ភ្នំពេញ៖ ខ្លួនជានាយនគរបាលបែរជាពាក់ព័ន្ធការប្រើប្រាស់សារធាតុញៀន នេះជាគោលដៅដែលថ្នាក់លើចាត់វិធានការដោយគ្មានការយោគយល់ និងត្រូវបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ។
សូមបញ្ជាក់ថា លោកវរសេនីយ៍ទោ ហួត ពិសិដ្ឋ អធិការរងខណ្ឌចំការមន ទទួលផែនការងារ កិច្ចការប៉ុស្តិ៍ក្នុងខណ្ឌ
ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន ក្នុងទីតាំងក្រុមជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅក្នុងផ្ទះសំណាក់ចំប៉ាមាស កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងមកនេះ។
ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៅចំណុចផ្ទះសំណាក់យីហោ ចំប៉ាមាស ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួនកម្លាំងជំនាញបាននាំមកកាន់មន្ទីរប្រឆាំងគ្រឿងញៀន និងធ្វើតេស្តទឹកមូត្រស្វែងរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន (មានសារធាតុញៀន) ហើយក៏ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបានធ្វើការប្រគល់លោក ហួត ពិសិដ្ឋ មកការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការសាកសួរបន្ត ព្រមទាំងបញ្ចូនខ្លួនទៅមណ្ឌលផ្តាច់សារធាតុគ្រឿងញៀន ឱកាសខ្ញុំ ។
ជុំវិញករណីនេះ មន្ត្រីជំនាញកំពុងតែបំពេញបែបបទដើម្បីបណ្តេញលោកវរសេនីយ៍ទោ ហួត ពិសិដ្ឋ អធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ចេញពីក្របខ័ណ្ឌនគរបាលជាតិផងដែរ។
លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រាប់ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” តាមទូរស័ព្ទថា ពិតជាមានករណីឃាត់ខ្លួន លោកវរសេនីយ៍ទោ ហួត ពិសិដ្ឋ អធិការរងខណ្ឌចំការមន ទទួលផែនការងារ កិច្ចការប៉ុស្តិ៍ក្នុងខណ្ឌចំការមននោះមែនពីបទប្រើប្រាស់សារធាតុញៀន ប៉ុន្មានថ្ងៃមុននេះ ដោយកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ។ ក្នុងនោះលោកបានបន្តថា, ជាគោលការណ៍ខាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំបែបបទស្នើសុំទៅថ្នាក់លើ ទីមួយត្រូវបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ។ ទីពីរ ត្រូវបញ្ជូនខ្លួនអតីតអធិការរងរូបនេះ ទៅមណ្ឌលកែប្រែបន្សាបសារធាតុញៀន ៕ ដោយ : សហការី