សមត្ថកិច្ចផ្ទុះអាវុធច្រើនគ្រាប់ ក្រោយប្រជាពលរដ្ឋព្រួតវាយម្ចាស់និងរថយន្តបង្ក បើកបុកពីខណ្ឌចំការមន រហូតបុករះដល់ខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិជប៉ុនពីរនាក់ ស្រវឹងស្រាឡើងជោគជាំ បានបើករថយន្តស៊េរីទំនើបក្នុងល្បឿនលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ជាច្រើនកង់និងបន្តទៅបុករះម៉ូតូ រថយន្ត និងរ៉ឺម៉ក់កង់បីដែលចតនៅចញ្ចើមផ្លូវរងការខូចខាង និងធ្វើឲ្យស្ត្រីម្នាក់រងរបួសធ្ងន់។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច កាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចមុខក្រុមហ៊ុនស្មាត់ តាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រួចឃាត់បានរថយន្តបង្កនិងម្ចាស់នៅមុនប៉ុស្តិ៍នគរបាលផ្សារកណ្ដាល២ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគឺ រថយន្តបង្កម៉ាក Fortuner ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-3000 បេីកបរដោយជនជាតិជប៉ុន២នាក់ស្រវឹងស្រាឡើងជោគជាំ បានបេីកក្នុងល្បឿនយ៉ាងលឿនទិសដៅពីជើងទៅត្បួង តាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ដោយរេចង្កូតពេញផ្លូវបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ជាច្រើនកង់ និងបន្តទៅបុកជនរងគ្រោះ២នាក់ប្ដីប្រពន្ធកំពុងជិះម៉ូតូរងរបួសធ្ងន់ទាំង២នាក់ និងជ្រុលទៅបុកទីតាំងលក់រថយន្ដនៅក្បែរនោះ ធ្វើឲ្យរងការខូចខាតរថយន្ដ២គ្រឿងផងដែរ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពីបុកគេរួចមក រថយន្ដបង្កបានបើករត់ដល់ផ្សារកណ្ដាល ក្នុងខណ្ឌដូចពេញ ក៏បន្ដបុករថយន្តហាយឡែនឌ័រដែលចតនៅមុខផ្ទះរងការខូចខាត
ខាងមុខទាំងស្រុង និងបន្តបុករ៉ឺម៉កកង់បីចតនៅចញ្ចើមផ្លូវបណ្ដាលឲ្យក្រឡាប់ផ្ងារជើងថែមទៀតទើបឲ្យប្រជាពលរដ្ឋជាច្រើនខឹងយ៉ាងខ្លាំង ក៏នាំគ្នាឡោមព័ទ្ធដេញចាប់វាយរថយន្ដឡើងបែកកញ្ចក់ទាំងមុខនិងក្រោយខ្ទេច រួចវាយជនបង្ករងរបួសផងដែរ។ ដោយសមត្ថកិច្ចមូលដ្ឋានខ្លាចប្រជាពលរដ្ឋវាយជនបង្ករហូតដល់ស្លាប់ ទើបធ្វើឲ្យសមត្ថកិច្ចដកកាំភ្លើងបាញ់ឡើងលើអស់២ទៅ៣គ្រាប់និងឃាត់ខ្លួនជនបន្កនោះយកមកប៉ុស្តិ៍នគរបាលផ្សារកណ្ដាល២ដើម្បីការពារសុវត្ថិភាពជនបង្កនោះ។

ក្រោយមក សមត្ថកិច្ចជំនាញបានយករថយន្តបង្កនិងម្ចាស់ទៅស្នងការដ្ឋាននគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាតាមនីតិវិធីច្បាប់៕

image

image

image

image

image

image

image

image

ដោយ៖ ជីម ភារ៉ាដង្កោ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print