ភ្នំពេញ៖ លោក ផៃ ស៊ីផាន បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តព្រះសីហនុ» ដែលនឹងប្រព្រឹត្តនាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការគណៈរដ្ឋមន្រ្ដីថា៖ «យើងខ្ញុំក៏សូមស្វាគមន៍ដែរ ចំពោះអតីតបុគ្គលិក VOD ដែលមានបំណងចូលមកបម្រើនៅអង្គភាពរដ្ឋាភិបាលជាពិសេសអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល យើងសូមស្វាគមន៍»។
អ្នកនាំពាក្យរូបនេះបានបញ្ចាក់ឱ្យដឹងថា លោកបានចំណាយពេលប្រហែលជា ៣ម៉ោងផ្ទាល់ខ្លួន ដើម្បីសម្របសម្រួលធ្វើការកែតម្រូវ បកស្រាយពន្យល់ពីកំហុសឆ្គងដែលសារព័ត៌មាន VOD បានចេញផ្សាយបាន ប៉ុន្តែមិនបានសម្រេច ដែលហាក់បីដូចជាមិនបានឱ្យតម្លៃទៅលើច្បាប់នៅកម្ពុជា ដូច្នេះសម្តេចសម្រេចដកអាជ្ញាបណ្ឌដែលជាអំណាចរដ្ឋ។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានប្រកាសស្វាគមន៍ទទួលអតីតបុគ្គលិកវិទ្យុ VOD ដែលចង់ចូលបម្រើការងារក្នុងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
គួរឱ្យដឹងដែរថា សារព័ត៌មានអនឡាញ VOD ត្រូវបានក្រសួងព័ត៌មានបានចេញសេចក្តីលុបអាជ្ញាប័ណ្ណជាផ្លូវការនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីសារព័ត៌មានអនឡាញធំមួយនេះបរាជ័យក្នុងការសរសេរលិខិតសុំទោសរាជរដ្ឋាភិបាលកម្ពុជា និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលបានចុះផ្សាយថា លោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាផ្ដល់ជំនួយទៅកាន់ប្រទេសតួកគីជំនួសនាយករដ្ឋមន្ត្រីខណៈត្រូវបានលោក ហ៊ុន ម៉ាណែត ចេញមុខមកបដិសេធ និងសុំឲ្យស្ថាប័ននេះកែតម្រូវឡើងវិញ។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅតែមានគុណធម៌ ការអាណិត ស្រឡាញ់ ប្រជាពលរដ្ឋ ដើម្បីបានការងារធ្វើ សម្រាលដល់ជីវភាពគ្រួសារ។ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមុិញ សម្តេចតេជោ ហ៊ុនសែន បានបង្ហោះ សារលើផេកផ្លូវការថា,
ដោយសារតែវិទ្យុវីអូឌីត្រូវបានបិទនិងគ្មាន ឱកាសបើកឡើងវិញនិងដោយគិតទៅ ដល់ជីវភាពបុគ្គលឹកដែលបាត់បង់ការងារ ធ្វើដោយកំហុសមេដឹកនាំ។
សម្តេចតេជោ មានប្រសាសន៍ថា, ខ្ញុំសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បងប្អូនដែលមានបំណងចូលបំរើកិច្ចការរដ្ឋ។
សម្តេចតេជោ សូមបងប្អូនធ្វើទំនាក់ទំនងជាមួយក្រសួង
មុខងារសាធារណៈដើម្បីដាក់ពាក្យសុំធ្វើការ។
សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍បញ្ជាក់ថា, រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈត្រូវទទួលយកពាក្យសុំនិងបែងចែកទៅតាមក្រសួងនានាស្របតាមមុខជំនាញនិងត្រូវសុំការសម្រេចចុងក្រោយពីខ្ញុំ។
សម្តេចថ្លែងបន្តថា, សូមអ្នកដទៃកុំលូកលាន់កិច្ចការផ្ទៃក្នុង
របស់យើងហើយយើងសូមបញ្ជាក់ថានឹងគ្មានការផ្លាស់ប្តូរការសម្រេចចិត្តរបស់ យើងនោះឡើយ។ ជនបរទេសគ្មានសិទ្ធមកបង្គាប់បញ្ជាឲ្យយើងធ្វើនេះឬធ្វើនោះ តាមការចង់បានរបស់ពួកគេឡើយព្រោះនេះជាកិច្ចការផ្ទៃក្នុងរបស់យើង។
សម្តេចតេជោ មានប្រសាសន៍ថា, ការបិទចោលវិទ្យុដែលគ្មានក្រមសិលធម៍មួយវាមិនធ្វើឲ្យស្លាប់នូវសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយ តែផ្ទុយទៅវិញវានឹងជួយដល់ការអនុវត្តច្បាប់និងពង្រឹងក្រមសិលធម៍វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាថែមទៀតផង៕
ដោយ : សិលា