ភ្នំពេញ ៖ នៅអគ្គបញ្ជាការដ្ឋាន នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានទទួលលោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុន តែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម។
នៅក្នុងឱកាសនោះ លោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី បានសម្តែងសេចក្តីរីករាយដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា ដោយលោកបានគូបញ្ជាក់ថា កម្ពុជាជាប្រទេសមួយមានប្រវត្តិសាស្រ្តដ៏យូរលង់ និងមានវប្បធម៌ដ៏សម្បូរបែប មានប្រាសាទអង្គរវត្ត ជាបេតិកភ័ណ្ឌពិភពលោក។
លើកិច្ចទំនាក់ទំនង លោកឯកអគ្គរាជទូត បានគូសបញ្ជាក់ថាៈ កម្ពុជា-ជប៉ុន បានកសាងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយគ្នា តាមរយ: ដំណើរការស្វែងរកសន្តិភាព និងកសាងប្រទេសឡើងវិញ ហើយនៅឆ្នាំ២០២៣នេះ ប្រទេសទំាងពីរប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូត ដោយបានដំឡើងកម្រិតទំនាក់ទំនងឈានដល់ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។
ដោយឡែកលើវិស័យការពារជាតិ លោកឯកអគ្គរាជទូត បានចាប់អារម្មណ៍ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ច ការជួយបណ្ដុះបណ្ដាលធនធានមនុស្ស ហើយឯកឧត្តមសន្យាថានឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីពង្រឹងលើវិស័យនេះ។
ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះ លោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
លោក បានជម្រាបជូនពីស្ថានការណ៏មួយចំនួននៅកម្ពុជា ចាប់តាំងពីសម័យសង្គ្រាមរហូតមកដល់បច្ចុប្បន្ន ហើយរយៈពេលជិត ២៥ឆ្នាំមកនេះ កម្ពុជាមានសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក ក៏បានជម្រាបជូនពីជោគជ័យដែលកម្ពុជាសម្រេចបានក្នុងពេលថ្មីៗនេះ ក្នុងនោះរួមមាន ការរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ការគ្រប់គ្រងបានល្អជំងឺកូវីដ-១៩ ហើយបើកប្រទេសឡើងវិញដើម្បីស្តារសេដ្ឋកិច្ច ការបោះឆ្នោតថ្នាក់ក្រោមជាតិ ក្រុមប្រឹក្សាឃុំ-សង្កាត់ ជាសកលទទួលបានជោគជ័យ រក្សាបានភាពយុត្តិធម៌ ត្រឹមត្រូវ ការរៀបចំផ្ទាល់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយនៅថ្ងៃខាងមុខកម្ពុជានឹងត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ប៉ារ៉ាហ្គេម និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ។
ជាមួយនេះ នាយឧត្តមសេនីយ៍ ក៏បានលើកឡើងពីការចូលរួមចំណែករបស់កម្ពុជា ជាមួយអន្តរជាតិ នៅក្នុងការរក្សាសន្តិសុខ ស្ថិរភាពនយោបាយ ការបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម ការបម្រែបម្រួលអាកាសធាតុ ក៏ដូចជាការចូលរួមថែរក្សាសន្តិភាព ការងារមនុស្សធម៌ក្រោមឆ័ត្រអង្គការសហប្រជាជាតិជាដើម។
នាយឧត្តមសេនីយ៍ បានកត់សម្គាល់ដោយសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ដែលបានវិវត្តពីកម្រិត “ដៃគូយុទ្ធសាស្រ្ត” នៅឆ្នាំ២០១៣ ទៅជាកម្រិត “ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” ក្នុងឆ្នាំ២០២៣ នេះ ស្របពេលនឹងការប្រារព្វខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូត កម្ពុជា-ជប៉ុន។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលបានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជានាពេលកន្លងមក ទាំងការជួយបណ្ដុះបណ្ដាលធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការជួយហ្វឹកហ្វឺនកងទ័ពមួកខៀវកម្ពុជា និងការជួយពលករកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន ជាដើម។
ទន្ទឹមនេះដែរ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានស្នើសុំប្រទេសជប៉ុន បន្តជួយថែមទៀតលើវិស័យយោធា ក្នុងនោះរួមមាន ការជួយបណ្ដុះបណ្ដាលធនធានមនុស្ស និងការជួយឧបត្ថម្ភសម្ភារៈ កិច្ចការមនុស្សធម៌ ហើយឯកឧត្តមថា នឹងត្រៀមខ្លួនជានិច្ចក្នុងការធ្វើសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយឯកឧត្តម ឯកអគ្គរាជទូត៕