ភ្នំពេញ៖ ជនសង្ស័យ០៣នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ ត្រូវបានកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល ធ្វើការស្រាវជ្រាវឃាត់ខ្លួន កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចភូមិស្ទូលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល ពាក់ព័ន្ធករណីលួចគាស់ផ្ទះ និងលួចសម្ភារ ក្នុងការដ្ឋានសំណង់ជាអាជីព។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ផេកហ្វេសប៊ុកផ្លូវការរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។
ជនសង្ស័យទាំង០៣នាក់ មានឈ្មោះ ៖
១-ឈ្មោះ អេង ភារិន ហៅ ស្នា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិបឹងកំបោរ សង្កាត់ឪឡោក ខណ្ឌកំបូល។
២-ឈ្មោះ អេង ភារុន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្ន ភូមិស្នូលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល។
៣-ឈ្មោះ យ៉ុម ប្រុសម៉ៅ ហៅ ខ្មៅ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត ខេត្តព្រៃវែង ទីលំនៅបច្ចុប្បន្ន ភូមិស្ទូលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល។ ជនទាំង០៣នាក់នេះ ក្រោយពេលពិនិត្យឃើញថាមានសារធាតុញៀនក្នុងខ្លួន។ ចំណែកបក្ខពួកជនសង្ស័យ ដែលបានរត់គេចខ្លួន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនបន្ត។
វត្ថុតាងចាប់យក ៖ ១-ម៉ូតូ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1JE-0549, ២-ទូរសព្ទដៃចំនួន០៣គ្រឿង, ៣-កូនសោរចំនួន០៣ និងទូណឺវីសចំនួន០១, ៤-ម្សៅក្រាមពណ៌សចំនួនមួយកញ្ចប់តូច។
ជនសង្ស័យទាំង០៣នាក់ បានសារភាពឲ្យដឹងដូចគ្នាថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពគាស់ផ្ទះ និងលួចដែក រួមទាំងសម្ភារសំណង់ជាច្រើនលើក និងជាអាជីព ពិតប្រាកដមែន។
ជនសង្ស័យទាំង០៣នាក់ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖សហការី