លោក Wang Yi គឺជាអ្នកការទូតចិនលំដាប់ខ្ពស់បំផុតដែលមកបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីចាប់តាំងពីទីក្រុងមូស្គូបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ 2022។
សារព័ត៌មាន CNN បានផ្សាយថា យោងតាមក្រសួងការបរទេសរបស់ប្រទេសចិន លោក Wang Yi សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យនៃគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេសនៃបក្សកុម្មុយនិស្តចិន នឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីក្នុងរយៈពេល៨ថ្ងៃចាប់ពី ១៤ខែកុម្ភៈ។ ក្រៅពីរុស្ស៊ី លោក Wang នឹងធ្វើដំណើរទៅកាន់ប្រទេសបារាំង អុីតាលី និងហុងគ្រី ហើយថ្លែងសុន្ទរកថានៅឯសន្និសីទសន្តិសុខទីក្រុង Munich ដែលជាព្រឹត្តិការណ៍មួយដែលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken អាចនឹងចូលរួម។
នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសរុស្ស៊ី បន្ទាប់ពីលោក Wang បានលាលែងពីតំណែងជារដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិន ដើម្បីទទួលតួនាទីថ្មីជាទីប្រឹក្សាកិច្ចការបរទេសកំពូលរបស់ប្រធានាធិបតី Xi Jinping ចាប់តាំងពីខែមករាមក។ ដំណើរទស្សនកិច្ចនេះត្រូវបានគេរំពឹងថានឹងសាកល្បងសមត្ថភាពរបស់លោក Wang ក្នុងការធ្វើឱ្យមានតុល្យភាពទំនាក់ទំនងជិតស្និទ្ធរវាងទីក្រុងប៉េកាំង នឹងទីក្រុងមូស្គូ ក៏ដូចជាការលើកកម្ពស់មុខមាត់និងទំនាក់ទំនងរបស់ប្រទេសចិនជាមួយអឺរ៉ុបផងដែរ។
សន្និសីទសន្តិសុខទីក្រុង Munich ក៏ត្រូវបានគេមើលឃើញថាជាឱកាសមួយសម្រាប់លោក Wang ដើម្បីជួបលោក Blinken ទល់មុខគ្នាជាលើកដំបូង បន្ទាប់ពីទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន នឹងទីក្រុងប៉េកាំងកាន់តែតានតឹងចំពោះការមកដល់នៃប៉េងប៉ោងខ្យល់ក្តៅរបស់ចិននៅក្នុងដែនអាកាសសហរដ្ឋអាមេរិកកាលពីចុងខែមករា។ . ឧប្បត្តិហេតុនេះក៏បានជំរុញឱ្យលោកBlinken លុបចោលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងដែលគ្រោងធ្វើនៅដើមខែកុម្ភៈនោះ៕ ដោយធីរីណា
រូបថត : Reuters