សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៣ ខែកុម្ភៈ បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ទីក្រុងប៉េកាំង ដែលថាខ្លួនបានបញ្ចេញប៉េងប៉ោងខ្យល់ដែលមានកម្ពស់ខ្ពស់ជាង ១០ គ្រាប់លើប្រទេសចិនកាលពីឆ្នាំមុន ខណៈដែលប្រទេសមហាអំណាចទាំងពីរបានបន្តផ្លាស់ប្តូរពាក្យសម្តីអំពីការបាញ់ទម្លាក់ប៉េងប៉ោងខ្យល់ក្តៅរបស់ចិន នៅឯឆ្នេរសមុទ្រភាគខាងកើតនៃសហរដ្ឋអាមេរិកកាលពីជាងមួយសប្តាហ៍មុន។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានលោក John Kirby បានប្រាប់ MSNBC ថា “មិនពិតទេ” កុំធ្វើដូច្នេះ មិនពិតទាំងស្រុង។ យើងមិនទម្លាក់ប៉េងប៉ោងខ្យល់លើប្រទេសចិននោះទេ»។
នៅក្នុងព្រិត្តិការណ៍នេះ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣បានផ្សាយថា ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃអង្គារនេះបានឱ្យដឹងថា តៃវ៉ាន់មិនបានសង្កេតឃើញមានករណីបាល់ឡុងស៉ើបការណ៍ណាមួយពីប្រទេសចិនដែលស្រដៀងទៅនឹងការបាញ់ទម្លាក់នៅឯសហរដ្ឋអាមេរិកនោះទេ។
ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងបន្ថែមថា ភាគច្រើននៃបាល់ឡុងកម្ពស់ខ្ពស់ដែលបានរកឃើញនៅជិតកោះតៃវ៉ាន់ ត្រូវបានគេប្រើប្រាស់សម្រាប់គោលបំណងឧតុនិយមប៉ុណ្ណោះ ហើយមិនបានបង្កការគំរាមកំហែងដល់សន្តិសុខដល់របស់ខ្លួននោះទេ។
ការស៉ើបអង្កេតលើឧប្បត្តិហេតុបាល់ឡុងចិនដែលបាញ់ទម្លាក់ដោយយោធាសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុននៅមិនទាន់បញ្ចប់នោះទេ ត្បិតភាគីទាំងពីរបានអះអាងពីគោលជំហរផ្សេងគ្នា។ ពេលនេះ សហរដ្ឋអាមេរិកកំពុងស្ថិតក្នុងដំណើរការពិនិត្យលើបំណែកនៃបាល់ឡុងដែលទើបនឹងស្រង់ចេញពីផ្ទៃទឹក៕ ដោយធីរីណា
រូបថត: AP