ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃព្រហស្បតិ៍ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម (បាញ់សម្លាប់) ត្រូវបានកម្លាំងចំរុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការស្រាវជ្រាវឃាត់ខ្លូន។
របាយការណ៍ដដែលបន្តថា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២២:៣០នាទីយប់ បានធ្វេីការស្រាវជ្រាវឃាត់ខ្លូនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម(បាញ់សម្លាប់) នៅចំណុចមុខអគារ The Peak ផ្លូវក្រសួងការបរទេស ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ២៣:៤០នាទីយប់។
ជនសង្ស័យឈ្មោះ SWARTZ JOSEPH ហៅ VERNAZZA JASON ហៅ WILSON ALAN BRADLY ហៅ SPADER JAMES ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិអង់គ្លេស ទីលំនៅ និងមុខរបរមិនទាន់ដឹង។
វត្ថុតាងដកហូត៖ អាវុធខ្លី០១ដេីម ម៉ាក ruger ពណ៌ខ្មៅ, កាំបិតបត់០១ដេីម។
បច្ចុប្បន្នជនសង្ស័យ និងភស្តុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ដោយ៖សហការី