ្វើសកម្មភាពផ្សេងៗទៀត បានចេញលិខិតលើកទី២ ដោយបានចេញមុខសុំទោសទៅ សម្តេចប្រមុខរាជរដ្ឋាភិបាល និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលមិនបានចុះហត្ថលេខាលើឯកសារផ្តល់ជំនួយជំនួសសម្តេចតេជោ ហ៊ុន សែន ដូចការផ្សាយបំភ្លៃរបស់វិទ្យុវីអូឌីឡើយ។ លិខិតទី២ ដែលយោងតាមសំណេរឈ្មោះ ណុប វី អតីតបុគ្គលិកវិទ្យុវីអូឌី និងបច្ចុប្បន្នជានាយកប្រតិបត្តិសមាគម អ្នកកាសែតកម្ពុជា (Camboja) សរសេរលើហ្វេសប៊ុកសម្តេចតេជោថា «វិទ្យុវីអូឌីបានចេញលិខិតមួយទៀតសុំទោសដោយសុទ្ធចិត្ត»។ បើយោងតាមសំណេរនេះ មានន័យថាលិខិតចេញលើកទី១ មិនបានសុំទោសដោយសុទ្ធចិត្តទេ បង្កប់ដោយពិសពុល និងល្បិចកលមិនព្រមទទួលស្គាល់កំហុស។ តែបន្ទាប់ពីបានឃើញក្តារម្ឈួសហើយ ក៏ចាប់ផ្តើមស្រក់ទឹកភ្នែក ទទួលស្គាល់កំហុស។

តែទោះបីជាវិទ្យុវីអូឌី និងបក្ខពួករបស់ខ្លួនខិតខំធ្វើជាជនរងគ្រោះ ក៏មិនមានប្រសិទ្ធភាពឡើយព្រោះការសម្រេចរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល គឺមិនអាចវិលត្រឡប់ក្រោយវិញបានឡើយ ព្រោះពេលវេលាដែលបានផ្តល់ជូនវិទ្យុនេះដើម្បីកែប្រែកំហុស ទទួលស្គាល់ការពិត និងសុំទោសចំពោះកំហុសដែលពួកគេបានប្រព្រឹត្ត បានអស់ពេលបាត់ទៅហើយ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់ថា សម្ដេចមិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីឡើយ។ សម្ដេចបានលើកជាសំណួរថាហេតុអ្វីមិនសូមទោសពីល្ងាចនិងមកសូមទោសពេលយប់ជ្រៅក្រោយម៉ោង១២យប់ទៅវិញ?

សម្ដេចតេជោហ៊ុនសែនព្រឹកថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៣​សរសេរ​ថា៖ «យើងពិតជាមិនមែនកូនក្មេងបៀមដៃនោះឡើយ។ ហេតុអ្វីមិនសូមទោសពីល្ងាចនិងមកសូមទោសពេលយប់ជ្រៅក្រោយម៉ោង១២យប់ទៅវិញ។តើឈឺណាស់ទៅឬក្រោយត្រូវមួយកំផ្លៀង? មុនត្រូវមួយកំផ្លៀងគិតណាស់រឿងកិត្តិយសសូម្បីពាក្យសូមទោសមួយម៉ាត់មិនហ៊ាននិយាយផងតែក្រោយត្រូវមួយកំផ្លៀងបែរជាភ្លេចអស់កិត្តិយសមកសូមទោសជាងពាក់កណ្តាលអាធ្រាតទៅវិញ។ ខ្ញុំហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាមិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីនោះឡើយ»។

សម្រាប់បងប្អូនដែល​បាត់បង់ការងារត្រូវបន្ទោសមេដឹកនាំបងប្អូនឬប្រទេសម្ចាស់លុយដែលកសាងកំហុសតាំងពីការផ្សាយព័ត៌មានមូលបង្កាច់រហូតដល់ល្ងង់មិនចេះទទួលខុសត្រូវលើការសូមទោសធ្វើឱ្យបងប្អូនបាត់បង់ការងារធ្វើ»។ ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចឱ្យលុបអាជ្ញាបណ្ណសារព័ត៌មាន VOD គឺដើម្បីបំបាត់វិទ្យុមិនគោរពក្រមសីលធម៌វិជ្ជាជីវៈនិងជួយពង្រឹងដល់ការអនុវត្តច្បាប់វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ហើយក៏មិនត្រូវបកស្រាយថាជាការរំលោភច្បាប់ និងការបិទសិទ្ធិសេរីភាពសារព័ត៌មានដែរ នោះគឺមកពីការប្រព្រឹត្តកំហុសវិជ្ជាជីវៈធ្ងន់ធ្ងរម្តងហើយម្តងទៀត មានឱកាស តែមិនបានប្រើឱកាសឱ្យមានប្រយោជន៍ និងជឿលើជនបរទេស និងធ្វើតាមជនបរទេស ហើយចុងក្រោយ គឺ «ហួសពេលទៅហើយ» «ខ្មោចស្លាប់ហើយមិនអាចប្រស់ឱ្យរស់ឡើងវិញឡើយ» និងកុំបន្តព្យាយាមធ្វើជាជនរងគ្រោះពីការរំលោភនិងក្បត់វិជ្ជាជីវៈរបស់ខ្លួន និងកុំស្រក់ទឹកភ្នែកក្រពើ៕

...

ដោយ : យុវជន ៧មករា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print