ខេត្តព្រះវិហារ៖ ក្រសួងបរិស្ថាននិងអាជ្ញាធរខេត្តព្រះវិហារបានរៀបចំកម្មវិធីបោះជំរំនិងបំបួសដើមឈើនៅតំបន់បេតិកភណ្ឌធម្មជាតិ “ភ្នំត្បែង» ក្នុងគោលបំណងបំផុសគំនិតនិងស្មារតីស្រឡាញ់និងអភិរក្សធនធានធម្មជាតិ ដល់ប្រជាជនទូទៅ និងផ្សព្វផ្សាយការយល់ដឹងនិងចែករំលែកបទពិសោធន៍ការគ្រប់គ្រងធនធានធម្មជាតិ និងការប្រាស្រ័យទាក់ទងរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈដើម្បីរួមគ្នាការពារនិងអភិរក្សធនធានធម្មជាតិជីវៈចម្រុះ និងបរិស្ថាន។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅសហគមន៍តំបន់ការពារធម្មជាតិចាក់អង្រែ តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ស្ថិតនៅភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។
ពិធីនេះស្ថិតក្រោមអធិបតីភាពលោកជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងមានការអញ្ជើញចូលរួមពីប្រជាសហគមន៍មូលដ្ឋាន យុវជនកាកបាទក្រហម កាយឫទ្ធិ សិស្សានុសិស្ស តំណាងស្ថាប័នរដ្ឋ និងវិស័យឯកជន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងក្រុមអ្នកស្រលាញ់និងអភិរក្សធនធានធម្មជាតិ ប្រមាណ៣៨០នាក់។
លោកអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា កម្មវិធីបោះជំរំនិងបំបួសដើមឈើដែលក្រសួងបរិស្ថានរៀបចំឡើងនៅពេលនេះ គឺដើម្បីបំផុសស្មារតីឱ្យអ្នកទាំងអស់គ្នាស្រឡាញ់ និងការពារបរិស្ថាន។ ការថែរក្សាបរិស្ថាន និងការពារអភិរក្សធនធានធម្មជាតិ គឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគី ហើយយើងទាំងអស់គ្នារួបរួមគ្នាទើបមានកម្លាំងរឹងមាំ។ លោកបានសង្កត់ធ្ងន់ថា យើងមានឱកាសអាចការពារបរិស្ថាន ធនធានធម្មជាតិ ក៏ដូចជាលើកស្ទួយជីវភាពសហគមន៍បាន គឺអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព។ហេតុនេះ សូមយើងទាំងអស់គ្នាចូលរួមថែរក្សាសុខសន្តិភាពដែលប្រមុខរាជរដ្ឋាភិបាល ស្វែងរកមកយ៉ាងលំបាក ឱ្យបានគង់វង្សជានិរន្តរ៍។
ក្នុងឱកាសនោះដែរ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារបានលើកឡើងថា ការជួបជុំគ្នានាពេលនេះ ជាឱកាសសម្រាប់គ្រប់ភាគីទាំងអស់ចូលរួមចែករំលែកនូវក្តីស្រឡាញ់ សាមគ្គីភាពរឹងមាំ ចូលរួមថែរក្សាបរិស្ថាន ក៏ដូចជាការពារ អភិរក្សធនធានធម្មជាតិរបស់យើងសម្រាប់អ្នកជំនាន់ក្រោយក្រោមម្លប់នៃសន្តិភាព។ លោកឱ្យដឹងទៀតថា ជាឧទាហរណ៍ដូចជាបងប្អូនប្រជាសហគមន៍ ក្រៅពីចូលរួមការពារធនធានធម្មជាតិហើយនោះ គឺគាត់អាចរកចំណូលពីធម្មជាតិបានតាមរយៈជូនភ្ញៀវដើរកម្សាន្តព្រៃ ផ្ទះស្នាក់ ម្ហូបអាហារសម្រាប់ភ្ញៀវ ដែលអាចជួយឱ្យជីវភាពកាន់តែប្រសើរជាងមុន។ លោកអភិបាលខេត្តបានប្តេជ្ញាថា នឹងធ្វើឱ្យខេត្តព្រះវិហារក្លាយជាខេត្តម្ហូបអាហារសរីរាង្គ។
គួរបញ្ជាក់ឱ្យដឹងដែរថា ក្រសួងបរិស្ថានបាននិងកំពុងគ្រប់គ្រងផ្ទៃដីជាង៧លានហិកតា ដែលបានបែងចែកជាឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ការពារទេស
ភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់បេតិកភណ្ឌ និងរបៀងអភិរក្សជីវៈចម្រុះ។ នៅតាមតំបន់ការពារធម្មជាតិទាំងអស់នេះ មានប្រជាសហគមន៍ជាច្រើនគ្រួសារ ដែលបាននិងកំពុងរស់នៅ ហើយពឹងផ្អែកទៅលើធនធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិទាំងអស់នោះ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ ដើម្បីធានាការការពារ និងគ្រប់គ្រងធនធានធម្មជាតិនិងជីវៈចម្រុះ ដោយនិរន្តរភាពក្រសួងបរិស្ថានបានដាក់ពង្រាយឧទ្យានុរក្ស ចំនួន១២៦០នាក់ និងបានបង្កើតនិងគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ចំនួន១៩៣ តែអ្វីដែលសំខាន់បំផុតដែលក្រសួងបរិស្ថានបាននិងកំពុងធ្វើ នឹងបន្តគិតគូរជាយុទ្ធសាស្ត្រដោយបានដាក់ចេញនូវសកម្មភាពគ្រឹះជារៀងរាល់ឆ្នាំ ដើម្បីផ្លាស់ប្ដូរការគិតរបស់ប្រជាជនទូទៅ និងបង្កើនការស្រឡាញ់ទៅលើធនធានធម្មជាតិ ជីវៈចម្រុះ និងបរិស្ថាន ដោយជំរុញឱ្យមានការចូលរួមពីប្រជាជន ទៅលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ និងបរិស្ថាន៕ ដោយ៖ចន្ទ លីហ្សា