ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា មនុស្សជាង ១៥០០០នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួន ជាប់ពាក់ព័ន្ធនិងករណីគ្រឿងញៀន និងគ្រឿងញៀនជិត ១៥តោនដែលបានរឹបអូស ខណៈសារធាតុគីមីផ្សំដែលរឹបអូសបានរហូតដល់ចំនួន ៥០៤តោននៅក្នុងឆ្នាំ២០២២ កន្លងទៅ ។
របាយការណ៍នេះ បានឱ្យដឹងនៅក្នុងកិច្ចប្រជុំពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២២ និងលើកទិសដៅការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដោយកិច្ចប្រជុំនេះបានដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តី កែ គឹម យ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការចូលរួមដោយលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហ៍កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍,លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោកស្រី អ៊ឹង គន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី,លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, និងមន្រ្តីមកពីក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានសម្តែងការព្រួយ បារម្ភចំពោះតួលេខគ្រឿងញៀន និងសារធាតុគីមីផ្សំកើនឡើង ហើយបានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំង អស់រួមគ្នាបន្តទប់ស្កាត់ និងបង្រ្កាបនូវបទល្មើសគ្រឿងញៀននេះឲ្យបានសកម្មបន្ថែមទៀត ដើម្បីសន្តិសុខសង្គមជាតិ។
របាយការណ៍ដដែល បានបង្ហាញថា លទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនរួមមាន៖បទល្មើសគ្រឿងញៀនសរុបបង្ក្រាបបាន ៦,៣៩០ករណីស្មើនឹង ១០១.៣០% ប្រៀបធៀបនឹងឆ្នាំ២០២១ (៦,៣០៨ ករណី) មានចំនួនច្រើនជាង ៨២ករណី កើនឡើង ១.៣០% ឃាត់ខ្លួនជនសង្ស័យសរុប ១៥,០០២នាក់/សី ៩៥២នាក់ ស្មើនឹង ១០៧.៣២% ប្រៀបធៀបនឹងឆ្នាំ២០២១ (១៣,៩៧៩ នាក់) មានចំនួនច្រើនជាង ១,០២៣នាក់ កើនឡើង៧.៣២% ។ ក្នុងនោះ មានជនសង្ស័យជាជនជាតិខ្មែរ ១៤.៦៨៣នាក់ (ស្រី៦៩១នាក់) និងជនបរទេស៣១៩នាក់ (ស្រី ៤៣នាក់) ស្មើនឹង១០ជនជាតិ ។ គឿងញៀនសរុប ចាប់យកបានចំនួន ១៤ តោន ៩១៩គីឡូក្រាម ៤៦៧.០៧ក្រាម ស្មើនឹង ៣១៨.១៤% ប្រៀបធៀបនឹងឆ្នាំ២០២១ (០៤តោន ៦៨៩គីឡូក្រាម ៦១១.៤៧ក្រាម) មានចំនួនច្រើនជាង១០តោន ២២៩គីឡូក្រាម និង៨៥៥.៦០ ក្រាម កើនឡើងប្រមាណ៣ដង កញ្ឆាស្រស់ កាប់បំផ្លាញបានចំនួន ៤៨,០៣៧ដើម និងចាប់យកកញ្ឆាក្រៀម បានចំនួន ៦០គីឡូក្រាម ៣៧៤.៧៣ក្រាម។
របាយការណ៍ បានបន្ថែមទៀតថា សារធាតុគីមីផ្សំ រឹបអូសបានចំនួន ៥០៤តោន ៥៧៧គីឡូក្រាម ស្មើនឹង ៥៩៤.១៨% ប្រៀបធៀបនឹងឆ្នាំ២០២១ (មានចំនួន ៨៤តោន ៩២០គីឡូក្រាម) មានចំនួនច្រើនជាង ៤១៩តោន ៦៥៧គីឡូក្រាម កើនឡើង ៤៩៤.១៨% ប្រមាណជា ៥ដង។ គិតរួមទាំងការបង្ក្រាប និងរឹបអូសបានកាលចុងឆ្នាំ២០២១កន្លងទៅ (ចំនួន ៨៤តោន ៩២០គីឡូក្រាម)មកដល់ដំណាច់ឆ្នាំ២០២២នេះ សារធាតុគីមីផ្សំដែលសមត្ថកិច្ចស្រាវជ្រាវរកឃើញធ្វើការបង្ក្រាប និងរឹបអូសបានមានចំនួនរហូតដល់ទៅជិត ៦០០តោន៕ ដោយ៖សហការី