ឆ្លងចរន្តអគ្គិសនីពីកង្ហារាលចូលបន្ទប់ឆេះអស់លុយទុកត្រៀមការកូនសរុប៨៩០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាលរដ្ឋមួយខ្នងរងការខូចខាតបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាជួយអន្តរាគមន៍ទាន់ពេលវេលាតែសំណាងអាក្រក់លុយទុកត្រៀមឲ្យថ្លៃបណ្តាការខាងកូនស្រីសរុប៨៩០០ដុល្លារត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់ខណៈម្ចាស់រវល់ចាកចេញទៅធ្វេីការងារនិងលក់ដូរចាក់សោទ្វារចោល។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះ នួន ភារុណ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ មេជាងសំណង់ មានប្រពន្ធឈ្មោះ ម្លូ រក្សា អាយុ៤២ឆ្នាំ មុខរបរលក់ដូរ មានកូនចំនួន៣នាក់ រស់នៅផ្ទះកើតហេតុ ។ ចំណែកផ្ទះកើតហេតុ សង់ពីថ្ម ប្រក់ស័ង្កសី ផ្ទាល់ដី ទំហំ៥ម៉ែត្រx៨ម៉ែត្រ ខូចខាត សម្ភារៈ គ្រែ ពូក ខ្នើយ ខោអាវ លុយចំនួន៨៩០០ដុល្លារ បម្រុងត្រៀមទុកឲ្យថ្លៃបណ្តាការ ខាងកូនស្រី ដែលដាក់ក្រោមពូក ត្រូវបានភ្លើងឆេះអស់រលីង សល់តែគ្រឿងអលង្កា ដាក់នៅក្នុងទផ្សេងទៀត មិនបានបាត់បង់ ខូចខាតឡើយ ។

តាមការយំរៀបរាប់ពីស្ត្រីរងគ្រោះ បានឲ្យដឹងថា គាត់បានចូលស្តីដណ្តឹងកូនស្រីគេ ហើយបានត្រៀមលុយថ្លៃបណ្តាការ នៅល្ងាចថ្ងៃនេះផង ឥឡូវត្រូវបានភ្លើងឆេះ អស់លុយបណ្តាការរលីង ។

តាមប្រជាពលរដ្ឋ អ្នករស់នៅក្បែរខាងវិញ បានឲ្យដឹងថា មុនកើតហេតុ ម្ចាស់មិននៅផ្ទះទេ ចាក់សោទុកចោល ស្រាប់តែមានផ្សែងហុយចេញពីក្នុងផ្ទះ ទើបផ្អើលអ្នកភូមិ នាំគ្នាជួយគាស់បើកទ្វារក្រោយ គាស់ដំបូល ចូលបាញ់ទឹកពន្លត់ភ្លើង រលត់ទៅវិញហើយទើបម្ចាស់ទៅដល់ ស្រែកទ្រហោយំ ស្លន់ស្លោ ហើយសមត្ថកិច្ច អាជ្ញាធរ រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងទៅដល់ ជួយបាញ់ទឹកបន្ថែមទៀត ។

...

តាមការពិនិត្យជាក់ស្តែង គ្រោះអគ្គិភ័យខាងលើ ផ្តើមចេញពីទុស្សេខ្សែកង្ហា ដែលម្ចាស់ដោតទុកចោល ក្នុងបន្ទប់ ទើបភ្លើងឆេះរាល អស់សម្ភារៈ លុយកាក់ ក្នុងបន្ទប់ ចំណែកគ្រឿងអលង្កាដាក់នៅក្នុងទូផ្សេង មិនបានបាត់បង់ឡើយ ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print