សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយលោកបណ្ឌិត ថងលួន ស៊ីសូលីត ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងជំនួបគ្នានោះ លោក បណ្ឌិត ថងលួន ស៊ីសូលីត មានប្រសាសន៍សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានឆ្លើយតបតាមការអញ្ជើញដើម្បីបំពេញទស្សនកិច្ចផ្លូវការ មកកាន់ប្រទេសឡាវនាពេលនេះ។

លោកប្រធានាធិបតីឡាវ តាមរយៈសម្តេចតេជោនាយករដ្ឋមន្រ្តី សូមគោរពយាងព្រះករុណាព្រះមហាក្សត្រជាទីគោរពសក្ការៈ ស្តេចយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅរដ្ឋធានីវៀងច័ន្ទន៍ តាមពេលវេលាដ៏សមស្របនាពេលខាងមុខ។ លោកប្រធានាធិបតីបានសម្តែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា -ឡាវ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថ្លែងអំណរគុណជូនចំពោះ លោកប្រធានាធិបតីដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងស្និទ្ធស្នាលបំផុត ចំពោះរូបសម្តេចនិងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរចំពោះការរីកចម្រើនរបស់ប្រទេសឡាវ ក្រោមការដឹកនាំរបស់បក្ស និងប្រជាជនឡាវ។ លោកប្រធានាធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងប្រមុខរដ្ឋាភិបាលនៃ ប្រទេសទាំងពីរកម្ពុជា-ឡាវដែលឈានទៅចុះហត្ថលេខាលើឯកសារជាប្រវត្តិសាស្រ្តសម្រាប់បម្រើឱ្យផលប្រយោជន៍របស់ប្រទេសនិងប្រជាជនទាំងពីរកម្ពុជា- ឡាវ។

...

បន្ទាប់មក លោកបណ្ឌិត ថងលួន ស៊ីសូលីត ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានអញ្ជើញបំពាក់នូវគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលមានឈ្មោះថា មេដាយផូសៃឡានសាង ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងការជួយដល់ប្រទេស និងប្រជាជនឡាវ ពិសេសក្នុងដំណាក់កាលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភវ៉ាក់សាំង សម្ភារវេជ្ជសាស្រ្ត និងការកៀរគរដល់សប្បរសជនកម្ពុជា ជួយផ្តល់នូវថវិកាដ៏ច្រើនក្នុងការជួយដល់រដ្ឋាភិបាលនិងប្រជាជនឡាវដែលជួបប្រទះនូវការលំបាកបំផុតនោះ៕ ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print