ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យមន្ត្រី និងកងកម្លាំងក្រោមឱវាទទាំងអស់ ព្រមទាំងអាជីវករ និងប្រជាពលរដ្ឋទាំងអស់ បើកយុទ្ធនាការតភ្ជាប់បណ្ដាញតេឡេក្រាម ជាមួយសម្ដេចតេជោហ៊ុនសែន ក្រោយពីសម្តេចតេជោ ហ៊ុន សែន បានបង្កើត Channel ផ្លូវការ ក្នុងបណ្តាញ Telegram ដើម្បីផ្តល់សារនានាជូនដល់សាធារណជន ឲ្យបានទទួលព័ត៏មាន រហ័សនិងពិតប្រាកដ ពីថ្នាក់ដឹកនាំផ្ទាល់ ។
លោកបានជំរុញ បែបនេះខណៈ លោកឃួង ស្រេង បានបើក កិច្ចប្រជុំជា បន្ទាន់មួយ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ កងកម្លាំងទាំង២ភេទ មន្ទីរទាំងអស់ ផ្សាររដ្ឋទាំង២៥ និងសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ នាល្ងាចថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ អាជ្ញាធរខណ្ឌ សង្កាត់ មន្ត្រី និងគ្រប់ភាគីពាក់ព័ន ត្រូវបើកយុទ្ធនាការតភ្ជាប់ Channel ផ្លូវការក្នុងបណ្តាញ Telegram សម្ដេចតេជោហ៊ុនសែននេះឲ្យបានលឿន ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយើងនៅភ្នំពេញបានតភ្ជាប់ ។ យើងត្រូវប្រឹងប្រែងគ្រប់មុខសញ្ញាទាំងអស់។ ចំពោះសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ក៏ត្រូវតភ្ជាប់ដូចគ្នានេះផងដែរ។ ដូច្នេះមន្ត្រីរបស់យើងត្រូវអនុវត្តការងារនេះឲ្យបានលឿននិងឲ្យបានល្អ។
លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា កិច្ចការងារតបណ្ដាញតេឡេក្រាមជាមួយបងប្អូនអាជីវករ ប្រជាពលរដ្ឋទាំងអស់នេះ គឺសម្ដេច មានគោលបំណងអោយប្រជាពលរដ្ឋទទួលបានព័ត៌មានពីថ្នាក់ដឹកនាំកំពូលៗរបស់ជាតិយើងបានលឿន ទាន់ ពេលវេលានិងទាន់ហេតុ ការណ៍។
សូមបញ្ជាក់ថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្កើត Channel តេលេក្រាម (Telegram) មួយដើម្បីផ្តល់សារ និងព័ត៌មាននានាទៅដល់សាធារណជន។ Channel ផ្លូវការរបស់សម្តេចមានលីង https://t.me/spmhunsen ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ហើយត្រូវបានប្រកាសផ្លូវការនាប៉ុន្មានថ្ងៃកន្លងនេះ ជាមួយនឹងសារបញ្ជាក់ថា «សូមស្វាគមន៍មកកាន់ News Channel ផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកក្រកម្ពុជា»៕.
សំរិត